គម្រោងសណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម Peninsula Integrated Resort ដែលមានទីតាំងស្ថិតនៅខេត្ដព្រះសីហនុ បច្ចុប្បន្នបាននិងកំពុងដំណើរការសាងសង់យ៉ាងស្រស្រាក់ស្រស្រាំ ដោយក្នុងនោះសម្រេចបាន ១៣ ភាគរយហើយគិតត្រឹមខែធ្នូ ឆ្នាំ២០២៤នេះ។ គម្រោងសណ្ឋាគារដ៏ប្រណិតនេះមានទុនវិនិយោគជាង៥០០លានដុល្លារ ហើយក៏នឹងបន្ថែមទុនវិនិយោគ ៣០០ លានដុល្លារដើម្បីបញ្ចប់ផងដែរ។
លោក សេង អៀក ប្រធានរដ្ឋបាលនៃក្រុមហ៊ុនអភិវឌ្ឍន៍សណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម Peninsula Integrated Resort បានឲ្យថា ដោយសារតែការសាងសង់គម្រោងនេះកាន់តែរីកធំជាងផែនការ ក្រុមហ៊ុនបានត្រៀមថវិកាបន្ថែមប្រមាណ៣០០លានដុល្លារ។ ដូច្នេះសរុបទឹកប្រាក់នៃការវិនិយោគលើគម្រោងនេះ អាចយ៉ាងហោចណាស់ក៏៨០០លានដុល្លារ។
លោកក៏បានបញ្ជាក់ដែរថា គម្រោងសណ្ឋាគារលំដាប់ផ្កាយ ៥ នេះ គឺគ្រោងនឹងបញ្ចប់ទាំងស្រុងនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៨ខាងមុខ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនសាងសង់បាន និងកំពុងពន្លឿនការសាងសង់ ដើម្បីឱ្យចប់ទៅតាមផែនការ ដោយបានប្រើប្រាស់កម្លាំងពលកម្មសរុបក្នុងការដ្ឋានប្រមាណ ១០០០នាក់ មកពីចម្រុះជាតិសាសន៍ ដូចជា ចិន ខ្មែរ នេប៉ាល់ និងបង់ក្លាដេស ជាដើម។
ជាមួយគ្នានេះដែរ នៅពេលគម្រោងសណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម Peninsula Integrated Resort នេះដាក់ឱ្យដំណើរការ អាចនឹងផ្ដល់ការងារដោយផ្ទាល់ប្រមាណ ៤ពាន់នាក់ និងដោយប្រយោលជាច្រើននាក់៕