បច្ចុប្បន្នមនុស្សជាច្រើនក្រៅពីមានការងារពេញម៉ោង ពួកគេក៏ត្រូវការការងារក្រៅម៉ោងបន្ថែមទៀត ដើម្បីបំពេញតម្រូវការរស់នៅ។ ក្នុងនោះផងដែរយោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាការងារចល័ត៣ប្រភេទនេះ បើមនុស្សចេះច្បាស់ នឹងអាចជួយពួកគេរកចំណូលបានក្នុង១ម៉ោង ចន្លោះ៣០ដុល្លារ នៅកម្ពុជាយើងក៏ប្រកបរបរនេះបាន។
១. គ្រូបង្វឹកផ្នែកហិរញ្ញវត្ថុ/ទីប្រឹក្សាហិរញ្ញវត្ថុ៖ ជាការងារប្រៀបដូចគ្រូបង្វឹកហាត់ប្រាណដែរ ប្រសិនជាអ្នកមានបទពិសោធន៍ជម្រះបំណុលផ្ទាល់ខ្លួនជោគជ័យ ឬអ្នកធ្លាប់បានធ្វើការនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុនិងពូកែខ្លាំងលើតួលេខ អ្នកអាចប្រើចំណេះដឹងនិងជំនាញនេះដើម្បីជួយមនុស្សឬអាជីវកម្មដែលមិនពិបាកគ្រប់គ្រងហិរញ្ញវត្ថុ។
ដោយក្នុងនោះអ្នកអាចផ្តល់សេវាកម្មបង្វឹកប្រឹក្សាយោបល់ ជួយផ្លាស់ប្តូរទម្លាប់ប្រើលុយកាក់ ដើម្បីជួយពួកគេសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ ជួយគណនាការប្រាក់កាត់បន្ថយហានិភ័យនៃការខ្ចីលុយ និងផ្តល់ដំណោះស្រាយជម្រះបំណុលជាដើម។
២. ជាអ្នកសរសេរបែបបច្ចេកទេស៖ ជាការងារសរសេរផ្អែកដោយ លើជំនាញណាមួយរបស់អ្នក ប្រសិនបើអ្នកចូលចិត្តការសរសេរកូដ អ្នកអាចបង្កើតវេបសាយឬបង្កើតអេបសម្រាប់អាជីវកម្មតូចៗ នោះអ្នកនឹងអាចរកចំណូលបានក្រៅម៉ោងបាន។ មួយវិញទៀតប្រសិនបើអ្នកជំនាញ សរសេរផែនការ រៀបចំគម្រោងអាជីវកម្ម ដើម្បីជួយអ្នកចង់ចាប់ផ្តើមអាជីវកម្មតូចនិងមធ្យមឱ្យមានផែនការដើរដោយត្រឹមត្រូវ និងជៀសវាងការខាតបង់នោះក៏អាចរកចំណូលបានផងដែរ។
៣. ចេះលម្អិតអំពីរថយន្ត៖ ប្រសិនបើអ្នកមានជំនាញខាងមេកានិក និងចេះមើលរថយន្តលម្អិត អ្នកអាចជួយមើលនិងវាយតម្លៃរថយន្តឱ្យអ្នកជិតស្និតឬអតិថិជន សម្រាប់ការទិញ-លក់ជាដើម។ មួយវិញទៀតអ្នកអាចធ្វើជាអ្នកកែលម្អ ឬជួសជុល ផ្នែកគ្រឿងខាងក្នុង និងខាងក្រៅរបស់រថយន្ត។
ប្រភពដដែលបានឱ្យដឹងថាចំពោះអ្នកចេះលមិ្អតផ្នែករថយន្ត រំពឹងថានឹងរកបានចន្លោះពី ១៧ ទៅ ៣៤ ដុល្លារក្នុងមួយម៉ោង ហើយអ្នកអាចធ្វើបែបនេះបានយ៉ាងងាយស្រួលនៅពេលចុងសប្តាហ៍ ដោយទៅបំពេញសេវាកម្មនៅទីតាំងរបស់អតិថិជនផ្ទាល់តែម្តង។
យ៉ាងណាមិញសម្រាប់អ្នកចង់ធ្វើប្រើជំនាញ ធ្វើសេវាកម្មទាំងនេះនៅក្រៅម៉ោង ឬពេញម៉ោង អ្នកអាច ផ្សព្វផ្សាយជំនាញរបស់ខ្លួន តាមអ៊ីនធឺណិតនិងប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចជាអាចចាប់ផ្តើមពីការធ្វើសេវាកម្មឱ្យអ្នកស្គាល់គ្នា ដែលពួកគេកំពុងមានតម្រូវការសិនក៏បាន៕
អត្ថបទដោយ៖ ពីង ជូអេង