សារព័ត៌មាន BBC នៅថ្ងៃទី២៧ ខែមីនានេះ បានចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump សុខចិត្តនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីឱ្យកិច្ចព្រមព្រៀងរកស៊ី TikTok អាចបន្តនៅអាមេរិកទៀត ក្រោយថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
ជាមួយនឹងការពន្យារពេលអនុវត្តច្បាប់បិទកម្មវិធី TikTok នៅអាមេរិក ដែលបន្សល់ពីរដ្ឋបាលលោក Jeo Biden កាលពីខែមករាកន្លងទៅ។ ក្នុងនោះលោក Trump បានបង្ហើបពីឆន្ទៈ ត្រូវឱ្យជនជាតិអាមេរិកកាន់កាប់ភាគហ៊ុន៥០% របស់កម្មវិធី Tiktok ឱ្យបានមុនថ្ងៃ០៥ ខែមេសា ឆ្នាំ២០២៥។
ប៉ុន្តែមកទាល់នឹងពេលនេះ ការសម្រេចនានាត្រូវបានជាប់គាំង ព្រោះកិច្ចព្រមព្រៀងនានារបស់កម្មវិធី TikTok ត្រូវឆ្លងកាត់កិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលចិន។
យ៉ាងណាមិញកាលពីថ្ងៃទី២៥ ខែមីនា លោកប្រធានាធិបតី Trump បានគូសបញ្ជាក់ថា លោកនឹងផ្តល់ឱ្យចិននូវការកាត់បន្ថយពន្ធគយ ឬអ្វីមួយដើម្បីធ្វើឱ្យកិច្ចព្រមព្រៀង TikTokសម្រេច បន្ទាប់ពីចុងខែកុម្ភៈរដ្ឋាភិបាលអាមេរិកបានសម្រេចយកពន្ធសរុប២0% ទៅលើទំនិញគ្រប់ប្រភេទដែលនាំចូលមកពីប្រទេសចិន។
សូមរំលឹកថាកាលពីថ្ងៃទី២០ខែមករា កន្លងទៅកម្មវិធី TikTok បានបិទប៉ុន្មានម៉ោងមុនលោក Donald Trump ចូលកាន់តំណែងជាផ្លូវការ។ ដោយបច្ចុប្បន្ន TikTokត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកប្រមាណជាង១៧០លាននាក់។ ក្នុងនោះគណនីផ្លូវការរបស់ប្រធានាធិបតីក៏មានអ្នកតាមដានច្រើនជាង ១៥លាននាក់ដែរ ៕
អត្ថបទដោយ៖ ពីង ជូអេង