ធនាគារ ព្រីនស៍ ម.ក មានមោទកភាពយ៉ាងខ្លាំងក្នុងការប្រារព្ធខួបគម្រប់ ១០ ឆ្នាំ របស់ខ្លួន ដោយសម្រេចបាននូវកិត្តិយសដ៏មានតម្លៃពីស្ថាប័ន International Banker Awards ឆ្នាំ ២០២៥ ដោយទទួលពានរង្វាន់ជា ធនាគារពាណិជ្ជឆ្នើមបំផុតនៅកម្ពុជា និងសេវាធនាគារបុគ្គលប្រកបដោយភាពច្នៃប្រឌិតឆ្នើមនៅកម្ពុជា។ ។ ការទទួលស្គាល់ជាបន្តបន្ទាប់លើកទី ៦ ឆ្នាំជាប់គ្នា បង្ហាញពីភាពរឹងមាំរបស់ធនាគារជាស្ថាប័នហិរញ្ញវត្ថុឈានមុខ និងប្រកបដោយភាពច្នៃប្រឌិតក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ធនាគារ ព្រីនស៍ បានអភិវឌ្ឍពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីដ៏មានសក្តានុពល មកក្លាយជាធនាគារដែលទទួលបានទាំងការជឿទុកចិត្តពីសំណាក់អតិថិជន និងការទទួលស្គាល់ជាផ្លូវការជាមួយពានរង្វាន់អន្តរជាតិ ដោយផ្តោតលើអតិថិជន និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយគុណភាពខ្ពស់ ធនាគារបានបង្ហាញពីសមត្ថភាពនៃការច្នៃប្រឌិត ការរីកចម្រើន និងការផ្តល់សេវាកម្មប្រកបដោយឧត្តមភាព។ ការទទួលស្គាល់ជាប់លាប់ពីសារព័ត៌មានហិរញ្ញវត្ថុដែលមានឈ្មោះល្បីល្បាញលើពិភពលោក គឺជាភស្តុតាងបញ្ជាក់ច្បាស់នៃការប្តេជ្ញាចិត្តរបស់ធនាគារទៅលើការអភិវឌ្ឍ និងការទទួលខុសត្រូវក្នុងវិស័យសេវាហិរញ្ញវត្ថុ។
ពានរង្វាន់ ធនាគារពាណិជ្ជឆ្នើមបំផុតនៅកម្ពុជា បានបង្ហាញពីសមត្ថភាពរឹងមាំ និងភាពធន់របស់ធនាគារ ព្រីនស៍ ក្នុងការគាំទ្រអាជីវកម្មគ្រប់ទំហំ ចាប់ពីសហគ្រាសធុនតូច និងមធ្យម (SMEs) រហូតដល់សាជីវកម្មខ្នាតធំ។ ផលិតផល និងសេវាកម្មដែលអាចបត់បែនតាមតម្រូវការ បានជួយអោយអាជីវកម្មនៅទូទាំងឧស្សាហកម្មផ្សេងៗសម្រេចនូវកំណើនប្រកបដោយនិរន្តរភាព។
ពានរង្វាន់ សេវាធនាគារបុគ្គលប្រកបដោយភាពច្នៃប្រឌិតឆ្នើមនៅកម្ពុជា ឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តផ្លាស់ប្តូរឌីជីថលដ៏សំខាន់របស់ធនាគារ ព្រីនស៍ ដើម្បីលើកកម្ពស់បទពិសោធន៍របស់អតិថិជន។ ធនាគារ ព្រីនស៍ បានណែនាំឈុតផលិតផលទំនើប សេវាធនាគារចល័តដែលងាយស្រួលប្រើប្រាស់ និងដំណោះស្រាយសន្សំ និងឥណទានប្រកបដោយភាពច្នៃប្រឌិត ដែលធានាឱ្យអតិថិជនរីករាយទទួលបានបទពិសោធន៍ធនាគារដែលងាយស្រួល សុវត្ថិភាព និងមានភាពបត់បែន។
លោក Looi Kok Soon ប្រធាននាយកប្រតិបត្តិ នៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា៖
“ការទទួលស្គាល់ជាអន្តរជាតិពីស្ថាប័ន International Banker រយៈពេល ៦ ឆ្នាំជាប់ៗគ្នាជាពិសេសក្នុងឱកាសខួបគម្រប់ ១០ ឆ្នាំរបស់យើង គឺជាកិត្តិយសដ៏ធំធេង។ ពានរង្វាន់ទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងស្មារតីច្នៃប្រឌិតរបស់យើងប៉ុណ្ណោះទេ ថែមទាំងការជឿទុកចិត្តរបស់អតិថិជន ការលះបង់របស់បុគ្គលិករបស់យើង និងការគាំទ្រពីដៃគូអាជីវកម្មរបស់យើង។ យើងនឹងបន្តជំរុញដែនកំណត់ ផ្តល់គុណតម្លៃពិសេស និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។”
ធនាគារ ព្រីនស៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ការគាំទ្រដ៏មានតម្លៃរបស់ពួកគេក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ យើងសន្យាបន្តធ្វើឱ្យការប្តេជ្ញាចិត្តរបស់យើងកាន់តែរឹងមាំ ក្នុងការផ្តល់ដំណោះស្រាយសេវាធនាគារដ៏ទំនើប និងមានគុណភាពខ្ពស់ កម្រិតស្តង់ដារពិភពលោក ដើម្បីបន្តជំរុញការរីកចម្រើន និងសម្រេចនូវទស្សនវិស័យនាពេលអនាគត៕