មែនទែនទៅយើងធ្លាប់តែដឹងថាអគារខ្ពស់ៗភាពច្រើនគឺសុទ្ធសឹងតែធ្វើអំពីថ្មឬក៏ដែកជាដើម មិនដែលលឺថាមានអគារខ្ពស់សង់ពីឈើនោះទេ បើមានក៏មានដឹងត្រឹមដាអាចសង់បានមួយជាន់ឬក៏ពីរជាន់តែប៉ុណ្ណោះ ។ ប៉ុន្តែអ្នកដឹងទេថា ជាមួយនឹងបច្ចេកវិទ្យាទំនើប មានអាគារខ្ពស់ៗជាច្រើន ធ្វើចេញឈើ។
យោងតាមការដកស្រង់ចេញពីគេហទំព័រ Construction Review Online បានបង្ហាញពីអគារខ្ពស់ទាំង៥ ដែលសង់អំពីឈើមានកម្ពស់មិនក្រោម១០ជាន់៖
១.អគារ Voll Arkitekter’s Mjøstårne នៅ Brumunddal នៃប្រទេសន័រវេ
អគារនេះមានកម្ពស់ ៨៥ ម៉ែត្រ ឬស្មើនឹង ១៨ ជាន់ ដែលជាអាគារសង់ពីឈើសុទ្ធខ្ពស់បំផុតនៅលើពិភពលោក ដោយបញ្ចប់ការសាងសង់កាលពីខែមីនា ឆ្នាំ ២០១៩។ អគារ Mjøstårnet ត្រូវបានសាងសង់ ដោយប្រើឈើប្រណីតបូកផ្សំនឹងបច្ចេកវិទ្យា Cross-laminated timber និង Glued laminated timber (ឬវិធីសាស្រ្តវិស្វកម្មដោយប្រើឈើមាំ តខ្វែងគ្នា ដើម្បីបង្កើតជាគ្រោងអគារ)។
២.អគារ Tall Wood Residence នៅទីក្រុងវ៉ាន់ខូវ័រ ប្រទេសកាណាដា
អគារនេះមានកម្ពស់ ៥៣ ម៉ែត្រ ឬស្មើនឹង ១៨ជាន់ ហើយត្រូវបានសាងសង់រួចរាល់កាលពីឆ្នាំ ២០១៧។ អគារនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន Acton Ostry Architects Inc នៃប្រទេសកាណាដា ក្រោមការពិគ្រោះយោបល់ជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀតដូចជាក្រុមហ៊ុន Fast + Epp ក្រុមហ៊ុន GHL Consultants Ltd និងក្រុមហ៊ុន Architekten Herman Kaufmann ជាដើម។ បច្ចុប្បន្ន អគារនេះប្រើជាអគារស្នាក់របស់និស្សិតសាកលវិទ្យាល័យ British Columbia ។
៣.អគារ The Tree នៅទីក្រុងបឺហ្គែន ប្រទេសន័រវេស
អគារ The Tree មានកម្ពស់ ៤៩ ម៉ែត្រ ឬស្មើនឹង ១៤ ជាន់។ រចនាសម្ព័ន្ធស្ទើរទាំងស្រុងធ្វើឡើងពីឈើប្រណីតដោយប្រើបច្ចេកវិទ្យា Glued laminated timber (ឬវិធីសាស្រ្តវិស្វកម្មដោយប្រើឈើមាំ តខ្វែងគ្នា ដើម្បីបង្កើតជាគ្រោងអគារ)។ យោងតាមអ្នកអភិវឌ្ឍន៍គម្រោង ការសាងសង់ពីឈើនេះ បានកាត់បន្ថយការបញ្ចេញកឧស្ម័នកាបូនឌីអុកស៊ីតបានយ៉ាងច្រើន។
៤. អគារ Dalston Lane នៅឡុងដ៍ នៃប្រទេសអង់គ្លេស
អគារនេះកម្ពស់ ៣៣ ម៉ែត្រ ឬស្មើនឹង១០ ជាន់ ដែលគ្រប់ៗជាន់ធ្វើចេញពីឈើប្រណីតដោយប្រើបច្ចេកវិទ្យា Cross-laminated timber (CLT)។ គម្រោងនេះត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិអង់គ្លេសឈ្មោះ Waugh Thistleton ដែលជឿជាក់ថានេះជាគម្រោងដែលប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត។
៥. អគារ Forte នៅទីក្រុងមែលប៊ន នៃប្រទេសអូស្ត្រាលី
អគារនេះមានកម្ពស់ ៣២ ម៉ែត្រ ឬស្មើនឹង ១០ជាន់ ដែលរចនា និងសាងសង់ឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ ដោយប្រើពេលត្រឹមតែ១១ ខែប៉ុណ្ណោះ។ ក្នុងឆ្នាំ ២០១២ អគារនេះ ចាត់ទុកថាជាអគារឈើដំបូងគេនៅអូស្រ្តាលី ដែលបានសាងសង់ចេញពីឈើប្រណីតដោយប្រើបច្ចេកវិទ្យា Cross-laminated timber (CLT) ទាំងស្រុង និងបានជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតបានជាង ១៤០០ តោន៕
អត្ថបទសោយ៖ ឌឿក ស្រី នុត