ក្រោយចំណាយពេលសាងសង់អស់រយៈពេលជាច្រើនឆ្នាំ គម្រោងព្រលានយន្ដហោះអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទីមួយ ត្រៀមបើកដំណើរការនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះហើយ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅក្នុងដំណើរចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងដើម្បីត្រៀមខ្លួនបញ្ចប់ការងារ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
តាមការឲ្យដឹងពីឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចាប់តាំងពីបើកការដ្ឋានសាងសង់កាលពីអំឡុងឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ព្រលានយន្ដហោះអន្ដរជាតិតេជោសម្រេចបានប្រមាណ ៩២ភាគរយហើយ។ ក្នុងនោះចំពោះការងារដែលនៅសល់ ៨ ភាគរយទៀត ក្រុមការងារនឹងខិតខំប្រឹងប្រែងឲ្យបានរួចរាល់នៅក្នុងអំឡុងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ខាងមុខផងដែរ។
សូមជម្រាបថា ព្រលានយន្ដហោះអន្តរជាតិតេជោ គឺជាព្រលានយន្ដហោះធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលសាងសង់នៅលើផ្ទៃដី ២៦០០ ហិកតា ចំណាយថវិកាសរុប ១៥០០ លានដុល្លារ មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹងខេត្ដកណ្ដាល ចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នៅពេលដាក់ឲ្យដំណើរការព្រលានយន្ដហោះលំដាប់ 4F នេះនឹងអនុញ្ញាតឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោក ដូចជា យន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែប៊ូស អេ៣៨០-៨០០ ចុះចតបាន៕