ត្រឹមរយៈពេល១២ខែចុងក្រោយ Mobile Legends អាចរកលុយបានជាង១ពាន់លានដុល្លារទូទាំងពិភពលោកពីការចំណាយរបស់អ្នកលេង ខណៈកីឡាអេឡិចត្រូនិកមួយនេះមានតម្លៃលើទីផ្សាររហូតដល់៤ពាន់លានដុល្លារឯណោះ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ Mobile Marketing Reads ចុះនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
យ៉ាងណាមិញ ក្រៅពីការកម្សាន្ត Mobile Legends ក៏បានផ្តល់ចំណូលរៀងក្រែលគួរសមដល់អ្នកចេះទាញប្រយោជន៍ពីវាផងដែរ។ ជាក់ស្តែងម្ចាស់ Channel YouTube ឈ្មោះ Gosu General Tv ដែលមានអ្នកជាវ (subscribers) ១.៧៤លាននាក់ អាចរកប្រាក់បានជាមធ្យមប្រមាណ ១,៤៨៥ដុល្លារ/១ថ្ងៃ, ១០,៣៩៦ដុល្លារ/១សប្ដាហ៍, ៤១,៥៨៤ដុល្លារ/១ខែ, ៦៥៥,១៧៦ដុល្លារ/១ឆ្នាំ និងរកចំណូលបានសរុប ២,០៤២,៦៤១ដុល្លារ រួមទាំងជាប់តំណែងជាអ្នក Live Streaming លេខមួយរបស់ហ្គេម Mobile Legends ថែមទៀតផង។ នេះយោងតាមការចុះផ្សាយរបស់គេហទំព័រ Start stat ចុះនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
គួរជម្រាបផងដែរថា Mobile Legends គឺជាហ្គេមសង្វៀនប្រយុទ្ធតាមអ៊ីនធឺណេតដែលមានអ្នកលេងជាមធ្យម ១៣៧,៧០០នាក់ក្នុងមួយថ្ងៃ។ ហ្គេមនេះអាចលេងដោយឥតគិតថ្លៃ ហើយអាចរកប្រាក់បានតែតាមរយៈការទិញ-លក់ទំនិញក្នុងហ្គេមដូចជាតួអង្គ និងសម្លៀកបំពាក់ជាដើម។ អ្នកលេងម្នាក់ៗអាចគ្រប់គ្រងតួអង្គដែលអាចជ្រើសរើសបាន ហៅថា Hero ដែលមានសមត្ថភាព និងលក្ខណៈប្លែកៗ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)