បើនិយាយពីដីនៅក្នុងប្រទេសកម្ពុជាយើង មានដីតំបន់ខ្លះគឺបាកនៅក្នុងការដាំដុះខ្លាំងមែនទែន អាចមកពីដីនោះជាប្រភេទដីឥដ្ឋ ស្ងួត ដាំដំណាំមិនសូវបានផល ផលមិនល្អផ្សេងៗជាដើម។ដោយមើលឃើញពីបញ្ហានេះ ទើប Business Cambodia បាននាំយកនៅគំនិតច្នៃដីថ្មីមួយដែលប្រជាកសិករថៃ គាត់ប្រើទៅលើដីដែលពិបាកក្នុងការដាំដុះ ឱ្យក្លាយជាដីដែលអាចប្រកបរបរដាំដុះបាន ហើយអាចរកលុយបាន២ច្រកក្រៅពីការដាំដំណាំលើដីថែមទៀតផង។ដែលគំនិតនោះគឺ ៖
១.ជ្រើសរើសដំណាំដែលត្រូវនឹងដី
ជាដំបូងចំពោះដំណាំដែលគួរតែជ្រើសរើសយកមកដាំនៅលើប្រភេទដីដែលពិបាកដាំដុះ បងប្អូនគួរតែជ្រើសរើសប្រភេទដំណាំដែលងាយធន់នឹងអាកាសធាតុដូចជា ត្របែក ឬបងប្អូនអាចដាំដំណាំអមដូចជា ចេក ល្ហុង ដែលជាប្រភេទដំណាំឆាប់បានផលផ្សេងៗទៀតនៅលើដីនោះ។
២.ជីកជាស្រះចិញ្ចឹមត្រីអមជាមួយដំណាំ
គំនិតច្នៃដីទី ២ គឺបងប្អូនអាចជីកជាស្រះដែលមានប្រវែង ៣៥ ម៉ែត្រ(ឬខ្លីជាងនេះទៅតាមទំហំដីជាក់ស្តែង) ទទឹង ១ម៉ែត្រ និងជម្រៅ ៥០ ស.ម៉ែត្រ។ដោយការជីកនេះត្រូវជីកតាមបណ្តោយជួរដែលបងប្អូនដាំដំណាំ ព្រោះជាធម្មតាពេលដាំដំណាំយើងតែងទុកគម្លាតឆ្ងាយពីគ្នា ហេតុនេះសល់ចន្លោះបងប្អូនអាចជីកជាស្រះនេះហើយក្រាលកៅស៊ូពីក្រោមសម្រាប់ស្តុកទឹកសម្រាប់ចិញ្ចឹមត្រី។
៣.បន្ថែមការដាំបន្លែដែលអាចដាំលើទឹកបាន
សម្រាប់គំនិតចុងក្រោយដែលបងប្អូនអាចច្នៃបានបន្ថែមនោះគឺ ការដាំប្រភេទបន្លែដែលអាចដាំលើទឹកបាន ដូចជា ត្រកួន កញ្ជែតជាដើម។ការធ្វើបែបនេះក្រៅផ្តល់សំណើមសម្រាប់ដីហើយ បងប្អូនអាចប្រមូលផលបានពីត្រី និងបានពីបន្លែដែលដាំលើទឹកបានថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ចំពោះការច្នៃដីដែលពិបាកក្នុងការដាំដុះបងប្អូនអាចសាកល្បងតាមវិធីនេះបាន ព្រោះវិធីចាយលុយអស់តិច ហើយចំណេញ ព្រោះក្នុងដីមួយកន្លែងបងប្អូនអាចរកចំណូលបានដល់៣ផ្លូវ៕