អត់លុ.យរៀនត? ធ្វើរឿងធំៗ៣នេះ ឡើងមករៀននៅភ្នំពេញ មិនខ្ចីសុំលុ.យអ្នកផ្ទះសូម្បី១រៀល
Kan DaraNOVEMBER 8 2023330 views

ចប់ទី១២ អត់លុយបន្តការសិក្សានៅភ្នំពេញគឺជាបញ្ហាចោទមួយ របស់សិស្សជីវភាពលំបាក ហើយបើធ្វើដំណើរមកពីទីជនបទថែមទៀតនោះការចំណាយនឹងកើនឡើងទ្វេដង ព្រោះបន្ទុករ៉ាប់រងមានច្រើនជាងអ្នករស់នៅក្នុងទីក្រុងស្រាប់ដូចជាថ្លៃស្នាក់នៅ ការហូបចុក មធ្យោបាយធ្វើដំណើរ ​និងថ្នាំសង្កូវជាដើម។

 

ខាងក្រោមនេះ គឺជារឿងធំៗ៣ នៅឡើងមករៀននៅភ្នំពេញដោយមិនខ្ចីសុំលុយអ្នកផ្ទះសូម្បីតែមួយរៀល មានឯករាជលើហិរញ្ញវត្ថុផ្ទាល់ខ្លួន និងកសាងខ្លួនក្លាយជាមនុស្សរឹងមាំផងដែរ៖

 

១/. អាហារូបករណ៍

 

មានសិស្សនិស្សិតយើងមួយចំនួន បានមើលរំលង ឬមិនយកចិត្តទុកដាក់លើឱកាសទទួលបានអាហារូបករណ៍ ខណៈពេលដែលខ្លួនកំពុងសិក្សានៅថ្នាក់ទី១២ ឬរៀបនឹងប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិនោះទេ។ អាហារូបករណ៍ពិតជាមានសារសំខាន់ណាស់ វាអាចជួយសម្រួលលើថ្លៃការសិក្សាបានមួយផ្នែកធំដោយប្អូនៗមិនចាំបាច់មានការព្រួយបារម្ភខ្លាំងចំពោះថ្លៃសិក្សាឡើយ។

 

ហេតុដូចនេះចូលកុំបង្អែបង្អង់យូរ ប្អូនៗគប្បីស្វាស្វែងរកឱកាសទទួលបានអាហារូបករណ៍ឥឡូវនេះទៅលើជំនាញដែលប្អូនៗមានបំណងចង់សិក្សាររៀនសូត្របន្តនៅថ្នាក់ឧត្តមសិក្សា។ ប៉ុន្តែមុននឹងសម្រេចចិត្តជ្រើសរើសអាហារូបករណ៍ណាមួយ ប្អូនៗត្រូវធ្វើកាសិក្សាព័ត៌មានឲ្យបានល្អិតល្អន់ និងព្យាយាមស្វែងរកអាហារូករណ៍ឲ្យបានច្រើនប្រភពរួចធ្វើការប្រៀបធៀបគ្នាក្នុងគោលបំណងងាយស្រួលធ្វើការវាយតម្លៃ ថាតើមួយណាដែលមានភាពស័ក្តិសមសម្រាប់ប្អូនៗ។ ដើម្បីជួយសម្រួល និងបង្កភាពងាយស្រួលសម្រាប់ប្អូនៗក្នុងការស្វែងរកឱកាសអាហារូបករណ៍ ខាងក្រោមនេះគឺជា វេបសាយ និងហ្វេសបុកផេកមួយចំនួន ដែលប្អូនៗមិនគួរមើលរំលង៖

 

 

២/. រកការងារក្រៅម៉ោង​ ឬ ពេញម៉ោង

 

