ការក្លែងបន្លំតាមប្រព័ន្ធអុីនធឺណេត គឺនៅតែបន្តកើតមានក្នុងឆ្នាំ២០២៤ នេះនៅក្នុងប្រទេសវៀតណាម ដោយទម្រង់នៃការបោកប្រាស់នេះដែរ គឺបានទាក់ទាញជនរងគ្រោះចូលទៅក្នុងគម្រោងវិនិយោគផ្សេងៗ ដែលធ្វើឱ្យប្រជាជនខាតលុយអស់ជាង ៧០០លា.ន$។
ការស្ទង់មតិដែលធ្វើឡើងដោយគណៈកម្មាធិការបច្ចេកវិទ្យានៃសមាគមសន្តិសុខតាមអ៊ីនធឺណិតជាតិរបស់ប្រទេសវៀតណាមបានឱ្យដឹងថា ប្រជាជនវៀតណាមចំនួន ៥៩,០០០ នាក់បានចាញ់បោកអស់លុយរាប់លានដុល្លារដោយសារតែក្បួនបោកទាំង៣ នេះ៖
១. គម្រោងវិនិយោគក្លែងបន្លំ៖ ជនរងគ្រោះប្រមាណ ៧០.៧២% បានរាយការណ៍ថាបានទទួលការណែនាំឱ្យវិនិយោគលើវេទិកាហិរញ្ញវត្ថុដែលធានាបាននូវផលចំណេញខ្ពស់ដោយគ្មានហានិភ័យ។ ជនខិលខូចភាគច្រើន បានបន្លំប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជាបង្កើតវីដេអូក្លែងក្លាយដែលដំណើរការដោយ AI និងការក្លែងបន្លំជាសំឡេង ដើម្បីទទួលបានការជឿទុកចិត្តពីជនរងគ្រោះហើយតែងតែណែនាំឱ្យជនរងគ្រោះដាក់លុយវិនិយោគរបស់នេះរបស់នោះ រហូតពេលពួកគេទទួលបានលុយហើយក៏បាត់ខ្លួនតែម្តង។
២.បន្លំខ្លួនធ្វើជាមន្រ្តីរដ្ឋាភិបាល ឬអង្គការ៖ ជនរងគ្រោះភាគច្រើនបានរាយការណ៍ថាពួកគេបានទទួលទូរស័ព្ទក្លែងបន្លំ ដោយជនខិលខូចបានក្លែងបន្លំធ្វើជាភ្នាក់ងារពន្ធដារ ធនាគារ ឬប៉ូលីស ដោយតម្រូវឱ្យពួកគេត្រូវបង់ប្រាក់ថ្លៃសេវាកម្មនេះ ឬបង់ថ្លៃសេវាកម្មនោះផងដែរ។
៣. បន្លំឱ្យរង្វាន់ ក៏ដូចជាឱ្យជួយផ្សព្វផ្សាយផលិតផល៖ ជនខិលខូចមួយចំនួនបានបន្លំខ្លួនធ្វើដូចជាអ្នកជំនាញមួយពិតប្រាកដ ដោយបានទាក់ទងទៅប្រជាជនវៀតណាមឱ្យពួកគេជួលផ្សព្វផ្សាយផលិតផលដោយចំណាយលុយតិចតែធានាថាលក់ដាច់បន្ទាប់ពីពួកគេបញ្ចុះបញ្ចូលយើងឱ្យជឿទុកចិត្តហើយគេក៏យកលុយយើងហើយបាត់ស្រមោលតែម្តង។ ជាពិសេសនោះក៏មានជនខិលខូចមួយចំនួន បានបន្លំទាក់ទងទៅប្រាប់ថាយើងបានឈ្នះរង្វាន់ធំ តែត្រូវផ្ញើលុយចំនួនទៅមុនសិនទើបទទួលបានរង្វាន់៕