វ័យខ្ទង់៣០ឆ្នាំ សល់១លាន$! លោក Steve Adcock ប្រាប់ផ្លូវបង្កើនលុយ ដល់អ្នករអ៊ូថារកអត់សល់
SOKLY SOMAY 13 20232.7 K views

លោក Steve Adcock និងភរិយា បានចាប់ផ្ដើមបង្កើតគ្រួសារជាមួយគ្នាដោយមិនបានទទួលទ្រព្យសម្បត្តិពីក្រុមគ្រួសារខាងណាមួយឡើយ។ ក៏ប៉ុន្តែពួកគាត់អាចសន្សំលុយ បានដល់ ១លានដុល្លារ និងចូលនិវត្តន៍ទាំងវ័យខ្ទង់ ៣០ឆ្នាំដោយឈប់ធ្វើការក៏មានចំណូល។

Llll

តាមការចុះផ្សាយរបស់ CNBC បានឱ្យដឹងថា លោក Adcock គឺជាអ្នកជំនាញរឿងលុយកាក់ដែលសរសេរប្លុកចែករំលែកអំពីរបៀបសម្រេចបាននូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។ លោកបានលើកឡើងថា “ខ្ញុំមិនបានកើតមកជាអ្នកមានទេ ប៉ុន្តែខ្ញុំអាចសន្សំលុយសល់ ដោយគ្រាន់តែ ធ្វើការអនុវត្តន៍ច្បាប់សាមញ្ញៗជាមួយនឹងជីវិតប្រចាំថ្ងៃតែប៉ុណ្ណោះ”។ ហើយច្បាប់សាមញ្ញៗទាំងនោះមានដូចខាងក្រោម៖

១. ចាប់ឱកាសពីការងារពេញម៉ោង

ការងារពេញម៉ោងអាចផ្ដល់ឱកាសអប់រំ និងបណ្ដុះបណ្ដាល ដើម្បីជួយបង្កើនជំនាញរបស់អ្នក ដូចជាកម្មវិធីកុំព្យូទ័រ គណនេយ្យ និងការគ្រប់គ្រងពេលវេលាជាដើម។ ហើយជំនាញទាំងអស់នេះអ្នកអាចយកវាទុកប្រើជាអាជីពអស់មួយជីវិត។

២. ហ៊ានបដិសេធ

ត្រង់ចំណុចនេះចង់សំដៅដល់ការ ហ៊ានបដិសេធចំពោះរឿងណាដែលវាមិនល្អ ឬបដិសេធចំពោះសំណើរដែលអ្នកមិនចង់ធ្វើ។ វាមិនខុសទេដែលអ្នកបដិសេធមិនព្រមចេញទៅផឹកស្រា ឬទៅក្រៅ ជាមួយនឹងមិត្តរបស់អ្នក ក្រោមហេតុផលអ្នកមិនចង់ទៅ។ មួយវិញទៀតអ្នកក៏អាចដើរចេញឱ្យឆ្ងាយពីមិត្តភក្តិណាដែលតែងតែចូលចិត្តបបួលធ្វើរឿងអត់ប្រយោជន៍ ដូចជាគិតតែផឹកស្រា ដើរលេង មិនគិតពីរឿងរកលុយនិងសន្សំសំចៃ។

៣. ពិភាក្សាជាមួយគ្រួសារ

លោក Adcock និយាយថា “ជីវិតប្ដីប្រពន្ធគឺជៀសមិនផុតអំពីការមានគំនិតខុសគ្នាឡើង ហេតុនេះយើងត្រូវពិភាក្សាគ្នាដើម្បីរកឱ្យឃើញ គោលដៅហិរញ្ញវត្ថុ និងរបៀបដែលគ្រប់គ្នាគួរអនុវត្ត ដើម្បីទទួលបានអ្វីដែលចង់បាន ជៀសវាងការឈ្លោះគ្នា និងភាពសោះអង្គើយ”

៤. សន្សំដោយស្វ័យប្រវត្តិ

អ្នកជំនាញហិរញ្ញវត្ថុខាងលើ បានបន្ថែមថា គាត់តែងតែដកលុយសន្សំភ្លាមៗបន្ទាប់ពីការបើកប្រាក់ខែ។ គាត់ទុកការសន្សំជារឿងសំខាន់ជាងគេ ដូច្នេះលុយដែលរកបានត្រូវតែដកទុកមុនចាត់ចែងការចំណាយ។

៥. ទុកសុខភាពជារឿងសំខាន់បំផុត

“ជីវិតសំខាន់ជាងលុយ” វាជាឃ្លាសំខាន់មួយសម្រាប់ដាស់ខ្លួនឯងឱ្យគិតពីសុខភាពជាចម្បង ព្រោះថាបើគ្មានជីវិតក៏គ្មានឱកាសបង្កើតលុយដែរ។ មនុស្សភាគច្រើនដាក់សម្ពាធឱ្យខ្លួនឯង ខំគ្រប់ពេលដោយមិនគិតពីសុខភាព ខំរហូតភ្លេចគិតថារាល់ថ្ងៃនេះ រកលុយមកដើម្បីចិញ្ចឹមជីវិត មិនមែនត្រូវលះបង់ជីវិតព្រោះតែលុយនោះទេ។

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia