២០២៣ជិតចប់ តែសេដ្ឋកិច្ចនៅទ្រឹង! ទាំងនេះជាប.ញ្ហាធំបំផុត៥ លើពិភពលោក ដែលអ្នកគួរដឹង
SOKLY SONOVEMBER 1 20232.5 K views

សេដ្ឋកិច្ចឆ្នាំ២០២៣ មានលក្ខណៈទ្រឹង ដែលបង្កជាការបារម្ភជាខ្លាំងពីសំណាក់មនុស្សគ្រប់គ្នា ជុំវិញពិភពលោកយើងទាំងមូល។ ក្នុងនាមជាមនុស្សដែលរស់នៅក្នុងសង្គមមួយនេះវាពិតជាចាំបាច់ណាស់នៅក្នុងការដែលដឹងពីស្ថានភាពបញ្ហាសកលលោក ថាតើកំពុងមានរឿងអ្វីកើតឡើងខ្លះ។

 

ខាងក្រោមនេះជាបញ្ហាធំៗទាំង៥ ដែលកំពុងកើតមាននៅក្នុងឆ្នាំ២០២៣ ដែលជាទិន្នន័យរបស់ គេហទំព័រ World Impact Guide គិតត្រឹមខែមេសា ឆ្នាំ២០២៣៖

 

១. ជំងឺរាតត្បាត៖ ជំងឺរាតត្បាតមួយនេះបានចាប់ផ្ដើមរីករាលដាលតាំងពីអំឡុងចុងឆ្នាំ២០១៩ យោងតាមរបាយការណ៍ពី WHO ជំងឺរាតត្បាត COVID-19 បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦.៨៨៧.០០០នាក់ ដែលភាគច្រើនសុទ្ធតែជាធនធានមនុស្សរបស់សង្គម។ ជំងឺដ៏សាហាវមួយនេះ សំងំស៊ីរូងបំផ្លាញគ្រឹះសេដ្ឋកិច្ច ផ្ដាច់វិស័យទេសចរណ៍ និងធ្វើឱ្យពាណិជ្ជកម្មរបស់ប្រទេសជាច្រើននៅលើសកលលោកប្រឈមនឹងបញ្ហា។

 

២. ការកើនឡើងសីតុណ្ហភាពសកល៖ សកម្មភាពមនុស្សធ្វើឱ្យផែនដីកើនឡើងកម្ដៅ។ របាយការណ៍បង្ហាញថា រយៈពេល៩ឆ្នាំចុងក្រោយនេះ ជាពេលដែលកម្ដៅកើនឡើងខ្លាំងបំផុត។ យោងតាមអង្គការណាសា (NASA) បានឱ្យដឹងថាសីតុណ្ហភាពជាមធ្យមរបស់ពិភពលោកបានកើនឡើងជិត 1.9° Fahrenheit “អង្សាហ្វារិនហៃ) (ប្រមាណ -16.72 Celsius “0C” អង្សាសេ)  ចាប់តាំងពីឆ្នាំ១៨៨០។ ហើយកម្ដៅបានហក់ឡើងខ្លាំងចាប់តាំងពី ឆ្នាំ១៩៧៥មក។

 

ការស្រាវជ្រាវបានបង្ហាញផងដែរថា សូម្បីតែការប៉ះទង្គិចតូចមួយនៃមធ្យមភាគសកលក៏បង្កើនភាពធ្ងន់ធ្ងរនៃព្រឹត្តិការណ៍អាកាសធាតុដូចជាព្យុះ និងគ្រោះរាំងស្ងួត ខណៈពេលដែលទឹកកករលាយវាបង្កើនកម្រិតនីវ៉ូទឹកសមុទ្រ ដែលបង្កការគំរាមកំហែងដល់ឆ្នេរសមុទ្រ និងកោះ។

 

៣. អន្តិសុខស្បៀងអាហារ៖  យោងតាមកម្មវិធីស្បៀងអាហារពិភពលោក មនុស្សប្រហែល ៣៤៥លាននាក់អាចប្រឈមនឹងបញ្ហាអន្តិសុខស្បៀងអាហារនៅក្នុងឆ្នាំ២០២៣។ មូលហេតុធំបំផុតនៅពីក្រោយបញ្ហាកង្វះស្បៀងគឺដោយសារតែ ការប្រែប្រួលអាកាសធាតុ។ ហើយក្នុងនោះ ជម្លោះឬសង្រ្គាមក៏ឈរជើងជាមូលហេតុប្រឈមធំមួយផងដែរ (៧០% នៃប្រជាជនដែលរស់នៅក្នុងភាពអត់ឃ្លានគឺមកពីកន្លែងដែលរងគ្រោះដោយសង្គ្រាម)។

 

៤. ការគំរាមកំហែងដល់ជនភៀសខ្លួន៖ យោងតាមអង្គការសហប្រជាជាតិ មានមនុស្សជិត ៩០លាននាក់ ត្រូវបានជម្លៀសខ្លួនដោយបង្ខំនៅចុងឆ្នាំ២០២១។ បញ្ហាបម្រែបម្រួលអាកាសធាតុ និងសង្គ្រាមគឺជាមូលហេតុចម្បងដែលនាំឱ្យមានជនភៀសខ្លួនកាន់តែច្រើន ហើយ ៨៦%នៃជនភៀសខ្លួនទាំងអស់សម្រុកទៅស្វែងរកទីជម្រកនៅតំបន់កំពុងអភិវឌ្ឍន៍។

 

យ៉ាងណាមិញ របាយការណ៍ពី​អង្គការលើកលែងទោសអន្តរជាតិកាណាដា បានឱ្យដឹងថា ប្រទេសអ្នកមាន បរាជ័យនៅក្នុងការការពារ និងទទួលយកជនភៀសខ្លួនទាំងអស់នោះ។ ជនភៀសខ្លួនទាំងអស់សុទ្ធតែត្រូវប្រឈមជាមួយនឹងហានិភ័យខ្ពស់ចំពោះការជួញដូរមនុស្ស ការរំលោភផ្លូវភេទ និងការរំលោភសិទ្ធិមនុស្សថែមទៀតផង។

 

៥. វិសមភាពយេនឌ័រ៖ វិសមភាពយេនឌ័រគឺជាបញ្ហាពហុមុខដែលប៉ះពាល់ដល់រឿងជាច្រើនផ្នែកដូចជា ការអប់រំ តំណាងនយោបាយ ការងារ ប្រាក់ចំណូល សិទ្ធិស្របច្បាប់ ។ល។ យោងតាមការប៉ាន់ប្រមាណរបស់ UN Women បានឱ្យដឹងថា «ពិភពលោកទាំងមូល ឃ្លាតឆ្ងាយពីគោលដៅនៃការសម្រេចបាននូវសមភាពយេនឌ័រ រហូតដល់ទៅ ៣០០ឆ្នាំ»។ មូលហេតុគឺដោយសារតែ ជំងឺរាតត្បាតកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់វឌ្ឍនភាពជាច្រើន ដែលពិភពលោកខំសន្សំអស់ពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

 

បើតាម អង្គការ Oxfam បានឱ្យដឹងថែមទៀតថា​ ជំងឺរាតត្បាតបានរុញច្រានស្រ្ដី និងកុមារប្រហែល ៤៧លាននាក់ ឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រខ្លាំង ខណៈដែលការស្លាប់របស់មាតាបានកើនឡើងពី ៨% ទៅ ៣៩% នៅក្នុងប្រទេសដែលមានចំណូលទាបនិងមធ្យម។ ក្នុងនោះសូម្បីតែនៅក្នុងប្រទេសដែលមានការងើបឡើងវិញសមរម្យក៏ដោយ ក៏ស្ត្រីមានការអភិឌ្ឍន៍យឺតជាងដែរ។

 

សូមជម្រាបផងដែរថា ការដែលលើកឡើងពីបញ្ហារបស់សកលលោកយកមកនិយាយ មិនមែនជាការបំភ័យទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរឡើយ។ ប៉ុន្តែក្នុងនាមជាមនុស្សដែលរស់នៅក្នុងសកលលោកមួយនេះ គ្រប់គ្នាគួរតែស្វែងយល់ឱ្យបានច្រើន មិនថាជាការរីកចម្រើន ឬជាបញ្ហាឡើយ។ ដឹងកាន់តែច្រើន គំនិតកាន់តែទូលាយ ជួយឱ្យងាយបត់ខ្លួនឱ្យទាន់សង្គមមួយនេះ៕

 

អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia