7-Eleven មានន័យថា “មួយសប្តាហ៍ពេញ ២៤ម៉ោងក្នុង១ថ្ងៃ បើកមិនចេះបិទ” ពោលគឺបើកបម្រើភ្ញៀវដោយមិនសម្រាកនោះទេ អតិថិជនត្រូវការពេលណាក៏បាន។
ពិតណាស់នៅពេលចង់ទទួលទានអាហាររហ័ស បងប្អូនមួយចំនួននឹងនឹកដល់ម៉ាតដែលពោរពេញទៅដោយអាហារសម្រន់សម្បូរបែបដូចជា 7-Eleven មិនខាន ខណៈយីហោនេះមានជាង១៧ម៉ឺនសាខា នៅ១៩ប្រទេសរួមមានទាំងកម្ពុជាយើងដែរ។
យ៉ាងណាមិញយើងងាកមកស្គាល់ នាយកប្រតិបត្តិ 7‑Eleven គឺ លោក Joe DePinto ដែលកំពុងកាន់កាប់សាខា 7‑Eleven នៅជុំវិញពិភពលោកនិងសាខាចំនួន១៥០០០នៅអាមេរិកខាងជើង។
មុនពេលត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃ 7-Eleven, Inc. ក្នុងឆ្នាំ២០០៥។ លោក Joe ក៏ធ្លាប់ជាប្រធាននៃក្រុមហ៊ុនសាជីវកម្ម GameStop កាន់មុខតំណែងប្រតិបត្តិនៅក្រុមហ៊ុន PepsiCo, Inc. និង Thornton Oil Corporation ផងដែរ។
មានដើមកំណើតមកពីទីក្រុង Chicago រដ្ឋ Illinois លោក Joe បានសិក្សានិងទទួលបរិញ្ញាបត្រផ្នែកគ្រប់គ្រងវិស្វកម្មពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនៅ West Point និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាលាគ្រប់គ្រង Kellogg នៅសាកលវិទ្យាល័យ Northwestern ។
នាពេលបច្ចុប្បន្ននេះលោក Joe DePinto គឺជានាយកប្រតិបត្តិនិងជានាយកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Seven & i Holdings Co., Ltd នៃ7-Eleven, Inc.និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Brinker International ដែលជាក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មលើបដិសណ្ឋារកិច្ច មានភោជនីយដ្ឋានល្បីៗធំៗជាច្រើននៅអាមេរិក។
គួរបញ្ជាក់ថាយីហោ 7-Eleven បានបង្កើតឡើងនៅឆ្នាំ១៩២៧ ដំបូងឡើងជារោងចក្រផលិតទឹកកកដែលមានឈ្មោះថា Scotland Ice។
បច្ចុប្បន្នមានទីស្នាក់កណ្តាលនៅទីក្រុង Irving, រដ្ឋតិចសាស់សហរដ្ឋអាមេរិក។ គិតត្រឹមឆ្នាំ២០២១ យីហោនេះមានបុគ្គលិកចំនួន១៣ម៉ឺននាក់នៅអាមេរិក ហើយសព្វថ្ងៃយីហោ7-Eleven ក៏ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនជប៉ុនមួយឈ្មោះថា Seven-Eleven Japan ផងដែរក្រោយគេបានធ្វើការទិញភាគហ៊ុនពាក់កណ្តាលពីក្រុមហ៊ុនអាមេរិក នៅឆ្នាំ២០០៥៕
អត្ថបទដោយ៖ ពីង ជូអេង