ចង់ក្លាយជាអ្នកមាន ជៀសផុតពីបំណុលវ័ណ្ឌក មហាសេ.ដ្ឋី Warren Buffett ប្រាប់ឱ្យដើរតាម៤ផ្លូវនេះ
Kan DaraAPRIL 6 2025456 views

«លុយមិនអាចទិញសុភមង្គលទេ ប៉ុន្តែមានមនុស្សច្រើនណាស់បាត់បង់សុភមង្គលព្រោះតែបញ្ហាលុយកាក់ ដល់ថ្នាក់មានអ្នកខ្លះទៀតហ៊ានសម្រេចចិត្តគិតខ្លី ព្រោះតែបំណុលវ័ណ្ឌក» ខាងក្រោមនេះ គឺជាច្រកផ្លូវធំៗ៤ ដែលមហាសេដ្ឋី Warren Buffett ណែនាំឲ្យអ្នកគួរដើរតាម បើចង់មានជីវភាពធូរធារ៖

 

/. ដក់ប្រាក់សន្សំទុកមុនគេ

 

មហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោកទី ៦រូបនេះ បានលើកឡើងថា «អ្នកត្រូវចំណាយលើខ្លួនឯងជាមុន» «Pay yourself first» ដកលុយមួយផ្នែកហើយដាក់វានៅក្នុងគណនីសន្សំ មុនពេលចំណាយលើរបស់ផ្សេងទៀត។ តាមស្ថិតិមនុស្សដែលមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុបំផុតគឺជាមនុស្សសាមញ្ញដែលអាចអត់ធ្មត់ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងក្នុងការអនុវត្តវិន័យហិរញ្ញវត្ថុ។

 

ទោះមានឬគ្មានទីប្រឹក្សា ពួកគេបានគណនានូវអ្វីដែលពួកគេត្រូវការដើម្បីចូលនិវត្តន៍ហើយរៀនដកប្រាក់សន្សំជាមុន បន្ទាប់មកពួកគេបានប្រើចំណែកតូចបំផុតនៃមូលនិធិរបស់ពួកគេដើម្បីបណ្ដាក់ទុនលើការវិនិយោគដែលមានហានិភ័យទាប។ ឧទាហរណ៍ លោក A គឺជាសហគ្រិនមួយរូប កាលពីកុមារភាពចាប់តាំងពីវ័យសិក្សានៅថ្នាក់អនុវិទ្យាល័យ គាត់បានប្រឹងប្រែងធ្វើការយ៉ាងខ្លាំង មិនចាយតាមចង់រហូតសន្សំបានប្រាក់មួយចំនួនធំ និងបានយកលុយមួយចំនួនទៅទិញរបស់ដែលផ្តល់គុណតម្លៃ ឬអាចផ្តល់ផលចំណេញដល់គាត់តែប៉ុណ្ណោះ។ សព្វថ្ងៃនេះគាត់អាចចូលនិវត្តន៍មុនអាយុ ៦០ឆ្នាំ និងបានក្លាយជាម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុនជាច្រើន រួមទាំងបន្តសន្សំនិងវិនិយោគលើ មាស ភាគហ៊ុន អចលនទ្រព្យ និងទ្រព្យសម្បត្តិផ្សេងៗទៀត។

 

/. ទ្រព្យក្លែងក្លាយ

 

ប្រសិនបើអ្នកទិញផ្ទះប្រណីតសូមជ្រើសរើសផ្ទះ និងទីតាំងដែលអាចអនុញ្ញាតឱ្យវាលក់បន្តបានស្រួល ឬជួលជាអចិន្រ្តៃយ៍ ឬក្រៅម៉ោងដើម្បីទទួលបានចំណូលបន្ថែម។ ប្រសិនបើអ្នកចង់ទិញរថយន្ត ត្រូវគិតអត្ថប្រយោជន៍ ឬប្រភពចំណូលដែលវាអាចផ្តល់ឲ្យអ្នកបាន។ បើអ្នកប្រើវាមិនត្រូវ «ទ្រព្យនឹងក្លាយជាបំណុល ពីបំណុលតូចក្លាយជាបំណុលធំ ចុងបញ្ចប់វានឹងទាញជើងអ្នកឲ្យផុងខ្លួនធ្លាក់ក្នុងរណ្តៅបំណុល» នេះហើយជាកំហុសធំក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

 

លើសពីនេះ អ្នកគួរតែហ៊ានចំណាយលុយលើរបស់ប្រើប្រាស់ដែលមានគុណភាព និងអាយុកាលប្រើប្រាស់បានយូរ មិនហួសសម័យ ឬមិនឆាប់ខូចជាដើម ជៀសជាងចាយលុយតិចតែទិញបានរបស់មិនល្អ។ សកម្មភាពនេះមិនធ្វើឲ្យអ្នកចំណេញទេ ផ្ទុយទៅវិញវាធ្វើឲ្យអ្នកខាតទ្វេដងព្រោះត្រូវចំណាយលុយទិញម្តងហើយម្តងទៀតក្នុងរយៈពេលខ្លី។

 

/. ប្រយ័ត្នចំពោះការប្រើប្រាក់កម្ចីកាតឥណទាន

 

«ប្រសិនបើអ្នកទិញរបស់ដែលអ្នកមិនត្រូវការ អ្នកនឹងលក់អ្វីដែលអ្នកត្រូវការក្នុងពេលឆាប់ៗនេះ» នេះគឺជាសម្តីដែលលោក Warren Buffett តែងនិយាយជារឿយៗ។ កាតឥណទាន (Credit Card) អាចជាការខ្ជះខ្ជាយសក្តានុពលខ្ពស់បំផុតនៃប្រាក់ចំណូលនិងការសន្សំរបស់អ្នក។ មហាសេដ្ឋីចាស់វស្សារូបនេះលើកទឹកចិត្តឲ្យអ្នកគួរតែចាយលុយសុទ្ធ (ក្រដាសប្រាក់) ប្រសើរជាងចំណាយតាមកាតឥណទាន (Credit Card)។ ប៉ុន្តែអ្នកអាចប្រើកាតឥណទាន(Credit Card) ក្នុងករណីដែលអ្នកចង់រក្សាពិន្ទុឥណទានរបស់អ្នកឱ្យខ្ពស់ តែត្រូវប្រាកដថាអ្នកអាចគ្រប់គ្រងវាបាន បើពុំនោះទេអ្នកនឹងប្រឈមជាមួយការចាយលើសចំនួន ធ្លាក់ខ្លួនក្នុងបំណុល «ខ្ចីស្រួល ចាយស្រួល» មិនខាន។

 

/. ត្រូវប្រយ័ត្នជាងមុនអំពីការវិនិយោគជាមួយប្រាក់កម្ចី

 

ចំពោះកំណត់ត្រាវិញលោក Warren Buffett បានព្រមាននិងប្រឆាំងដាច់ខាតចំពោះ «ការខ្ចីលុយគេមកវិនិយោគ»។ ករណីលើកលែងមួយដែលអាចធ្វើទៅបានដើម្បីចៀសវាងបំណុលវ័ណ្ឌក អ្នកត្រូវប្រាកដថាផលតបស្នងដែលអ្នកទទួលបានជាប្រចាំលើសពីការទូទាត់សងទៅឡប់ទៅម្ចាស់បំណុលវិញ និងប្រើប្រាស់វាដោយប្រុងប្រយ័ត្នបំផុត បន្តបង្វិលលុយទាំងនោះឲ្យកើតជាកូនពូនទៅជាចៅ ប៉ុន្តែវានៅតែស្ថិតក្នុងកម្រិតហានិភ័យខ្ពស់ដដែល។ ដូច្នេះយល់ល្អអ្នកគួរដកកញ្ចប់លុយតូចមួយដែលអ្នកមានស្រាប់យកទៅវិនិយោគ ប្រសិនបើរឿងមិនល្អកើតឡើង ឬការវិនិយោគនោះត្រូវខាតបង់ វាមិនប្រឈមធ្ងន់ធ្ងរដល់សុខភាពហិរញ្ញវត្ថុរបស់អ្នកនោះទេ។

 

ច្រកផ្លូវ៤ ដែលបានលើកឡើងខាងលើនេះ គឺជាយុទ្ធសាស្ត្រឲ្យអ្នកកសាងទ្រព្យសម្បត្តិដោយភាពត្រឹមត្រុវ និងសុវត្ថិភាព។ ប្រសិនបើពេលនេះអ្នកនៅខ្វះខាត អ្នកត្រូវពិនិត្យមើលចរន្តសាច់ប្រាក់របស់អ្នកឡើងវិញ និងព្យាយាមអនុវត្តតាមច្រកផ្លូវ៤ នោះអនាគតហិរញ្ញវត្ថុរបស់អ្នកនឹងល្អប្រសើរ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia