ភ្ញៀវទេសចរ សម្រុកទៅប្រទេសថៃ កកកុញពេញព្រលាន អាចបណ្តាលមកពីមូលហេតុធំៗ៣នេះ
Kan DaraSEPTEMBER 21 202315.7 K views

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ព្រលានយន្តហោះ Suvarnabhumi នាទីក្រុងបាំងកក ប្រទេសថៃ ពោរពេញទៅដោយភ្ញៀវទេសចរតម្រង់ជួរគ្នាណែនណាំតាន់តាប់ ខណៈពេលប្រទេសជាច្រើនមានភាពស្ងប់ស្ងាត់ពុំសូវមានភ្ញៀវធ្វើដំណើរតាមជើងហោះហើរ ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ១៩ កន្លងមក។

A

យ៉ាងណាមិញ ជុំវិញរឿងដ៏កម្រនេះ មូលហេតុដែលភ្ញៀវទេសចរ សម្រុកទៅប្រទេសថៃ អាចបណ្តាលមកពីកត្តាធំៗទាំង៣ ខាងក្រោម៖

១/. លើកលែងទិដ្ឋាការ

រដ្ឋាភិបាលថ្មីរបស់ថៃ បានប្រើយុទ្ធសាស្ត្រមិនចាំបាច់មានទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរជនជាតិចិន។ យុទ្ធសាស្ត្រនេះធ្វើឲ្យភ្ញៀវទេសចរពេញចិត្តជាខ្លាំង ដែលបង្កលក្ខណងាយស្រួល និងឱកាសឲ្យពួកគេអាចមកទស្សនាកម្សាន្តនៅប្រទេសថៃបាន។

/. ការផ្សព្វផ្សាយវប្បធម៌

ការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងប្រជាជាតិខ្លួនទៅកាន់ពិភពលោក គឺជាកាតព្វកិច្ចអាទិភាពមួយរបស់ប្រទេសថៃ។ ជាក់ស្តែង ថៃបានចំណាយលើប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណេតដែលត្រូវបានគេរំពឹងថានឹងកើនឡើង ៧% ពីឆ្នាំ២០២២ ដែលមានន័យថាការចំណាយឡើងដល់ ២៧.៤ ពាន់លានបាត ឬស្មើនឹង ៧៥៧,២៨២,៥៧០ដុល្លារ ក្នុងឆ្នាំ២០២៣នេះ។ ក្នុងនោះនៅខែកក្កដា ឆ្នាំ២០២៣ តម្លៃនៃការចំណាយលើការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ថៃមានចំនួនប្រមាណ ៥.៣ពាន់លានបាត ឬស្មើនឹង ១៤៦,៥៣០,២៦៦ ដុល្លារឯណោះ។

៣/. លទ្ធភាពធ្វើដំណើរកម្សាន្តក្រោយកូវីដ១៩

ប្រទេសថៃបានផ្តល់លក្ខខណ្ឌងាយស្រួលដល់ភ្ញៀវទេសចរបរទេសលើការធ្វើដំណើរតាមជើងហោះហើរ ដែលជាហេតុផ្តល់ឱកាសដ៏ល្អមួយសម្រាប់អ្នកចង់ធ្វើដំណើរកម្សាន្តទៅលេងក្រៅប្រទេស បន្ទាប់ពីការជាប់គាំងទាំងផ្នែកសុខសុវត្ថិភាពសុខភាពសាធារណៈ និងកត្តាសេដ្ឋកិច្ច អស់រយៈពេលជាច្រើនឆ្នាំ។ មិនតែប៉ុណ្ណោះ ចំពោះការចាយវាយលើការហូបចុក ស្នាក់នៅ និងមធ្យោបាយធ្វើដំណើរក្នុងប្រទេសនេះក៏អំណោយផលដល់អ្នកមានជីវភាពសមល្មមផងដែរ។

Q

គួរជម្រាបផងដែរថា វិស័យទេសចរណ៍ គឺជាវិស័យមួយដ៏សំខាន់នៅក្នុងប្រទេសថៃ ដែលមានស្ទើរតែ ២០% នៃផលិតផលក្នុងស្រុកសរុប។ យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ថៃបានឲ្យដឹងថា ប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសចំនួន ១៩លាននាក់ ចាប់ពីខែមករា ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានបង្កើតប្រាក់ចំណូលប្រមាណ ៧៩៥ ពាន់លានបាត ឬស្មើនឹង ២២.២៦ ពាន់លានដុល្លារ។ ចំនួននេះកំពុងបង្ហាញសញ្ញានៃភាពប្រសើរឡើងវិញចំពោះស្ថានភាពទេសចរណ៍ក្នុងស្រុក ក្រោយរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩៕

W

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia