TikTok អាចនឹងត្រូវបានហាមឃាត់ដោយរដ្ឋទាំងអស់របស់សហរដ្ឋអាមេរិកពីទូរស័ព្ទដៃ និងឧបករណ៍ផ្សេងទៀតរបស់មន្ត្រី ខណៈដែលរដ្ឋ New Jersey និង Ohio បច្ចុប្បន្នចូលរួមជាមួយរដ្ឋសំខាន់ៗផ្សេងទៀត រួមមាន OAKLAND, Calif., Louisiana ជាដើមនៅក្នុងការហាមឃាត់នេះ។
បើតាមការចុះផ្សាយរបស់សារព័ត៍មាន Reuters ដែលបានដកស្រង់សម្តីរបស់អភិបាលរដ្ឋ New Jersey លោក Phil Murphy កាលពីពេលថ្មីៗបានឱ្យដឹងថា មូលហេតុដែលរដ្ឋធំៗទាំងនេះ ចាប់ផ្ដើមធ្វើយុទ្ធនាការហាមឃាត់ការប្រើប្រាស់កម្មវិធីរបស់មន្ត្រីនេះឡើងដោយសារតែ “រដ្ឋមានការព្រួយបារម្ភផ្នែកសន្តិសុខជាតិអំពីទិន្នន័យអ្នកប្រើប្រាស់ ដែលរដ្ឋាភិបាលចិនអាចតម្រូវឱ្យ ByteDance ផ្តល់”។
ជាមួយគ្នានេះដែរ អភិបាលរដ្ឋ New Jersey លោក Phil Murphy ដែលជាអ្នកប្រជាធិបតេយ្យបាននិយាយថា បន្ថែមពីលើការហាមប្រាមកម្មវិធីវីដេអូខ្លីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ពីឧបករណ៍របស់រដ្ឋ លោកក៏កំពុងហាមឃាត់អ្នកលក់កម្មវិធីជាច្រើនទៀត រួមទាំងក្រុមហ៊ុន Huawei, Hikvision , Tencent Holdings LTD , ZTE Corporation និង Kaspersky Lab ។
ទាក់ទិន្នទៅនិងបញ្ហានេះ អភិបាលរដ្ឋ Wisconsin លោក Tony Evers បាននិយាយថា លោកមានគម្រោងចូលរួមជាមួយរដ្ឋផ្សេងទៀតក្នុងការហាមឃាត់ការប្រើប្រាស់កម្មវិធីវីដេអូដ៏ពេញនិយមដែលមានអ្នកប្រើប្រាស់ច្រើនជាង ១០០លាននាក់នៅសហរដ្ឋអាមេរិក។
ឆ្លើយតមទៅនឹងរឿងរ៉ាវខាងលើនេះ TikTok គឺមានការខកចិត្តដែលរដ្ឋជាច្រើនកំពុងឈរលើក្រុមនយោបាយ ដោយមិនធ្វើអ្វីដើម្បីជំរុញសន្តិសុខតាមអ៊ីនធឺណិតនៅក្នុងរដ្ឋរបស់ពួកគេ ហើយផ្អែកលើការមិនពិតដែលគ្មានមូលដ្ឋានអំពី TikTok៕