ជំនាញស្មើនឹងចំណូល ដែលមានន័យថា ពេលណាដែលអ្នកមានជំនាញកាន់តែច្រើន កាន់តែលេចធ្លោ នោះអ្នកនឹងមានឱកាសរកចំណូលបានកាន់តែច្រើនផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់គឺ អ្នកចាំបាច់ត្រូវជ្រើសរើសនូវជំនាញ ដែលត្រូវជាមួយនឹងភាពខ្លាំងរបស់អ្នក ត្រូវនឹងទីផ្សារ និងត្រូវជាមួយនឹងបេះដូងរបស់ខ្លួនឯងផង ដើម្បីអាចឱ្យអ្នកអាចទាញចំណូលជាអតិបរិមា ត្រឡប់មកវិញ។ ខាងក្រោមនេះគឺជាជំនាញចំណូលខ្ពស់ទាំង ១០ ដែលអ្នកគួរជ្រើសរើសរៀន ដើម្បីអាចមានឱកាសរកចំណូលបានរាប់ពាន់ដុល្លារត្រឡប់មកវិញ បើសិនជាអ្នកផ្ដោតឱ្យខ្លាំង និងធ្វើវារហូតលេចធ្លោ ចេញលទ្ធផល៖
១. ជំនាញតែងនិពន្ធសៀវភៅ
ការវិនិយោគដែលអាចផ្ដល់ផលចំណេញច្រើនបំផុតនៅលើផែនដីនេះ គឺការវិនិយោគលើខួរក្បាលខ្លួនឯង។ ចំណេះដឹងដ៏ល្អបំផុតមួយដែលមនុស្សស្រូបយកមកអភិវឌ្ឍន៍ខ្លួននោះគឺតាមរយៈការអានសៀវភៅ។ អាស្រ័យហេតុនេះហើយ បានជាអ្នកចាំបាច់ត្រូវតែធ្វើខ្លួនជាអ្នកនិពន្ធសៀវភៅដែលល្អ ត្រូវនឹងបញ្ហា និងតម្រូវការអតិថិជនក្នុងទីផ្សារ នោះអ្នកនឹងអាចចែករំលែកទាំងចំណេះ និងអាចរកចំណូលយ៉ាងត្រជាក់មកវិញផងដែរ។ នៅបណ្ដាប្រទេសអភិវឌ្ឍន៍ មានសេដ្ឋីជាច្រើននាក់ណាស់ ដែលក្លាយជាសេដ្ឋីដោយសារតែការនិពន្ធសៀវភៅ។ ចង់អភិវឌ្ឍន៍ខ្លួនជាមួយខ្ញុំ សូមចុចទីនេះ ( https://t.me/LongVathanakOfficial )
២. ជំនាញហិរញ្ញវត្ថុ
មនុស្សម្នាក់ ដែលមិនទាន់មានលុយ ប៉ុន្តែបើសិនជាគាត់មានជំនាញហិរញ្ញវត្ថុ នោះគាត់នឹងដឹងពីផ្លូវដើម្បីរកលុយ ដឹងពីប្រភពលុយ ដឹងពីផ្លូវដើម្បីចាត់ចែង សន្សំ វិនិយោគ និងចេះបំប្លែងលុយ១កញ្ចប់ ឱ្យក្លាយជាលុយ១០កញ្ចប់បានផងដែរ។ ផ្ទុយទៅវិញ មនុស្សដែលគ្មានជំនាញហិរញ្ញវត្ថុ គឺអាចឱ្យអ្នកខាតបង់ប្រាក់ ឬបាត់បង់ទ្រព្យសម្បត្តិដែលកំពុងមាន ខ្លះទៀតផុងក្នុងបំណុលក៏មាន ព្រោះតែគាត់គ្មានចំណេះ ជំនាញហិរញ្ញវត្ថុ។
៣. ជំនាញលក់
ការលក់ ស្មើនឹងលុយ មានន័យថាពេលណាដែលអ្នកអាចលក់ផលិតផល សេវាកម្មបានច្រើនប៉ុណ្ណា អ្នកក៏អាចរកចំណូលបានច្រើនប៉ុណ្ណោះដែរ។ ជំនាញលក់ គឺអ្នកអាចរៀនសូត្របានពីការងារ ពីការស្រាវជ្រាវអ៊ីនធឺណែត ពីការអនុវត្តផ្ទាល់ដោយខ្លួនឯង ឬពីគ្រូដែលមានជំនាញវិជ្ជាជីវខ្ពស់ណាមួយផងដែរ។ បើយើងសង្កេតមើលឱ្យមែនទែន មនុស្សដែលពូកែលក់ គឺជាដែលមានលុយច្រើន ឬជាអ្នកមាន។
៤. ជំនាញឌីជីថលម៉ាឃីតធីង
