ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាយរបស់ថៃគឺ Thai Airways បានប្រកាសក្ស័យធនកាលពីប៉ុន្មានឆ្នាំមុន ។ ប៉ុន្តែពេលនេះក្រុមហ៊ុនមួយនេះកំពុងត្រៀមខ្លួនងើបឡើងវិញ ខណៈរាជរដ្ឋាភិបាលថៃ ប្រកាសផ្ដល់ជំនួយ ២.២ ពាន់លានដុល្លារ ដើម្បីស្រោចស្រង់ក្រុមហ៊ុនរបស់ខ្លួន ចេញពីភាពក្ស័យធន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam plus នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។
លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg ថា ធនាគារគ្រប់គ្រងដោយរដ្ឋ គឺជាអ្នកដឹកនាំក្នុងការផ្តល់មូលនិធិដែលជាប្រាក់កម្ចី ក៏ដូចជាបញ្ចូលភាគហ៊ុនទៅក្នុងក្រុមហ៊ុន Thai Airways ដែលនេះជាផ្នែកមួយនៃផែនការកែលម្អដែលក្រុមហ៊ុនអាកាសចរណ៍បានផ្តល់ឱ្យតុលាការ សម្រាប់ការអនុម័តកាលពីខែមុន។ ជាមួយគ្នានោះដែរ ក្រសួងបានបន្តទៀតថា ទីភ្នាក់ងារផ្សេងទៀតនឹងបន្តរក្សាភាគហ៊ុនរួមគ្នាយ៉ាងហោចណាស់ ៤០ភាគរយ នៅក្នុងក្រុមហ៊ុន ដើម្បីជំរុញក្រុមហ៊ុនដឹកជញ្ជូនឱ្យបន្តធ្វើការប្រកួតប្រជែង។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Thai Airways បានដាក់ពាក្យសុំការការពារក្ស័យធនតាំងពីឆ្នាំ២០២០មកម្ល៉េះ ដោយសារការខាតបង់ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៣។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការស្ទុះងើបឡើងវិញនៃការធ្វើដំណើរតាមផ្លូវអាកាសនៅលើពិភពលោកនាពេលថ្មីៗនេះ បានជួយ Thai Airways ជំរុញលំហូរសាច់ប្រាក់របស់ខ្លួន និងកាត់បន្ថយប្រាក់កម្ចីបានមួយកម្រិត៕
អត្ថបទដោយៈ ឌឿក ស្រី នុត រតនៈ