ទើបតែឈានចូលវ័យ២៦ឆ្នាំ កញ្ញា Ting Shi Qi ឬគេស្គាល់ឈ្មោះហៅក្រៅ ជីវី (Qiwiie) បច្ចុប្បន្នកំពុងល្បីខ្លាំងនៅលើបណ្តាញសង្គម TikTok និង Instagram បន្ទាប់ពីគាត់បានធ្វើវីដេអូអំពីសកម្មភាពបង្រៀនក្មេងៗនៅក្នុងថ្នាក់ហើយបង្ហោះលើ TikTok រហូតដល់មានអ្នកមើលក្នុង១វីដេអូ ជាង៣៥លានវីយូ។
ជាក្មេងដែលស្រលាញ់ការបង្រៀនតាំងតែពីក្មេង យុវតី ជីវី បានបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រលើមុខវិជ្ជាគ្រូបង្រៀនថ្នាក់បឋមសិក្សា (Primary education) នៅក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក ចំនួន៤ឆ្នាំ ហើយបានបង្រៀននៅទីនោះអស់រយៈពេល១ឆ្នាំផងដែរ មុននឹងសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ នៅក្នុងប្រទេសម៉ាឡេស៊ី នាអំឡុងពេលកូវីដ១៩ ឆ្នាំ២០២០។
នៅក្នុងបទសម្ភាសន៍ Podcast ក្នុងកម្មវិធី ពីក្បាលដល់ចុងជើង (Head Over Heels) កញ្ញា ជីវី បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យកញ្ញាសម្រេចចិត្តចាកចេញពីសហរដ្ឋអាមេរិក មកស្រុកកំណើតវិញ គឺដោយសារកញ្ញាចង់ធ្វើអ្វីមួយដើម្បីប្រទេសជាតិ ជាពិសេសលើការអប់រំក្មេងជំនាន់ក្រោយ។
ក្នុងនាមជាគ្រូបង្រៀនជំនាន់ថ្មីម្នាក់ កញ្ញា ជីវី បានលើកឡើងថា វាមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះការបង្រៀនក្មេងៗ គឺតម្រូវឱ្យមានភាពអត់ធ្មត់ខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា កញ្ញាបានចែករំលែកអំពីគន្លឹះធំមួយ ដែលធ្វើឱ្យកញ្ញាអាចបង្រៀនសិស្សដោយសប្បាយចិត្តបាន។ គន្លឹះនោះ គឺការចាត់ទុកកូនសិស្សទាំងអស់ ដូចជាកូនរបស់ខ្លួន ហើយមិនព្យាយាមយកអារម្មណ៍ផ្ទាល់ខ្លួនទៅបង្រៀនសិស្សឡើយ ពោលគឺកញ្ញាតែងតែគិតថា កាលខ្លួននៅក្មេង ក៏ចូលចិត្តលេងច្រើន និងរពើសច្រើនដូចគ្នា។
ដោយឡែក ចំពោះការផលិតវីដេអូវិញ គ្រូបង្រៀនរូបស្រស់ សម្តីផ្អែមរូបនេះ បានឱ្យដឹងថា ដំបូងឡើយ គាត់មិនសូវចាប់អារម្មណ៍ពីកម្មវិធី TikTok ទេ ប៉ុន្តែថ្ងៃមួយពេលដែលគាត់ទៅទីក្រុង កូឡាឡាំពួ គាត់ក៏សាកធ្វើវីដេអូផុសលេង ហើយត្រឹមរយៈពេលខ្លី វីដេអូនោះក៏មានអ្នកមើលដល់១០០ខេ។ ពេលនោះហើយ បានធ្វើឱ្យគាត់ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់មកគាត់ក៏សាកផុសវីដេអូនៅក្នុងថ្នាក់ ហើយក៏មានអ្នកមើលកាន់តែច្រើន ពេលនោះបានធ្វើឱ្យគាត់កត់សម្គាល់ឃើញថា ការផលិតមាតិកាអំពីការបង្រៀន គឺមានគេចូលចិត្តមើលច្រើន។ ចាប់តាំងពីពេលនោះមក គាត់ក៏បន្តធ្វើរហូតមកដល់បច្ចុប្បន្ននេះ ដែលមានអ្នកតាមដានគាត់ នៅលើ TikTok ប្រមាណ ១.៤លាននាក់ និងឡែកសរុបប្រមាណជាង ២៨លាន។ ហើយថ្មីៗនេះ កញ្ញាក៏បានបង្កើតអាខោន នៅលើ instgram និង Facebook ផងដែរ។
ចេញពីការផលិតវីដេអូ នៅលើ TikTok បានធ្វើឱ្យកញ្ញា ជីវី មានភាពល្បីល្បាញជាខ្លាំង មិនចាញ់តារាឡើយ ហើយកញ្ញាជានិច្ចជាកាល តែងតែត្រូវបានគេអញ្ជើញឡើងកម្មវិធីធំៗ និងធ្វើបទសម្ភាសន៍។ រីឯ សាលាឯកជន ដែលគាត់កំពុងបង្រៀនវិញ មានសិស្សកើនឡើងជាលំដាប់ ហើយឪពុកម្តាយក្មេងៗ បានចូលចិត្ត និងស្រលាញ់អ្នកគ្រូវ័យក្មេងនេះ កាន់តែច្រើនឡើង ៕