ក្នុងចំណោមបញ្ហាទាំងអស់ដែលរាលរាំងមិនឱ្យយើងអាចចេញរកស៊ីបាន បញ្ហាដើមទុន អាចចាត់ទុកថាជាបញ្ហាដែលតែងកើតមានជាញឹកញាប់ ឱ្យតែសួរទៅហេតុអ្វីមិនចេញរកស៊ី ហេតុអ្វីមិនបើកឱ្យធំជាងនេះ ហេតុអ្វីមិនធ្វើឱ្យល្អជាងនេះ គាត់តែងតែនិយាយថា អត់លុយ លុយមិនគ្រប់ជាដើម។
ហេតុនេះដើម្បី កុំឱ្យបញ្ហាដើមទុនក្លាយជាឬសគល់រារាំងក្តីស្រមៃចេញរកស៊ីរបស់បងប្អូនជំនាន់ក្រោយ សហគ្រិនវ័យក្មេង ២ រូបក៏បានបង្ហាញផ្លូវធំៗចំនួន២ ដើម្បីដោះស្រាយទៅលើបញ្ហានេះ ដែលក្នុងនោះរួមមាន ៖
១.លោក អ៊ួន ផាណា
ទាក់ទងជាមួយបញ្ហានេះដែរ លោក អ៊ួន ផាណា បច្ចុប្បន្នជាម្ចាស់អាជីវកម្ម បណ្ណាល័យហ្គារ៉ាស បានឱ្យលើកឡើងយ៉ាងដូចច្នេះថា ប្រសិនបើបងប្អូនជំនាន់ក្រោយដែលមានក្តីស្រមៃចេញរកស៊ី ប៉ុន្តែមិនមានដើមទុនគ្រប់គ្រាន់ គាត់អាចសាកល្បងវិធីជាច្រើនដូចជា ការកសាងជំនាញ ធ្វើការឱ្យមានបទពិសោធន៍ ហើយសន្សំលុយរកស៊ីខ្លួនឯង និងមួយទៀត គាត់អាចយកគំនិតដែលគាត់មានយកទៅជជែកជាមួយអ្នកដែលមានលុយ ហើយផ្តល់គំនិតនោះទៅកាន់ពួកគាត់ដើម្បីអាចទទួលបានឱកាសបានទុនវិនិយោគពីពួកគាត់។
លោកបានបន្តយ៉ាងដូច្នោះថា អ្វីដែលសំខាន់យើងត្រូវពង្រឹងជំនាញដែលយើងមានឱ្យបានល្អ ហើយធ្វើឱ្យគេឃើញថាគំនិតយើងពិតជាអាចទុកចិត្តបានសមនឹងគេចូលរួមជាមួយ ការខ្វះដើមទុនមិនមែនជាបញ្ហាចោទដូចដែលយើងខ្វះគំនិតនោះទេ ហេតុនេះហើយបើចង់បានទុនរកស៊ីយើងអាចសាកល្បងវិធីទាំងនេះបាន។
២.កញ្ញា លីម សៀម៉ី
ក្នុងនាមជាក្មេងស្រីម្នាក់ដែលគ្មានដើមទុនធំដុំរកស៊ីដូចគេដទៃ កញ្ញា លីមសៀម៉ី បានបន្តពុះពាររកស៊ីតាំងពីអ្នកលក់អនឡាញធម្មតាម្នាក់ក្លាយជាថៅកែហាងលក់សម្លៀកបំពាក់ទាំងវ័យក្មេង។សមិទ្ធផលទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងតស៊ូរបស់កញ្ញា ដែលមានទឹកចិត្តមុតមាំក្នុងការរកស៊ីតាមក្តីស្រមៃដែលខ្លួនចង់បាន បើទោះបីជាកញ្ញាគ្មានដើមទុនគ្រប់គ្រាន់ដើម្បីរកស៊ីក៏ដោយ ប៉ុន្តែបញ្ហាដើមទុនមិនបានរារាំងមិនឱ្យកញ្ញាចេញរកស៊ីនោះទេ នេះដោយសារតែកញ្ញាបានដើរតាមផ្លូវមួយ គឺរកស៊ីពីដើមទុនតិច។
កញ្ញា លីម ស៊ាម៉ី ម្ចាស់ហាងសម្លៀកបំពាក់ M&M fashion store បានបន្តទៀតថា ការចាប់ផ្តើមរកស៊ីដោយដើមទុនតិចនេះជាផ្លូវល្អបំផុតសម្រាប់អ្នកមិនមានទុនច្រើនដើម្បីចាប់ផ្តើមការរកស៊ី ក្នុងនោះកញ្ញាបានផ្តាំផ្ញើថា “ក្នុងនាមខ្ញុំជាអ្នករកស៊ីផង រៀនផង ខ្ញុំសូមធ្វើការផ្តាំផ្ញើរទៅកាន់អូនៗដែលគាត់ស្រឡាញ់ការរកស៊ីថា កុំចាំដល់មានលុយ មានពេលវេលាគ្រប់គ្រាន់ទើបចេញរកស៊ី ព្រោះពេលខ្លះបើយើងចាំយើងមិនអាចសម្រេចក្តីស្រមៃរបស់យើងបាននោះទេ ហេតុនេះបើយើងគ្មានទុនយើងរកអាជីវកម្មណាដែលយើងស្រឡាញ់ចូលចិត្តហើយត្រូវនឹងយើង បន្ទាប់មកចាប់ផ្តើមធ្វើវាពីតូចទៅតាមរយៈការលក់អនឡាញ ឬបើកលក់នៅផ្ទះតិចតួចជាដើម”
កញ្ញាបញ្ជាក់បន្ថែមផងដែរថា ចំពោះបងៗដែលមានលុយរកស៊ីគ្រប់គ្រាន់ហើយ ចង់ចេញរកស៊ីត្រូវត្រៀមផែនការអាជីវកម្ម និងត្រៀមខ្លួនឱ្យបានរួចរាល់ ចំណែកឯបងៗដែលកំពុងរកស៊ីហើយជួបនូវបញ្ហាដូចជាកញ្ញាកុំអស់សង្ឃឹមត្រូវតស៊ូទៅមុខទៀត និងបន្តរៀនសូត្រជានិច្ចព្រោះមានការសិក្សារៀនសូត្របន្ថែមទេ ដែលអាចនាំយើងចេញពីបញ្ហាទាំងអស់នោះបាន៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង