បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍ផ្លូវធំៗនៅកម្ពុជាកំពុងមានច្រើន ទាំងផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងផ្លូវទឹកជាដើម។ គោលដៅនៃការធ្វើផ្លូវទាំងនេះ គឺដើម្បីសម្រួលដល់ការដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រទេសជាតិរីកចម្រើន។ ថ្មីៗនេះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើង នូវគម្រោងចំនួន៩នៅកម្ពុជា ដែលក្រសួងកំពុងដំណើរការសាងសង់ ខណៈវាជាផ្នែកដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសសម្រួលដល់ការធ្វើដំណើរ។
ជាក់ស្ដែងកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ABC) ដឹកនាំដោយឯកឧត្ដម ឯកអគ្គរដ្ឋទូត MiChael W.Chalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ ដែលបានកំពុងអនុវត្ត និងគម្រោងសាងសង់នាពេលអនាគតទាំង ៩ នោះដូចខាងក្រោម៖
១.គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ពីពីរគន្លងទៅបួនគន្លងជាផ្នែកមួយនៃអាស៊ានហាយវ៉េ ដើម្បីតភ្ជាប់កម្ពុជាជាមួយបណ្ដាប្រទេសជិតខាង។
២.គម្រោងស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំនេះ។
៣. គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ដែលជាផ្លូវល្បឿនលឿនទី២ នៅកម្ពុជា។
៤.គម្រោងកសាងចំណតផែកុងតឺន័រថ្មីដំណាក់កាលទី១ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ដែលអនុញ្ញាតឱ្យនាវាធំៗលើពិភពលោកចូលចត និងដឹកជញ្ជូនទំនិញទៅកាន់បណ្តាប្រទេសនានាលើពិភពលោក ជាពិសេសសហរដ្ឋអាមេរិក។
៥. គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវ ជាតិលេខ៤ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម។
៦.គម្រោង សិក្សាអំពីការធ្វើទំនើបកម្មផ្លូវដែកដែលមានស្រាប់ឱ្យទៅជាផ្លូវដែកល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅកាន់ ប្រទេសថៃ និងទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ឬសិក្សាប្រព័ន្ធផ្លូវដែកថ្មី។
៧. គម្រោងសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងដឹកជញ្ជូនតាមផ្លូវទឹកត្រង់ពីទន្លេបាសាក់ រាជធានីភ្នំពេញឆ្ពោះទៅកាន់កំពង់ផែឆ្នេរសមុទ្រខេត្តកែប ដែលអាចឱ្យកម្ពុជាដឹកជញ្ជូនទំនិញទៅក្រៅប្រទេស និងជួយកាត់បន្ថយថ្លៃដើមទំនិញ និងចំណេញពេលវេលា។
៨.គម្រោងសាងសង់កំពង់ផែកំពត ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ។
និងទី ៩. គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្ភុភារកម្មភ្នំពេញ(PPLC) ដើម្បីជួយធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធភស្តុភារកម្ម និងការដឹកជញ្ជូនរបស់កម្ពុជា៕
នៅពេលគម្រោងដែលបានរៀនរាប់ទាំង ៩ ខាងលើសម្រេចរួចរាល់ នោះវានឹងចូលរួមជួយសម្រួលដល់ធ្វើការ កាត់បន្ថយការចំណាយ និងពេលវេលាផងដែរ៕
អត្ថបទដោយ: ណើរ ជីណា