ការរកស៊ីបច្ចុប្បន្ន ការធ្វើទីផ្សារតាមបែបប្រពៃណី មិនទាន់គ្រប់គ្រាន់ និងមិនមានប្រសិទ្ធភាពខ្លាំងនោះទេ។ អាស្រ័យហេតុនេះ បានជាអាជីវកម្មជាច្រើន ចាំបាច់រុញអាជីវកម្មខ្លួនចូលក្នុងការធ្វើទីផ្សារបែបថ្មី ឬឌីជីថលម៉ាឃីតធីង។ បើសិនជាអ្នកមានជំនាញបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់បណ្ដាញសង្គមនានាច្បាស់លាស់ និងអាចដឹងពីគន្លឹះក្នុងការផ្សព្វផ្សាយផលិតផលនានាឱ្យគេស្គាល់ ឱ្យលក់ដាច់ច្រើន នោះអ្នកនឹងអាចមានឱកាសច្រើន រកចំណូលបានខ្ពស់ពីជំនាញមួយនេះ។
៥. ជំនាញអចលនទ្រព្យ
វិស័យអចលនទ្រព្យនៅកម្ពុជា គឺរីកចម្រើនខ្លាំងណាស់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែក៏មានអចលនទ្រព្យជាច្រើនដែលបានសាងសង់រួច បែរជាលក់មិនចេញផងដែរ។ អាស្រ័យហេតុនេះ បើសិនជាអ្នកអាចអភិវឌ្ឍន៍ខ្លួនឯងឱ្យមានជំនាញខ្ពស់លើការលក់គម្រោងអចលនទ្រព្យឱ្យក្រុមហ៊ុននានា នោះអ្នកអាចមានឱកាសរកចំណូលបានច្រើនបំផុត។ អ្វីដែលអ្នកកសាងគឺត្រូវពង្រឹងជំនាញលក់ ជំនាញដឹកនាំ ចំណេះដឹងក្នុងវិស័យអចលនទ្រព្យ ជំនាញកសាងក្រុម និងជំនាញបច្ចេកវិទ្យាសំខាន់ៗមួយចំនួន។ បើសិនអ្នកក្លាយជាអ្នកជំនាញខាងជួយលក់គម្រោងអចលនទ្រព្យ មិនខ្វះទេក្រុមហ៊ុនដែលទាក់ទងមកឱ្យអ្នកជួយលក់អចលនទ្រព្យឱ្យ។ មួយវិញទៀត ក្នុងគ្រាមានវិបត្តិបែបនេះ គឺអ្នកអាចមានឱកាសប្រមូលទិញអចលនទ្រព្យក្នុងតម្លៃថោកៗ និងអាចបញ្ចេញទៅវិញ នៅពេលសេដ្ឋកិច្ចងើបឡើងវិញផងដែរ។
៦. ជំនាញវិនិយោគ
ពេលដែលអ្នកនៅខ្សោយជំនាញហិរញ្ញវត្ថុ អ្នកត្រូវលក់កម្លាំង លក់ពេលវេលាដើម្បីប្ដូរមកជាប្រាក់ខែ ឬប្រាក់ចំណូល។ ប៉ុន្តែពេលដែលអ្នកមានទុនសមល្មមហើយ អ្នកត្រូវខំពង្រឹងជំនាញវិនិយោគ ដើម្បីអាចឱ្យលុយដែលអ្នករកបាន វាអាចបង្កើតកូនបង្កើតចៅលុយឱ្យអ្នកម្ដង។ អ្នកអាចយកលុយដែលអ្នកសន្សំបានទៅវិនិយោគលើអ្វីដែលអ្នកយល់ ឬមានជំនាញពីវា និងមានសក្ដានុពលខ្ពស់ នោះវានឹងផ្ដល់ចំណូលជាច្រើនមកឱ្យអ្នកវិញ។ ប៉ុន្តែការវិនិយោគគឺមានហានិភ័យខ្ពស់ផងដែរ ប្រសិនបើអ្នកមិនមានជំនាញគិតវិភាគ និងវិនិយោគលើក្រុមហ៊ុនមិនស្របច្បាប់ គ្មានជំនាញច្បាស់លាស់ ឬជាមួយបុគ្គលដែលគ្មានជំនាញ និងគ្មានភាពស្មោះត្រង់។ ដូច្នេះមុននឹងវិនិយោគលើអ្វីមួយត្រូវគិតឱ្យបានច្បាស់លាស់ដើម្បីជៀសវាងខាតបង់ដើមទុនដែលជាកម្លាំងញើសឈាមរបស់អ្នករាប់ឆ្នាំ។
៧. ជំនាញបង្កើតវគ្គសិក្សាអនឡាញ
មនុស្សប្រើទូរស័ព្ទដៃកាន់តែច្រើន កុំព្យូទ័រកាន់តែច្រើន ហើយវាក៏ជាឱកាសល្អបំផុតក្នុងការផ្ដល់នូវវគ្គសិក្សាពិសេសៗ តាមអនឡាញ ដែលជួយឱ្យអ្នកចំណេញថវិកា ចំណេញថាមពល ពេលវេលា និងអាចមានឱកាសពង្រីកវាបានទូលំទូលាយផងដែរ។ បើសិនជាអ្នកមានជំនាញឯកទេសពិសេសណាមួយ ដែលលេចធ្លោ គឺអ្នកគួរតែគិតលើការបង្កើតវគ្គសិក្សាល្អតាមអនឡាញ ព្រោះវាអាចឱ្យអ្នករកចំណូលបានច្រើន។ ការលក់វគ្គសិក្សាតាមអនឡាញនេះ គឺពិតជាពេញនិយមខ្លាំងនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ និងអាចជួយឱ្យអ្នកបង្កើតអាចរកចំណូលបានរាប់លានដុល្លារទៀតផង។
៨. ជំនាញឌីហ្សាញ
ដូចជម្រាបជូនខាងលើ សម័យឌីជីថល ការផុសរូបផ្សព្វផ្សាយតាមបណ្ដាញសង្គម និងការឌីហ្សាញរូបភាពសម្រាប់ការធ្វើទីផ្សារ គឺពិតជាមានតម្រូវការខ្ពស់។ ដូច្នេះបើសិនជាអ្នកមានជំនាញឌីហ្សាញឡូហ្កូ រូបភាព នានាប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ វាជាឱកាសដែលអ្នកអាចស្រូបចំណូលបានរាប់ពាន់ដុល្លារផងដែរ។
៩. ជំនាញផលិតមាតិកាវីដេអូ
ក្នុងសម័យឌីជីថលនេះ វីដេអូរាប់លានត្រូវបានផុសចូលក្នុងអ៊ីនធឺណែតជារៀងរាល់ថ្ងៃ ហើយអ្នកដែលពូកែកាត់ត វីដេអូ ក៏មានតម្រូវការខ្ពស់ផងដែរនៅក្នុងទីផ្សារ។ ជំនាញនេះត្រូវការការអត់ធ្មត់ គំនិតច្នៃប្រឌិត និងការស្រលាញ់ចូលចិត្តទើបអាចធ្វើវាជោគជ័យ។ បើសិនជាអ្នកមានជំនាញផលិតមាតិការវីដេអូ អ្នកអាចរកចំណូលបានច្រើនប្រភពដូចជា៖ ជួយផ្សព្វផ្សាយឱ្យក្រុមហ៊ុននានា អាចលក់ផលិតផលខ្លួនឯង អាចទាញចំណូលពីហ្វេសប៊ុក យូធូប និងប្រភពធំៗមួយចំនួនថែមទៀត។
១០. ជំនាញប្រឹក្សាយោបល់
លោកតា ក្រម ង៉ុយ ធ្លាប់ពោលថា បើចេះប្រាកដប្រាក់រត់តាមហៅ។ ដូច្នេះពេលកំពុងធ្វើការឱ្យគេអ្នកត្រូវកសាងជំនាញខ្លួនឯងឱ្យខ្លាំងរហូតដល់អ្នកមានជំនាញច្បាស់លាស់លើអ្វីដែលអ្នកកំពុងធ្វើ។ បន្ទាប់មកចូរកសាងប្រ៊ែនខ្លួនឯងឱ្យគេទទួលស្គាល់ និងអាចយកចំណេះជំនាញដែលអ្នកមានច្នៃចេញជាសេវាកម្មប្រឹក្សាយោបល់លើចំណេះជំនាញដែលអ្នកចេះ ដែលអ្នកអាចផ្ដល់ការប្រឹក្សាឱ្យគេជាម៉ោង ឬនៅថ្ងៃចុងសប្ដាហ៍បាន។ ឧ. ប្រសិនបើសេវាប្រឹក្សាយោបល់តម្លៃ ៥០ដុល្លារក្នុង១ម៉ោង នោះត្រឹមតែ ២០ម៉ោងអ្នកអាចរកចំណូលបាន១ពាន់ដុល្លារ។
ជារួមមកវិញ នេះជាជំនាញចំណូលខ្ពស់ទាំង១០ ដែលអ្នកគួរតែសម្លឹងមើល។ បន្ថែមពីនោះបើសិនជាអ្នកអាចកសាងជំនាញខាងលើចាប់ពី២ឡើងទៅ វារឹតតែពិសេសបំផុត ព្រោះអនាគតគឺជាកម្មសិទ្ធរបស់អ្នកដែលចេះ ច្របាច់ជំនាញជាច្រើនបញ្ចូលគ្នាប្រកបដោយគំនិតច្នៃប្រឌិត។ បើសិនជាអ្នកចេះជំនាញកាន់តែច្រើន ហើយចេះសម្រួចវាឱ្យលេចធ្លោ កុំភ័យថាអ្នកនឹងក្រ រកចំណូលមិនបានខ្ទង់ពាន់ដុល្លារឱ្យសោះ៕ ចង់អភិវឌ្ឍន៍ខ្លួនជាមួយខ្ញុំ សូមចុចទីនេះ ( https://t.me/LongVathanakOfficial )