ក្រោយពីនៅខ្មែរមានកន្លែងលក់ឡានTesla មិនទាន់បានប៉ុន្មានផង ពេលនេះក្រុមហ៊ុន Tesla បានចុះបញ្ជីត្រៀមចូលទីផ្សាប្រទេសថៃវិញម្ដង ដើម្បីធ្វើការដាក់លក់ឡានអគ្គិសនីរបស់ខ្លួន។ នេះបើយោងតាម សារព័ត៌មាន Thaiger បានឱ្យដឹងថា ការចុះបញ្ជីនេះធ្ចើឡើងនៅថ្ងៃទី២៥ ឧសភា ឆ្នាំ ២០២២។
ប្រភពដដែលបញ្ជាក់ថា គោលបំណងចម្បងរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសថៃគឺលក់រថយន្តអគ្គិសនី ឬ EVs ហើយក្រុមហ៊ុនក៏នឹងដំឡើង និងលក់ប្រព័ន្ធស្តុកថាមពល និងប្រព័ន្ធផលិតថាមពលផងដែរ។ ប៉ុន្ដែគេមើលឃើញថា Tesla ទំនងជាលក់រថយន្ដនៅថៃជាជាងផលិត ឬដំឡើងរថយន្តនៅក្នុងប្រទេសនេះ។
ដើម្បីលើកទឹកចិត្តឱ្យមានការប្តូរទៅប្រើរថយន្ត EV រដ្ឋាភិបាលបានធ្វើឱ្យស្ថានីយ៍សាកថ្មអាចប្រើប្រាស់ដោយឥតគិតថ្លៃ។
ការមកដល់របស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសថៃគឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីដើម្បីកាត់បន្ថយការបញ្ចេញកាបូន។ កាលពីខែមីនា រដ្ឋាភិបាលថៃបានអនុម័តថវិកាចំនួន ៣ ពាន់លានបាត ដើម្បីឧបត្ថម្ភដល់តម្លៃលក់រាយរថយន្ត EV សម្រាប់អតិថិជនក្នុងប្រទេសថៃ។ ហើយរដ្ឋាភិបាលនឹងកាត់បន្ថយពន្ធលើប្រាក់ចំណូលលើរថយន្ត EV ផងដែរ។
កាលពីខែមីនាកន្លងទៅ ក្រុមហ៊ុន Great Wall Motor និង MG Camp បានយល់ព្រមចូលរួមក្នុងគម្រោងរបស់រដ្ឋាភិបាល ហើយបានដាក់លក់រថយន្ត EV សរុបចំនួន ២ ០០០ គ្រឿងនៅក្នុងប្រទេសថៃ។ ក្រៅពីនោះ ក្រុមហ៊ុន Benz, BMW, Honda, Mitsubishi, Nissan, Foxconn និង Neta ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការលក់រថយន្ត EV នៅក្នុងប្រទេសថៃផងដែរ។ ឥឡូវនេះបានបន្ថែម Tesla ទៅក្នុងបញ្ជីមួយទៀត៕
អត្ថបទ៖ ឌឿក ស្រីនុត រតនៈ