២០២៥ មកស្គាល់ប្រភពចំណូលធំៗទាំង៧ ដែលអ្នកគួរកសាង បើចង់រកចំណូលបានច្រើនជាងមុន
Toeuy HongDECEMBER 25 2024648 views

គេថាបើអ្នកពឹងតែលើប្រភពចំណូលតែមួយប្រភពអ្នកមិនអាចកសាងភាពមានបានឡើយ ដូច្នេះបើចង់សល់ទ្រព្យ សល់លុយនិងរស់នៅមិនរងសម្ពាធនៃលុយកាក់ អ្នកគួរកសាងប្រភពចំណូលឲ្យបានច្រើនតាមដែលអាចនធ្វើបាន។ ខាងក្រោមនេះគឺជាប្រភពចំណូលទាំង៨ ហើយបើអ្នកអាចកសាងបាននោះអ្នកនឹងមានប្រភពចំណូលចិញ្ចឹមអ្នកមួយជីវិត។

 ១. ចំណូលសកម្ម

ចំណូលសកម្មគឺជាប្រភេទចំណូលដែលទទួលតាមរយៈការធ្វើសកម្មភាព។ ចំណូលសកម្មនេះអ្នកត្រូវដោះដូរពេលវេលានិងកម្លាំងកាយកម្លាំងបញ្ញារបស់អ្នកដើម្បីបានលុយ។ ឧទាហរណ៍បើអ្នកជាគ្រូបង្រៀន រាល់ថ្ងៃអ្នកត្រូវទៅបង្រៀនសិស្សដើម្បីបានចំណូល។

 ២. ចំណូលការប្រាក់

ចំណូលពីការប្រាក់ អ្នកអាចកសាងបានតាមរយៈការផ្ដល់ប្រាក់ខ្ចីឲ្យអ្នកដទៃហើយអ្នកគិតការប្រាក់ពីអ្នកខ្ចីលុយរបស់អ្នក។ ចំណែកមួយទៀតគឺអ្នកបានចំណូលពីការប្រាក់តាមរយៈការដាក់ប្រាក់សន្សំនៅធនាគារ។ នៅខ្មែរយើងការប្រាក់សន្សំនៅធនាគារអាចបានពី៧ទៅ៨%ក្នុងមួយឆ្នាំ។ ដូច្នេះបើមានលុយតែមិនទាន់ហ៊ានយកទៅរកស៊ីឬវិនិយោគអាចគិតគូដាក់ធនាគារក៏បានការប្រាក់ហើយសុវត្ថិភាព។

 ៣. ចំណូលពីប្រាក់ចំណេញ

ចំណូលពីប្រាក់ចំណេញគឺអ្នកអាចរកប្រភពចំណូលនេះបានតាមរយៈការទិញឬលក់របស់អ្វីមួយ ហើយចំណូលនេះទៀតសោតបើអ្នកអាចកសាងបាន អ្នកនឹងសល់លុយច្រើននិងអាចបង្កើតភាពមានបានបានលឿនទៀត។ ឧទាហរណ៍បើអ្នកកម្ម៉ងឥវ៉ានពីចិនមកលក់នៅខ្មែរហើយមានអ្នកគាំទ្រទិញជាហូរហែនោះអ្នកនឹងរកចំណូលបានច្រើនហើយបានចំណេញពីការលក់ផលិតផលរបស់អ្នក។ ដូច្នេះចំណូលពីប្រាក់ចំណេញគឺធ្វើឲ្យអ្នករកលុយបានច្រើន។

 ៤. ចំណូលពីការជួល

 ចំណូលពីការជួលនេះភាគច្រើនគឺបានពីការវិនិយោគលើអចលនទ្រព្យដូចជា ផ្ទះជួល ខុនដូ ដី និងអចលនទ្រព្យផ្សេងៗទៀតដែលអ្នកអាចដាក់ជួលបាន។ អ៊ីចឹងបើអ្នករកលុយបានច្រើនគួរគិតគូសិក្សាពីការវិនិយោគលើអចលនទ្រព្យហើយកែច្នៃអចលនទ្រព្យអ្នកសម្រាប់ដាក់ជួលនោះអ្នកនឹងបង្កើតចំណូលពីការជួលជាមិនខាន។

 ៥. ចំណូលពីចំណេញមូលធន

ចំណូលពីចំណេញមូលធនគឺបានពីការឡើងថ្លៃនៃទ្រព្យដែលអ្នកបានវិនិយោគ។ ឧទាហណ៍អ្នកវិនិយោគទិញដីមួយកន្លែងតម្លៃ៥ពាន់ដុល្លារស្រាប់តែមួយឆ្នាំក្រោយដីនេះឡើងដល់១ម៉ឺនដុល្លារនោះអ្នកចំណេញបាន៥ពាន់ដុល្លារបើអ្នកលក់វាចេញ។ អ៊ីចឹងចំណេញមូលធននេះក៏ជាប្រភពណូលដែលជួយឲ្យអ្នកអាចសាងទ្រព្យផងដែរ។ ដូច្នេះបើអ្នកលុយអ្នកអាចគិតគូសាងចំណូលពីចំណេញមូលធនតាមរយៈការទិញទ្រព្យដូចជាអចលនទ្រព្យនិងភាគហ៊ុនជាដើម។

 ៦. ចំណូលពីកម្មសិទ្ធិបញ្ញា

ចំណូលពីកម្មសិទ្ធិបញ្ញានេះអ្នកអាចកសាងបានតាមរយៈការបង្កើតស្នាដៃឬផលិតផលអ្វីមួយហើយពេលអ្នកដទៃចង់យកស្នាដៃឬផលិតផលរបស់អ្នកប្រើប្រាស់ ពួកគាត់នឹងត្រូវបង់ថ្លៃកម្មសិទ្ធិបញ្ញាហើយអ្នកក៏រកចំណូលបានតាមរយៈស្នាដៃរបស់អ្នក។ ឧទាហរណ៍បើអ្នកមានគំនិតអាជីវកម្មឬគំរូអាជីកម្មហ្វ្រេនឆាយ( Franchise) អ្នកអាចលក់សិទ្ធិអាជីវកម្មហ្វ្រេនឆាយឲ្យអ្នកដទៃ ហើយអ្នកអាចរកចំណូលពីការលក់សិទ្ធិអាជីវកម្មនេះ។

 ៧. ចំណូលភាគលាភ

ចំណូលភាគលាភគឺអ្នកបានពីការវិនិយោគចូលហ៊ុនក្នុងការរកស៊ីនិងវិនិយោគទិញភាគហ៊ុនរបស់ក្រុមហ៊ុនធំៗនៅលើផ្សារហ៊ុន។ ឧទាហរណ៍បើអ្នកបានចូលហ៊ុនវិនិយោគរកស៊ីនៅក្នុងអាជីវកម្មមួយ ពេលក្រុមហ៊ុននោះរកស៊ីចំណេញអ្នកនឹងទទួលបានប្រាក់ចំណេញព្រោះអ្នកក៏ជាម្ចាស់ភាគហ៊ុនដូច្នេះអ្នកក៏បានប្រាក់ចំណូលតាមរយៈប្រាក់ចំណេញដែលគេហៅម្យ៉ាងទៀតថាភាគលាភនេះឯង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia