ដល់ពេលហើយ ដែលបងប្អូនប្រជាជនខ្មែរគួរតែងាកមកជួយផ្សព្វផ្សាយនិងចូលរួមទិញផលិតផលខ្មែរទាំងអស់គ្នា ខណៈក្រសួងទេសចរណ៍ បានសហការជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីបង្កើតនូវគម្រោងមួយឈ្មោះថា “ភូមិខ្មែរអ្នកធ្វើ” ដែលជាផ្សារទេសចរណ៍ខ្មែរមួយបង្កើតឡើងក្នុងគោលបំណងជួយជម្រុញសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប និងការអភិវឌ្ឍផលិតផលទេសចរណ៍ផងដែរ។
ចំពោះគម្រោង "ភូមិខ្មែរអ្នកធ្វើ" ផ្សារទេសចរណ៍ខ្មែរនេះដែរ នឹងមានការប្រមូលផ្ដុំដោយផលិតផលក្នុងស្រុក ដែលសុទ្ធសឹងតែជាស្នាដៃរបស់បងប្អូនខ្មែរយើងនៅតាមមូលដ្ឋានដូចជា បន្លែ ផ្លែឈើ សម្ភារៈប្រើប្រាស់ វត្ថអនុស្សាវរីយ៍ ម្ហូបអាហារប្រចាំតំបន់ សេវាកម្ម ផ្សេងៗទៀត នឹងមកប្រមូលផ្ដុំគ្នានៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កា ម៉ល ឆាប់ៗខាងមុខនេះ។
អ្វីដែលកាន់តែអស្ចារ្យ និងមានអារម្មណ៍មោទនភាពខ្លាំងជាងនេះទៅទៀតនោះ គម្រោងមួយនេះមិនមែនគ្រាន់តែជាផ្សារលក់ផលិតផលខ្មែរធម្មតានោះទេ មានទាំងការបញ្ចូលជាមួយនឹងស្ថាបត្យកម្មដែលមានរចនាបទបែបខ្មែរ សិល្បៈ វប្បធម៌ ប្រពៃណីដែលជាអត្តសញ្ញាណជាតិខ្មែរថែមទៀតផង។
យ៉ាងណាមិញ ដើម្បីឱ្យគម្រោង “ភូមិខ្មែរអ្នកធ្វើ” កាន់តែល្បីល្បាញទៅដល់ភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិបានឃើញថាខ្មែរពិតជាពូកែ ហើយវប្បធម៌ខ្មែរគឺពិតជាអស្ចារ្យសូមបងប្អូនដែលជា KOL ល្បីៗឬប្រជាជនកម្ពុជាទាំងអស់ដែលមាន Tik Tok និង Facebook ហើយមាន Follower ច្រើន សូមចូលរួមជួយប្រូម៉ូតផ្សារខ្មែរ ផលិតផលខ្មែរ សេវាកម្មខ្មែរ ទាំងអស់គ្នាដោយបងប្អូនអាចចុះឈ្មោះតាមរយៈ Link “ចុះឈ្មោះជួយប្រម៉ូតភូមិខ្មែរអ្នកធ្វើ” នេះបាន។
គួរជម្រាបថា គម្រោង “ភូមិខ្មែរអ្នកធ្វើ” នឹងបើកដំណើរការនៅខែកញ្ញា ឆ្នាំ២០២៥នេះនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កា ម៉ល សង្ឃឹមថាបងប្អូនខ្មែរយើងនឹងចូលរួមគាំទ្រ។ ព័ត៌មានបន្ថែមសូមតាមដាន ឬទាក់ទងទៅកាន់ហ្វេសប៊ុកផេក ភូមិខ្មែរអ្នកធ្វើ-Phum Khmer Nak Tver ឬ Chip Mong 271 Mega Mall និង Chip Mong Super Market។