ត្រឹមរយៈពេលពីរថ្ងៃនៃបុណ្យចូលឆ្នាំចិន មាននាវាទេសចរណ៍ខ្នាតធំៗ ៣ គ្រឿង បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ សរុបប្រមាណ ៤ ១៥៤នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីដើរទស្សនាកម្សាន្តក្នុងប្រទេសកម្ពុជា។
យោងតាមការប្រកាសព័ត៌មានរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ មាននាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ចេញដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមាននាវិក និងភ្ញៀវទេសចរសរុបចំនួន ៩៨៥នាក់ មាន ២៨សញ្ជាតិ ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ ក្នុងខេត្តព្រះសីហនុ និងទៅទស្សនាប្រាសាទអង្គរវត្ត។
ដោយឡែក នាថ្ងៃទី១០ ខែកុម្ភៈ មាននាវាមួយគ្រឿងទៀតរបស់អ៊ីតាលី ឈ្មោះ AIDABELLA ធ្វើដំណើរពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាម៉ោង៧ព្រឹក។ នាវាទេសចរណ៍នេះ មានផ្ទុកភ្ញៀវទេសចរសរុប ១៩៧៦នាក់ មកពី២៨សញ្ជាតិ។ ភ្ញៀវទេសចរភាគច្រើនជាជនជាតិ អាល្លឺម៉ង១៨១០នាក់ និងអូទ្រីស៥១នាក់។
យ៉ាងណាមិញ នៅថ្ងៃទី១០ ខែកុម្ភៈ ដដែល មាននាវាទេសចរណ៍មួយគ្រឿងទៀតឈ្មោះ RIVIERA សញ្ជាតិ MARSHALL ISLAND មកពីប្រទេសវៀតណាម ក៏បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយមានភ្ញៀវទេសចរសរុប ១១៨៣នាក់ មាន៣៤សញ្ជាតិ។ ភ្ញៀវទេសចរភាគច្រើនជាងគេ ជនជាតិអាមេរិក និងកាណាដា គោលដៅភ្ញៀវទេសចរទៅទស្សនាមានតំបន់ឆ្នេរ វត្តអារាមនិងផ្សារនៅក្រុងព្រះសីហនុ ភ្នំពេញ សៀមរាប កំពត កែប និងកំពង់ស្ពឺជាដើម។ នាវាទេសចរណ៍នេះចាកចេញវិញនៅថ្ងៃខែឆ្នាំដដែល។
ទន្ទឹមនឹងនេះ ក្រោយទទួលបានភ្ញៀវទេសចរផ្ទៃទឹកជាបន្តបន្ទាប់ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអំពាវនាវឱ្យអាជីវករចូលរួមផ្ដល់សេវាកម្មឲ្យបានល្អ និងតម្លៃសមរម្យ ដើម្បីឲ្យភ្ញៀវទេសចរមកកម្សាន្ដប្រកបដោយភាពរីករាយ នឹងត្រឡប់មកលេងកម្សាន្ដនៅពេលក្រោយទៀត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)