កាន់តែពិបាករកលុយទិញ! អាមេរិកបន្តដំឡើងការប្រាក់បន្ថែម របស់៣នេះនឹងឡើងថ្លៃកាន់តែខ្លាំង
Toeuy HongMARCH 23 20233.8 K views

បើទោះបីប្រព័ន្ធធនាគាររបស់សហរដ្ឋអាមេរិកំពុងច្របូកច្របល់ពិតមែនប៉ុន្ដែធនាគារកណ្ដាលរបស់អាមេរិកនៅតែបន្តដំឡើងអត្រាការប្រាក់ដុល្លាររបស់ខ្លួនបន្ថែមទៀតដើម្បីប្រឆាំងនឹងការកើនឡើង។ ជាក់ស្ដែងកាលពីថ្ងៃម្សិលមិញនេះ ធនាគារកណ្ដាលអាមេរិកបានសម្រេចដំឡើងការប្រាក់ដុល្លាររបស់ខ្លួនចំនួន០.២៥%បន្ថែមទៀតដែលធ្វើឲ្យការប្រាក់ដុល្លារឡើងដល់៤.៧៥%ទៅ៥% នេះបើយោងតាមការចុះផ្សាយរបស់ CNBC។

ថ្វីប្បិតតែគោលបំណងនៃការដំឡើងការប្រាក់ដុល្លារគឺដើម្បីទម្លាក់តម្លៃទំនិញឬសេវាកម្មទូទៅលើទីផ្សារឲ្យចុះថោកពិតមែន តែការដំឡើងការប្រាក់ដុល្លារនេះ អាចធ្វើឲ្យរបស់មួយចំនួនកាន់ឡើងថ្លៃថែមទៀត។ ខាងក្រោមនេះគឺជារបស់ដែលកាន់តែឡើងថ្លៃពេលអាមេរិកបន្តដំឡើងអត្រាការប្រាក់ដុល្លារ។

. ការប្រាក់កម្ចី

 វិធានការប្រឆាំងអតិផរណារបស់អាមេរិកគឺធ្វើយ៉ាងណាឲ្យប្រាក់ដុល្លារក្នុងចរន្តសេដ្ឋកិច្ចរបស់ខ្លួនកាន់តែតិចដើម្បីទម្លាក់អត្រាអតិផរណាឲ្យកាន់តែធ្លាក់ចុះ។ ដូច្នេះធនាគារកណ្ដាលអាមេរិក សម្រេចដំឡើងទាំងការប្រាក់កម្ចីនិងការប្រាក់សន្សំ។ ត្រង់នេះមានន័យពេលអាមេរិកដំឡើងការប្រាក់គឺធ្វើឲ្យការប្រាក់កម្ចីនឹងកាន់តែថ្លៃជាងមុន។ អ៊ីចឹងបើប្រជាជនឬម្ចាស់អាជីវកម្មចង់ខ្ចីលុយធនាគារនោះពួកគាត់នឹងត្រូវចំណាយលុយបង់ការប្រាក់កាន់តែច្រើនជាងមុន។

. ផ្ទះ

ការទិញផ្ទះគឺជាការចំណាយលុយច្រើនបំផុតក្នុងខ្សែជីវិតរបស់មនុស្ស ហើយពួកគាត់មិនងាយមានលុយទាំងដុលទៅទិញផ្ទះនោះទេ ដូច្នេះមនុស្សភាគច្រើនតែងតែជ្រើសរើសទិញតាមរយៈការបង់រំលស់ប្រចាំខែដោយខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ត្រង់នេះបើអ្នកជ្រើសរើសការទិញផ្ទះបង់រំលស់នោះ អ្នកនឹងកាន់តែចំណាយលុយអស់ច្រើន។ កាលណាអាមេរិកដំឡើងការប្រាក់នោះ ពេលអ្នកខ្ចីលុយធនាគារមកបង់រំលស់ផ្ទះការប្រាក់ក៏ថ្លៃទៅតាមហ្នឹងដែរ។

. រថយន្ត

 វាមិនខុសពីផ្ទះនោះទេ រថយន្តក៏ជារបស់មួយដែលធ្វើឲ្យអ្នកកាន់ចំណាយលុយកាន់តែច្រើនបើអ្នកជ្រើសរើសទិញរថយន្តតាមរយៈការបង់រំលស់។ ដូច្នេះជាការល្អ អ្នកអាចជ្រើសរើសរថយន្តទៅតាមលទ្ធភាព ពោលគឺកុំទិញរថយន្តបង់រំលស់ថ្លៃពេកព្រោះអ្នកត្រូវបង់ការប្រាក់កាន់តែច្រើន។

គួរបញ្ជាក់ផងដែរថា ក្នុងកាលៈទេសៈសេដ្ឋកិច្ចពិភពលោកមិនអំណោយផល អ្នកគួរគិតឲ្យបាន២ដងមុននឹងសម្រេចចិត្តទិញរបស់ដែលត្រូវចំណយលុយច្រើនជាពិសេសទិញតាមរយៈការបង់រំលស់រយៈពេលយូរ។ ជាក់ស្ដែងការទិញផ្ទះនិងឡានគឺជាការចំណាយដ៏ច្រើន ហើយបើអ្នកមិនបានគិតពិចារណា អ្នកអាចនឹងជួបបញ្ហាលុយកាក់ឈានដល់ធ្លាក់ទៅក្នុងបញ្ហាបំណុលក៏ថាបាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia