«តូចតែខ្លឹម ឆ្កឹះចំណង់ក្លាយជាជំនាញ ទាញចំណូលហូរចូលហោប៉ៅ»។ ខុសពីក្មេងដទៃដែលផ្តោតទៅលើការសិក្សាតែមួយមុខ និងការសប្បាយច្រើនដោយពុំបានចាប់អារម្មណ៍ចំពោះការស្វែងរកប្រាក់ចំណូល ក៏មានក្មេងជំទង់មួយចំនួនទៀតទទួលបានភាពជោគជ័យយ៉ាងខ្លាំងទៅលើអាជីវកម្ម។ ជាក់ស្តែងក្មេងជំទង់ទាំង៥រូបខាងក្រោមនេះ អាចរកចំណូលបានរហូតដល់ទៅរាប់លានដុល្លារចេញពីចំណង់ចំណូលចិត្ត និងជំនាញរបស់ខ្លួន៖
១/. Ashley Qualls
អាយុ១៤ឆ្នាំ នាងល្អិត Ashley Qualls បានបង្កើតគេហទំព័រមួយមានឈ្មោះថា whateverlife.com ក្នុងឆ្នាំ២០០៤ ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ជូនគំរូ Myspace និងការបង្រៀន HTML ដោយឥតគិតថ្លៃសម្រាប់មនុស្សដែលស្ថិតនៅក្នុងក្រុមអាយុជាមួយនាង។ គេហទំព័រនេះមានប្រជាប្រិយភាពខ្លាំងណាស់ដែលធ្វើឲ្យ Ashley Qualls ទទួលបាននូវការផ្តល់ជូនជាច្រើនដូចជា ប្រាក់ ១,៥លានដុល្លារ និងរថយន្តនៅក្នុងក្តីស្រមៃរបស់នាងពីអ្នកទិញអាមេរិក។
២/. John Koon
តើអ្នកជឿទេថា ក្មេងប្រុស John Koon បានបើកអាជីវកម្មលក់គ្រឿងបន្លាស់រថយន្តក្នុងទីក្រុងញូវយ៉ក នៅអាយុទើបតែ ១៦ឆ្នាំប៉ុណ្ណោះ។ ក្មេងប្រុសហៀបកំលោះ John Koon រកលុយបានរាប់លានដុល្លារនៅពេលដែលក្រុមហ៊ុនឈ្មោះថា Extreme Performance Motorsports បានក្លាយជាអ្នកផ្គត់ផ្គង់យ៉ាងសំខាន់មួយសម្រាប់កម្មវិធីបង្ហាញការពិតរបស់ទូរស្សន៍ MTV “Pimp My Ride”។ គាត់បានប្រើបណ្តាញសង្គមរបស់ខ្លួនដើម្បីចាប់ផ្តើមក្រុមហ៊ុនសម្លៀកបំពាក់ជាមួយអ្នករ៉េប Young Jeezy ដែលជួយឲ្យគាត់រកចំណូលបាន ៤០លានដុល្លារទាំងក្មេងល្ហក់។
៣/. Cameron Johnson
ក្នុងឆ្នាំ១៩៩៤ នាគ្រាមានវ័យ៩ឆ្នាំ ក្មេងប្រុសតូចច្រម៉ក់ Cameron Johnson បានបើកអាជីវកម្មដំបូងមានទីតាំងនៅផ្ទះរបស់គាត់ផ្ទាល់ ដែលជាក្រុមហ៊ុនប័ណ្ណស្វាគមន៍មួយឈ្មោះថា Cheers and Tears។ នៅពេលដែលការសិក្សាររបស់គាត់ឈានចូលដល់ថ្នាក់វិទ្យាល័យ Cameron Johnson បានផ្លាស់ប្តូរការផ្សព្វផ្សាយពាណិជ្ជកម្ម និងការអភិវឌ្ឍន៍កម្មវិធីតាមអ៊ីនធរណេតដែលធ្វើឲ្យគាត់មានប្រាក់ចំណូលប្រចាំខែប្រហែល ៤០ម៉ឺនដុល្លារ។
៤/. Adam Hildreth
លោក Adam Hildreth បានចាប់ផ្តើមក្រុមហ៊ុនដំបូងរបស់គាត់គឺ Dubit Limited ក្នុងឆ្នាំ១៩៩៩ នៅពេលគាត់មានអាយុ១៤ឆ្នាំ។ បណ្តាញសង្គម UK-based បានក្លាយជាគេហទំព័រមួយក្នុងចំណោមគេហទំព័រយុវវ័យធំបំផុតនៅក្នុងចក្រភពអង់គ្លេស ហើយឥឡូវនេះបានដាក់ទីផ្សាររបស់ខ្លួនជា ភ្នាក់ងារទីផ្សារយុវវ័យ ឬ “Youth Marketing Agency”។ ពេលនេះ Adam Hildreth គឺជាអ្នកដឹកនាំជាន់ខ្ពស់នៅពីក្រោយ Crisp Thinking ដែលជាក្រុមហ៊ុនជំនាញខាងបច្ចេកវិទ្យាការពារកុមារតាមអ៊ីនធរណេតសម្រាប់អ្នកផ្តល់សេវាអ៊ីនធរណេត (ISP’s)។
៥/. Evan of YouTube
ដោយមានជំនួយពីឪពុកម្តាយ កុមារា Evan បានចាប់ផ្តើមបង្កើតសិ៍្តយូធូប ឬ (YouTube Channel) ក្នុងវ័យ៨ឆ្នាំ ដោយដាក់ឈ្មោះថា EvanTube ដើម្បីផលិតវីឌីអូផ្តោតលើការពិនិត្យមើលប្រដាប់ប្រដាលក្មេងលេង និងពិភាក្សា ឬនិយាយរឿងសម្រាប់ក្មេងដែលមានវ័យប្រហាក់ប្រហែលនឹង Evan។ ឆានែលនេះនាំមកនូវប្រាក់ចំណូលប្រហែល ១,៣លានដុល្លារជារៀងរាល់ឆ្នាំ។
យ៉ាងណាមិញ អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ ចូរចាប់ផ្តើមជាមួយអ្វីដែលអ្នកកំពុងមានក្នុងដៃនាពេលនេះ ដើម្បីសម្រេចក្តីស្រមៃដែលអ្នកចង់បានក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)