ចិត្តចង់សន្សំ តែអារម្មណ៍មិនសហការ! ប្រើល្បិចបញ្ឆោតខ្លាចូលរូង មិនបាច់ខំក៏សន្សំលុយសល់ច្រើន
SOKLY SOMARCH 16 2023375 views

ជាក់ស្ដែងមានវិធីសាស្ត្រជាច្រើនដើម្បីបង្រៀនមនុស្សឱ្យចេះចាត់ចែងលុយកាក់ ប៉ុន្តែឱ្យតែនិយាយដល់ការសន្សំលុយ មនុស្សជាច្រើនតែងតែទទួលអារម្មណ៍ថាដូចជាការបង្អត់ខ្លួនឯង ព្រោះតែការកាត់បន្ថយចំណាយច្រើនពេក។

ក៏ប៉ុន្តែ ចិត្តវិទូផ្នែកហិរញ្ញវត្ថុ លោក Alex Melkumian បានបង្ហើបពីវិធីសាស្រ្តសាមញ្ញបំផុតមួយអាចជួយឱ្យយើងសន្សំលុយសល់ដោយមិនបាច់ប្រឹង គឺ ការបែងចែករវាង “តម្រូវការចាំបាច់” និង “ការចង់បាន”

លោក Melkumian ពន្យល់យ៉ាងខ្លីថា មនុស្សយើងមានការចំណាយធំៗ២គឺ “ចំណាយលើការរស់នៅ” និង “ចំណាយលើសម្ភារៈនិយម” ។ លោកឱ្យដាក់បាក្យថា “ចង់បាន” ទៅក្នុងការចំណាយលើសម្ភារៈនិយម ហើយដាក់ពាក្យថា “តម្រូវការ” ទៅក្នុងការចំណាយលើការរស់នៅ។

បន្ទាប់មកពេលដែលអ្នកចង់ទិញអ្វីមួយ អ្នកសួរខ្លួនឯងសិនថា តើវាស្ថិតនៅក្នុងការចំណាយមួយណា? ឧទាហរណ៍ថាអ្នកចង់ទិញម៉ូតូថ្មីមួយ សួរខ្លួនឯងសិនថា ឥឡូវនេះខ្ញុំត្រូវការម៉ូតូថ្មីយកមកធ្វើអ្វី? ប្រសិនបើអ្នកមានម៉ូតូមួយជិះស្រាប់ហើយ នោះម៉ូតូថ្មីមិនមែនជាចំណាយលើការរស់នៅទេ វាជាការចំណាយលើសម្ភារៈនិយមហើយ ហេតុនេះអ្នកមិនមានភាពចាំបាច់ត្រូវទិញវាទេ។

ក្បួនរបស់គាត់គឺមិនស្មុគស្មាញឡើយ គ្រាន់តែព្យាយាមបង្កើតសួរខ្លួនឯងជាប្រចាំនៅពេលដែលអ្នកចង់ទិញអ្វីមួយ។ ពេលនោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលចាយលុយកាន់តែមានប្រសិទ្ធភាពជាងមុន បន្ទាប់មកអ្នកនឹងឃើញហើយថាលុយសន្សំរបស់អ្នកបន្តកើនជាលំដាប់ ព្រោះតែអ្នកបានកាត់បន្ថយការចំណាយមិនចាំបាច់កន្លងមក កាត់បន្ថយដោយមិនមានអារម្មណ៍ថាបានបង្អត់ខ្លួនឯងឡើយ។

សូមជម្រាបផងដែរថាគ្រប់រឿងធំៗទាំងអស់គឺកើតចេញពីរឿងតូចៗ លទ្ធផលធំក៏កើតចេញពីសកម្មភាពតូចៗដែរ។ ដូច្នេះហើយបើលោកអ្នកចង់សល់លុយ មិនបាច់ធ្វើអ្វីច្រើនឡើយ គ្រាន់តែអនុវត្តវិធីសាស្ត្រសាមញ្ញខាងលើនេះឱ្យបានជាប្រចាំថ្ងៃទៅគឺគ្រប់គ្រាន់ហើយ៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia