លោក Elon Musk បានបង្ហាញការរំពឹងខ្ពស់ចំពោះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla នៅថ្ងៃអនាគតថា នឹងមានការហក់ឡើងខ្លាំង មិនធ្លាប់មានពីមុខមក។ នេះបើយោងតាមការចុះផ្សាយពី Yahoo.com។
មហាសេដ្ឋីលេខ១ លើលោករូបនេះ បានបង្ហោះសារនៅលើគណនី X របស់ខ្លួនកាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ យ៉ាងដូច្នេះថា៖ «វានឹងត្រូវការការអនុវត្តដ៏ល្អឥតខ្ចោះ។ ប៉ុន្តែខ្ញុំគិតថា ការកើនឡើងប្រហែល ១០០០% សម្រាប់ក្រុមហ៊ុន Tesla ក្នុងរយៈពេល ៥ឆ្នាំ គឺអាចទៅរួច»។ ក្នុងនោះលោកក៏ធ្លាប់បានលើកឡើងផងដែរថា តម្លៃក្រុមហ៊ុននេះអាចខ្ពស់ជាងការបូកបញ្ចូលតម្លៃក្រុមហ៊ុនធំបំផុតទាំង៥ របស់ពិភពលោកទៅទៀត។
យ៉ាងណាមិញ ការព្យាករណ៍ខាងលើអាចមានសញ្ញាវិជ្ជមាន ដោយសារកត្តាធំៗ២ ខាងក្រោម៖
១/. ផលិតផលថ្មី៖ Tesla កំពុងអភិវឌ្ឍរថយន្ត Cybercab ដែលជាប្រភេទតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ ខណៈគេរំពឹងថាវានឹងដំណើរការផលិតឆាប់ៗក្នុងឆ្នាំ២០២៦។ ប្រសិនបើជោគជ័យ បេសកម្មនេះអាចជាទំព័រអាជីវកម្មថ្មីសម្រាប់ Tesla ក្នុងទីផ្សារការធ្វើដំណើរអត់អ្នកបើកបរ។
២/. បច្ចេកវិទ្យា AI និងរ៉ូបូត៖ Tesla កំពុងវិនិយោគយ៉ាងខ្លាំងលើ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងកម្មវិធីបើកបរដោយស្វ័យប្រវត្តិ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏កំពុងអភិវឌ្ឍ រ៉ូបូត Optimus ដែល Elon Musk ជឿជាក់ថាអាចជួយបង្កើនតម្លៃក្រុមហ៊ុនឱ្យហក់ឡើងកាន់តែខ្លាំង។
គួររំលឹកថា ស្របពេលដែលមានការរំពឹងទុកខ្ពស់ ក្នុងនោះក៏មានការប្រកួតប្រជែងខ្លាំង រួមទាំងបញ្ហាបច្ចេកទេសជាច្រើនដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន Tesla ផងដែរ។ ខណៈលោក Elon Musk ធ្លាប់មានប្រវត្តិដាក់គោលដៅធំៗជាច្រើនដងមកហើយ ប៉ុន្តែខ្លះអាចមិនសម្រេចបានតាមការរំពឹងទុកឡើយ។ ដូច្នេះអ្នកវិនិយោគគួរតែមានការប្រុងប្រយ័ត្នក្នុងការវាយតម្លៃការព្យាករណ៍ទាំងនេះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook