ជនបរទេសនិង ជាសប្បុរសជនដ៏សកម្ម១រូប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាទីប្រឹក្សាផ្ទាល់
Ping Chou EngDECEMBER 25 2024419 views

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤​ ព្រះករុណា ព្រះ​បាទ សម្តេចព្រះបមរនាថ នរោត្តម ស៊ីហមុនី ព្រះមហាក្សត្រកម្ពុជា​ សព្វព្រះរាជហឫទ័យ តែងតាំងលោក Scott Neeson ​(ស្កុត នីសីន) ប្រធាន​អង្គការ​មូលនិធិ​កុមារកម្ពុជា​(CCF) ជាទីប្រឹក្សាផ្ទាល់សម្តេច​នាយករដ្ឋមន្ត្រី​កម្ពុជា។

 

សូមបញ្ជាក់ថាលោក Scott Neeson គឺជាបុរសជនជាតិអូស្រ្តាលី បច្ចុប្បន្នជាស្ថាបនិកនិងជាប្រធានអង្គការមូលនិធិកុមារកម្ពុជា (Cambodia Children Fund) ។ លោកគឺជាជនបរទេសនិងជាសប្បុរសជនដ៏សកម្មមួយរូប  ដែលបានជួយសង្គ្រោះជីវិតកុមារកម្ពុជា ជាច្រើនរូបចាកចេញពីគំនរសំរាមស្ទឹងមានជ័យនិងអាចឱ្យពួកគាត់មានឱកាសសិក្សារៀនសូត្រចេះដឹង អាចរៀបចំកសាងអនាគតខ្លួនឯង។

 

ជាអតីតនាយកក្រុមហ៊ុនធ្វើការនៅ Hollywood ផលិតខ្សែភាពដ៏ល្បីល្បាញនៅទូទាំងសកលលោក ចំនួន២៦ឆ្នាំ ខណៈដែលអាចទទួលបានប្រាក់ចំណូលប្រចាំឆ្នាំរាប់លានដុល្លារ ប៉ុន្តែនៅឆ្នាំ២០០៣ លោកបាន ផ្លាស់ប្តូរចិត្តក្រោយបានមកទស្សនកិច្ចនៅកម្ពុជាប្រមាណ៥សប្តាហ៍។

 

ដោយហេតុថាមានកុមារអាស្រ័យផលលើគំនរសំរាមស្ទឹងមានជ័យ សុំលោកនូវឱកាសរៀនសូត្រ។ ក្នុងឆ្នាំ២០០៤ លោកក៏បានសម្រេចចិត្តមករស់នៅប្រទេសកម្ពុជា និងបង្កើតមូលនិធិកុមារកម្ពុជាឡើង ដើម្បីផ្ដល់នូវការសិក្សារៀនសូត្រដល់កុមារទាំងនោះ។

 

មកទល់បច្ចុប្បន្ននេះក្រោមការលះបង់របស់លោក Scoot Neeson មានកុមារកម្ពុជាច្រើនដែលបានសម្រេចក្តីស្រមៃ ផ្លាស់ប្តូរជីវិត មានឱកាសរៀនសូត្របានខ្ពង់ខ្ពស់ ក្លាយជាធនធានសង្គម ដោយពួកគេទាំងនោះបានចាត់ទុកលោកស្កុត គឺជាវីរបុរសរបស់កុមាររើសសំរាមនៅទីលានចាក់សំរាមស្ទឹងមានជ័យ៕​

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia