រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ TL Agri Food Import ដែលមានទុនវិនិយោគប្រមាណ ១,៥លានដុល្លារ នឹងបើកដំណើរការជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះហើយ ខណៈរោងចក្រនេះមានទីតាំងស្ថិតនៅស្រុកចម្ការលើ ខេត្តកំពង់ចាមដែលជារោងចក្របង្កើតឡើងកូនខ្មែរ១០០%។ នេះបើតាមការដកស្រង់ចេញពីទូរទស្សន៍ជាតិកម្ពុជា។
លោកឧកញ៉ា ឡាង ទីលាង អគ្គនាយក TL Agri Foods Import Export បានមានប្រសាសន៍ថារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់លោក ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណជា ២ហិតា ដែលគ្រោងនឹងបើកឱ្យដំណើរជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
នាពេលបច្ចុប្បន្ននេះ រោងចក្រ TL Agri Food Import បាននិងកំពុងដំណើរការដំឡើងគ្រឿងចក្របច្ចេកវិទ្យាទំនើបចុងក្រោយ ដែលមានសមត្ថភាពបកគ្រាប់ស្វាយចន្ទីខ្មែរ ៥០ តោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់លក់ក្នុងស្រុក និងនាំចេញទៅកាន់ពិភពលោក។ ក្រោយបើកឱ្យដំណើរការជាផ្លូវការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយនេះ គ្រោងនាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិមួយចំនួនដូចជា ទីផ្សារប្រទេសចិន ជប៉ុន អាមេរិក កូរ៉េ និងអឺរ៉ុប ជាដើម។
ជាមួយគ្នានោះដែរ អគ្គនាយក TL Agri Foods Import Export បានបង្ហើបថា រោងចក្រនេះគឺបានបើកដំណើរការក្នុងគោលបំណងសំខាន់ៗចំនួន៥ ដែលមានដូចជា៖
១. ជួយរក្សាតម្លៃឱ្យមានស្ថិរភាព ព្រោះរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីអាចជួយទិញគ្រាប់ស្វាយចន្ទីពីកសិករដោយផ្ទាល់ តម្លៃក៏មានស្ថិរភាពជាងមុន កសិករមិនចាំបាច់ពឹងផ្អែកលើឈ្មួញកណ្ដាល ឬអ្នកនាំចេញក្រៅប្រទេសដែលតែងតែបម្លែងតម្លៃឡើងចុះ។ មិនតែប៉ុណ្ណោះ ជាមួយនឹងតម្លៃដែលមានស្ថិរភាព កសិករក៏អាចមានប្រាក់ចំណូលបន្តិចបន្តួចប្រកបដោយភាពទៀងទាត់ និងអាចរៀបចំផែនការផលិតបានល្អជាងមុន។
២. ការបង្កើតការងារ ដោយសារតែរោងចក្រកែច្នៃត្រូវការកម្មករច្រើនសម្រាប់ដំណើរការផ្សេងៗ ដូចជា ការជ្រើសរើស ការកាត់សំបក ការក្រឡុក ការវេចខ្ចប់ និងការដឹកជញ្ជូនជាដើម ដែលនេះគឺបង្កើតជាឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសស្ត្រី និងយុវជននៅតាមតំបន់ជនបទ។ ក្រៅពីការងារក្នុងរោងចក្រ ក៏បង្កើតឱកាសការងារពាក់ព័ន្ធដទៃទៀតផងដូចជា ដឹកជញ្ជូន ផ្គត់ផ្គង់ និងសេវាសហគមន៍។
៣. បង្កើតតម្លៃបន្ថែមលើផលិតផលស្វាយចន្ទី និងផលិតផលពាក់ព័ន្ធផ្សេងៗ។ ជំនួសឱ្យនាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រទេសអាចកែច្នៃជាផលិតផលរួចរាល់ ទៀតសោតវាជួយបង្កើនតម្លៃលក់ និងទិន្នផលប្រាក់ចំណេញ បើប្រៀបធៀបនឹងការនាំចេញឆៅ ព្រមទាំងជួយលើកកម្ពស់ឧស្សាហកម្មពាក់ព័ន្ធផ្សេងៗ ដូចជា ការវេចខ្ចប់ ការផ្សព្វផ្សាយ និងការចែកចាយ។
៤. ការរួមចំណែកក្នុងកំណើន GDP។ ការកែច្នៃមានតម្លៃបន្ថែម ជួយបង្កើនការរួមចំណែករបស់វិស័យកសិកម្មទៅក្នុង GDP របស់ប្រទេស លើសពីនេះទៀតការនាំចេញផលិតផលស្វាយចន្ទីកែច្នៃ ក៏ជួយបង្កើនដល់ប្រាក់ចំណូលចូលប្រទេស (Foreign Exchange) ជាមួយនឹងឧស្សាហកម្មស្វាយចន្ទីកែច្នៃកម្ពុជាអាចក្លាយជាប្រទេសដែលមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
៥. លើកកម្ពស់ផលិតផលស្វាយចន្ទីកម្ពុជា ឱ្យឈានទៅកាន់ពិភពលោក។ ព្រោះការផលិតស្វាយចន្ទីកែច្នៃជួយឱ្យកម្ពុជាមានអត្តសញ្ញាណថាជាប្រទេសផលិតផលស្វាយចន្ទីមានគុណភាព ហើយផលិតផលកែច្នៃអាចចូលទៅដល់ផ្សារទំនើបអន្តរជាតិ និងប្រកួតប្រជែងជាមួយប្រទេសផលិតស្វាយចន្ទីដ៏ធំៗដូចជា វៀតណាម ឥណ្ឌា និងកូឌីវរ័ ជាដើម ដែលទាំងអស់នេះនឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជា និងបើកទ្វារឱ្យផលិតផលកសិកម្មផ្សេងទៀតអាចនាំចេញទៅកាន់ទីផ្សារបរទេស។
គូសបញ្ជាក់ថា ក្រុមហ៊ុនខាងលើ ក៏មានចម្ការដាំដុះស្វាយចន្ទីដោយខ្លួនឯងនៅលើផ្ទៃដីប្រមាណ ១០ ហិចតា ហើយក្រៅពីនេះក៏និងមានការប្រមូលទិញគ្រាប់ស្វាយចន្ទីបន្ថែមពីប្រជាពលរដ្ឋផងដែរ។ សម្រាប់បងប្អូនទាំងក្នុងនិងក្រៅស្រុកដែលចង់គាំទ្រផលិតផលខ្មែរឬចង់ក្លាយជាតំណាងចែកចាយ ស្វាយចន្ទីខ្មែរ TL Snacks Nuts បង្កើតដោយកូនខ្មែរ ១០០% អាចធ្វើការទំនាក់ទំនងទៅកាន់លេខ 015 699 366 ឬអាចទំនាក់ទំនងតាមតេឡេក្រាម: https://t.me/tlagrifoodsimportexport៕