កាលពីសប្តាហ៍មុននេះ បង្ករឱ្យមានការភ្ញាក់ផ្អើលដ៏ធំមួយបន្ទាប់ពីការបាត់ខ្លួននាវាមុជទឹករបស់ក្រុមហ៊ុន OceanGate ឈ្មោះ Titan ដែលបានមុជទឹកចូលទស្សនាកប៉ាល់ខ្មោ.ច Titanic ក្នុងជម្រៅ ៣,៨០០ម៉ែត្រត្រូវបានផ្ទុះ។ ជាមួយគ្នានេះដែរមានមតិជាច្រើនបានលើកឡើងថា ទោះបីជារកឃើញនាវាតូចនេះក៏ដោយក្តីក៏មិនអាចស្រង់មកលើដីបានដែរ ដោយសារតែវាមានជម្រៅទឹកជ្រៅពេក ហើយសម្ពាធទឹកខ្លាំង ដែលធ្វើឱ្យមានភាពលំបាក់ក្នុងការស្រង់មកលើដី។
តែទោះបីជាយ៉ាងណាក៏ដោយ វិធីដើម្បីស្រង់យកឡើងគោកនៅតែមាន ខណៈពេលនេះបំណែកនាវា និងសាកស.ពអាចស្រង់បានហើយ។ ដោយរបៀបដើម្បីចុះទៅយកនោះគឺគេបញ្ជារ៉ូបូតដែលធុននឹងការចុះក្នុងជម្រៅទឹកជ្រៅ ដែលមានឈ្មោះថា Odysseus 6K ខណៈតម្លៃរបស់នាវានេះមានតម្លៃរហូតដល់ទៅ៦.៥លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន INDEPENDEN កាលពីពេលថ្មីៗនេះ។
គួរជម្រាបផងដែរថា កំទេចកំទីដែលជាបំណែកខ្មោ.ចនាវា Titan និងសាកស.ពបានស្រង់មកដល់ដីនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ (ពេលវេលានៅអាមេរិក)។ ចំណែកកំទេចកំទីដែលបានស្រង់បាននោះ ឆ្មាំឆ្នេរសមុទ្រអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការស៊ើបអង្កេតឬការវិលត្រឡប់នៃកំទេចកំទីទៅច្រាំងទេ។ លើសពីនេះអ្នកតំណាងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូននៃប្រទេសកាណាដា (TSB) ដែលជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតក៏បដិសេធមិនធ្វើអត្ថាធិប្បាយដែរ។