ជាដំណឹងរីករាយសម្រាប់ពលរដ្ឋនៅខេត្ដស្វាយរៀង និងខេត្ដបាត់ដំបង ខណៈរដ្ឋបាលខេត្ដទាំងពីរនេះទទួលបានហិរញ្ញប្បទានឥតសំណងសរុបជាង ៣០ ដុល្លារពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីធ្វើការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ដរបស់ខ្លួន។ ដោយក្នុងនោះសម្រាប់ថវិកាដែលផ្ដល់ដោយរាជរដ្ឋាភិបាលជប៉ុននេះ នឹងយកទៅសាងសង់គម្រោងដូចខាងក្រោម៖
១. ខេត្ដស្វាយរៀង
យោងតាមការចុះផ្សាយពីរដ្ឋបាលរខេត្ដស្វាយរៀងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA បានផ្ដល់ហិរញ្ញប្បទានឥសំណងប្រមាណ៣ ៩៨៦ ០០០ ០០០ យ៉េន ឬប្រមាណ ៣០,៦ លាន ដុល្លារ ដើម្បីធ្វើការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្ដស្វាយរៀងដែលមានសមត្ថភាពផលិតទឹកស្អាត ៦៨០០ ម៉ែត្រគូបក្នុង១ថ្ងៃ និងដំឡើងបំពង់ប្រវែង ១១១.៨ គីឡូម៉ែត្រ។
តាមការបញ្ជាក់ពីរដ្ឋបាលខេត្ដ គម្រោងនេះបានចាប់ផ្ដើមអនុវត្ដនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។
២. ខេត្ដបាត់ដំបង
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ស្ថានទូតជប៉ុនបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌ ដល់ការសាងសង់ដំបូលនៅទីលានបាល់បោះរទេះជនពិការក្នុងខេត្តបាត់ដំបង ក្រោមវត្តមាន ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកម្នាង ស៊ីសុវត្ថិ កន្នីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF)។
តាមការបញ្ជាក់ពីឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី សម្រាប់គម្រោងដែលយើងចុះហត្ថលេខានាថ្ងៃនេះ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៧៦,៣៣៣ ដុល្លារ អាមេរិក ទៅដល់សហព័ន្ធកីឡាបាល់បោះរទេះជន ពិការកម្ពុជា (CWBF) ក្នុងគោលបំណងសាងសង់ដំបូលសម្រាប់ទីលានបាល់បោះរទេះជនពិការ ដែលមាន ស្រាប់ស្ថិតនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង៕