ជំពាក់គេច្រើន ចង់សងឆាប់អស់! នេះជាផ្លូវដោះបំណុល៣ ជនជាតិកាណាដា ចូលចិត្តធ្វើបំផុត
SOKLY SONOVEMBER 24 20221.4 K views

មានកត្តាជាច្រើនដែលនាំឱ្យមនុស្សធ្លាក់ចូលទៅក្នុងបំណុល  ប៉ុន្តែហេតុផលសំខាន់១ ដែលធ្វើឱ្យធ្លាក់ទៅក្នុងបំណុលអាក្រក់គឺ ការខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ហេតុនេះហើយ Business Cabodia សូមលើកយកផ្លូវដោះបំណុល៣ ដែលអាចជួយឱ្យឆាប់អស់បំណុល ហើយជនជាតិកាណាដាចូលចិត្តប្រើបំផុត ដោយយោងតាមគេហទំព័រ Credit Counselling Society។

ទី១. ចាយឱ្យតិចជាងគម្រោងចំណាយ

ជំហានដំបូងត្រូវរៀបចំផែនការចំណាយឱ្យបានត្រឹមត្រូវ ដើម្បីបង្កា ការចំណាយលុយច្រើនជ្រុល ធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពសងបំណុលគេ។ អ្នកគួរដាក់ផែនការឱ្យច្បាស់ ថាមួយខែត្រូវចាយបានប៉ុន្មានទើបមិនមានបញ្ហា ហើយកុំចាយឱ្យលើសចំនួនដែលបានកំណត់នោះ។  អ្វីដែលសំខាន់នៅត្រង់ចំណុចនេះគឺ លៃយ៉ាងណាឱ្យចាយអស់តិចជាងចំនួនដែលបានកំណត់ ថែមទៀត

ជាក់ស្ដែងមនុស្សយើងមានចំណាយច្រើនច្រក ទាំងតូចទាំងធំ ដូច្នេះអ្នកគួរចាប់កាត់ពីចំណាយធំៗមុន។ ឧទាហរណ៍ថា អ្នកត្រូវការឡាន អ្នកអាចជ្រើសរើសឡានណាដែលមានគុណភាពល្មមប្រើការបាន មិនបាច់ថ្មីពេកឬថ្លៃពេកទេ។ បន្ទាប់មកចាប់ផ្ដើមរៀបចំច្រកចំណាយតូចៗឱ្យល្អ ដែលរួមមានការប្រើប្រាស់គ្រឿងទេស ញ៉ាំម្ហូបអាហារសមល្មម កុំឱ្យសល់ចាក់ចោលឱ្យសោះ។ សូមកុំមើលរំលងលុយកាក់សេន សន្សំតក់ៗ អាចជួយសម្រួលបន្ទុកបំណុលអ្នកឱ្យកាន់តែស្រាលបាន។ 

ទី២. ផ្តោតលើបំណុលជានិច្ច

ក្នុងនាមជាអ្នកជំពាក់លុយគេ អ្នកគួរគិតគូរ និងយកចិត្តទុកដាក់ចំពោះបញ្ហានេះឱ្យបានច្រើនតាមដែលអាចធ្វើបាន លៃយ៉ាងណាកុំឱ្យភ្លេចខ្លួនឱ្យសោះ។ ដើម្បីឱ្យកាន់តែច្បាស់ អ្នកគួរកត់ត្រារាល់បំណុលដែលខ្លួនឯងមាន និងតាមដានរបាយការរបស់វាជាប្រចាំ។ ធ្វើបែបនេះជួយឱ្យអ្នកដឹងថា មានបំណុលសរុបប៉ុន្មាន ការប្រាក់ប៉ុន្មាន ជំពាក់អ្នកណាខ្លះ  សងបានប៉ុន្មានហើយ ឬសល់ពេលប៉ុន្មានទៀតទើបអស់ជាដើម។

ទី៣. សងបំណុលដែលថ្លៃបំផុតជាមុន

ចាប់ផ្ដើមសងពីបំណុលណាដែលមានការប្រាក់ច្រើនបំផុតមុនគេ ដើម្បីសម្រាលបន្ទុកបានលឿន។ បន្ទាប់មកសម្រុកសងបំណុលមួយនោះឱ្យឆាប់អស់ ដាក់វាជាគោលដៅធំបំផុតនៅក្នុងជីវិតនាពេលបច្ចុប្បន្ន ដើម្បីប្រាកដចិត្តថាអ្នកពិតជាផ្ដោត និងចង់ឆាប់អស់បំណុល។ ជាក់ស្ដែងបើអ្នកជំពាក់លុយធនាគារ អ្នកច្បាស់ជាមិនអាចបង់លើសចំនួនបានឡើយ ប៉ុន្តែកុំប្រារម្ភអីក្បួននេះ មិនឃាំងអ្នកក្នុងការរកលុយបានលើសចំនួនបង់ឡើយ។

បើធនាគារកំណត់ឱ្យអ្នកត្រូវបង់ ៣០០ដុល្លារ អ្នករកឱ្យបាន​ ៤០០ដុល្លារទៅមើល សងគេរួចដក ១០០ដុល្លារសន្សំ។ អ្នកគ្រាន់តែចាត់ទុកលុយ១០០ដុល្លារនោះថា ជាចំនួនត្រូវបង់បំណុលធំបំផុតមួយនោះ ហើយបន្តធ្វើបែបនេះជារៀងរាល់ខែ។ ភ្លេចៗខ្លួនលុយនោះនឹងកើន ហើយអ្នកអាចយកវាទៅផ្ដាច់បំណុលតូចៗផ្សេងទៀតបានបាត់ទៅហើយ។

នៅពេលដែលបំណុលធំបំផុតរបស់អ្នកត្រូវបានផ្ដាច់ ចូរប្រើក្បួននេះអនុវត្តន៍បន្ត ជាមួយនឹងបំណុលធំបន្ទាប់នោះរហូតដល់អស់តែម្ដង។ សូមបញ្ជាក់ថាក្បួនដោះបំណុលមួយនេះពេញនិយមខ្លាំងណាស់ ហើយអ្វីដែលសំខាន់ អ្នកប្រើក្បួននេះភាគច្រើនតែងតែទទួលអារម្មណ៍សប្បាយចិត្ត នៅពេលដែលបានឃើញបំណុលរបស់គេដាច់ទៅជាបន្តបន្ទាប់។

សូមជម្រាបផងដែរថា បំណុលកើតចេញពីមនុស្ស ហេតុនេះមិនថាវាអាក្រក់ ឬច្រើនប៉ុនណាទេ វានៅតែមិនលើសពីសមត្ថភាពដោះស្រាយរបស់អ្នកឡើយ។ បញ្ហាតែងតែមានដំណោះស្រាយ សំខាន់ត្រង់ថាអ្នកមានការតាំងចិត្តចង់ចាកចេញពីបំណុលនោះឆាប់ប៉ុនណា និងហ៊ានលះបង់ភាពសប្បាយ ដាក់ចិត្តដាក់កាយដោះបំណុលដែរឬទេ៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia