ស្របពេលដែលសេដ្ឋកិច្ចស្ថិតនៅក្នុងភាពមិនប្រាកដប្រជាមនុស្សភាគច្រើនជ្រើសរើសទុកលុយនៅមួយកន្លែងមិនហ៊ានចាយឡើយព្រោះខ្លាចមានបញ្ហា។ ប៉ុន្តែអ្នកជំនាញមិនលើកទឹកចិត្តឱ្យធ្វើបែបនេះឡើយពួកគេប្រាប់ថា មនុស្សត្រូវចាយលុយដើម្បីឱ្យសេដ្ឋកិច្ចដំណើរការបន្ត គ្រាន់តែជ្រើសរើសចាយឱ្យត្រូវកន្លែង។
ស្របជាមួយគ្នានេះដែរ អ្នកជំនាញផ្នែកវិនិយោគ និងជាស្ថាបនិកនៃ University Grade Trading Education លោក Thomas Kralow បានបង្ហើបពីមុខរបរ ២ប្រភេទដែលអ្នកអាចចំណាយលុយវិនិយោគលើ នៅពេលដែលសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះ។ មុខរបរទាំង២ប្រភេទនោះរួមមាន៖
ជាប្រភេទអាជីវកម្ម ដែលផលិតនូវផលិតផលសំខាន់ៗសម្រាប់អតិថិជនទូទៅ ដែលរួមមានដូចជា អាហារ និងភេសជ្ជៈ ទំនិញក្នុងផ្ទះ ព្រមទាំងផលិតផលថែទាំគ្រួសារ និងផ្ទាល់ខ្លួន។
លោក Kralow បានបន្តថា ក្រុមហ៊ុនពាណិជ្ជកម្ម ដែលបង្កើតផលិតផលប្រភេទនេះ ច្រើនតែជាអាជីវកម្មកេរតំណែលល្បីៗ មានប្រវត្តិជោគជ័យយូរអង្វែង។ ដូច្នេះហើយពួកគេមានចំណែកទីផ្សារធំ ការប្រកួតប្រជែងមានល្អក្នុងចំណោមក្រុមហ៊ុនផ្សេងទៀត ព្រោះថាផលិតផលរបស់ពួកគេមានសារសំខាន់ជានិច្ចសម្រាប់អ្នកប្រើប្រាស់ មិនថានៅក្នុងស្ថានភាពណាក៏ដោយ។
២. អាជីវកម្មផ្នែកសេវាសុខភាព
ដូចគ្នានឹងចំណុចទី១ដែរ មនុស្សមិនអាចខ្វះអាហារបាន ហើយរឹតតែមិនអាចខ្វះសេវាសុខភាពបានឡើយ ដូច្នេះហើយលោក Kralow ណែនាំថា ការវិនិយោគលើអាជីវកម្មដែលផ្ដោតលើសេវាថេទាំសុខភាពគឺជារឿងល្អណាស់។
លោកបន្តថា វិបត្តិកូវីដ បានធ្វើឱ្យការច្នៃប្រឌិតផ្នែកថែទាំសុខភាពក្លាយជាអាទិភាពកាន់តែធំនៅទូទាំងពិភពលោក ហើយភាគហ៊ុនថែទាំសុខភាពបានក្លាយជាភាគហ៊ុនមានសុវត្ថិភាព និងយូរអង្វែង។
លោក Kralow បានគូសបញ្ជាក់ផងដែរថា នៅពេលដែលសេដ្ឋកិច្ចមានវិបត្តិ ជំនួសឱ្យភាពភ័យខ្លាច អ្នកគួរតែប្រកាន់ភ្ជាប់នូវផែនការវិនិយោគរយៈពេលវែងលើអាជីវកម្មដែលមានហានិភ័យទាប មានគោលដៅច្បាស់លាស់ និងមានទស្សនៈវែងឆ្ងាយ៕
អត្ថបទដោយ៖ សូ សុខលី