យើងមិនអាចផ្គត់ផ្គង់ការចំណាយបានទេ ប្រសិនណាយើងពុំមានប្រភពចំណូល។ បើទោះបីជាការចំណាយត្រូវបានកាត់បន្ថយមួយផ្នែកធំតាមរយៈការទទួលបានអាហារូបករណ៍ដោយមិនចាំបាច់បង់ថ្លៃសិក្សាក៏ពិតមែន ប៉ុន្តែសកម្មភាពរស់នៅប្រចាំថ្ងៃនៅតែតម្រូវឲ្យធ្វើការចំណាយដដែល។

 

ដើម្បីទប់ទល់ស្ថានភាពដោយខ្លួនឯងមិនចាំបាច់សុំជំនួយពីអ្នកផ្ទះ នៅពេលប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិភ្លាម ប្អូនៗត្រូវសម្លឹងមើលឱកាសការងារក្រៅម៉ោង ឬពេញម៉ោងដែលមិនប៉ះពាល់ដល់ការសិក្សាតាមភាពជាក់ស្តែងដែលប្អូនៗអាចធ្វើបាន។ វាអាចនឹងពិបាកឬជារឿងថ្មីសម្រាប់ប្អូនៗ ប៉ុន្តែវាគឺជាផ្លូវមួយដែលនឹងដឹកនាំយើងទៅកាន់ភាពល្អប្រសើរ ព្រោះប្អូនៗមានឱកាសទទួលបានប្រាក់ខែដែលអាចជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃបាន ហើយថែមទាំងអាចក្រេបជញ្ជក់នូវបទពិសោធន៍ជាក់ស្តែងថែមទៀតផង។

 

ជាមួយគ្នានេះដែរ Business Cambodia លើកទឹកចិត្តឲ្យប្អូនៗគួរគប្បីធ្វើការដែលជាប់ពាក់ព័ន្ធនឹងជំនាញវិជ្ជាជីវៈ ឬជំនាញឯកទេសដែលប្អូនៗកំពុងសិក្សានៅថ្នាក់ឧត្តមសិក្សា ព្រោះវាអាចឲ្យប្អូនៗសំយោគចំណេះដឹងដែលបានរៀននៅសាសាផ្សារភ្ជាប់ជាមួយបទពិសោធន៍ការងារជាក់ស្តែង ហើយប្អូនៗអាចអភិវឌ្ឍខ្លួនទៅកាន់ភាពរីកចម្រើនយ៉ាងឆាប់រហ័ស។

 

ខាងក្រោមនេះគឺជាវេបសាយមួយចំនួន ដែលប្អូនៗអាចធ្វើការស្វែងរកព័ត៌មានពាក់ព័ន្ធនឹងការងារបាន៖

  • bongthom.com
  • job.com
  • bongpheak.com
  • job.phnomlist.com
  • kh.careerlink
  • khmer24.com
  • kh.khmeronlinejob.com
  • Morning HR.Com

 

/. រៀបចំកញ្ចប់ថវិកា

 

បន្ទាប់ពីទទួលបានការងារដែលជាប្រភពចំណូលមួយហើយ ប្អូនៗត្រូវរៀបចំកញ្ចប់ថវិការដោយបែងចែកលុយដែលរកបាននោះជាផ្នែកៗដូចជា កញ្ចប់ចំណីអាហារ កញ្ចប់ស្នាក់នៅ កញ្ចប់ថ្នាំសង្កូវ និងកញ្ចប់កម្សាន្តជាដើម និងធ្វើការសិក្សាពីការចំណាយឲ្យបានច្បាស់លាស់ ថាតើជាមធ្យមប្អូនៗចាយវាយអស់ប៉ុន្មានក្នុងរយៈពេលមួយខែ។ ព្យាយាមធ្វើយ៉ាងណាឲ្យចំណូលនិងការចំណាយមានតុល្យភាព ប្រសិនបើអាចគួរកាត់បន្ថយការចំណាយណាដែលមិនមានភាពចាំបាច់ចោលខ្លះ។ សម្រាប់ប្អូនៗដែលមិនទទួលបានឱកាសអាហារូបករណ៍ក៏អាចអនុវត្តបានដូចគ្នា ប៉ុន្តែអាចនឹងលំបាកបន្តិចព្រោះខ្ទង់នៃការចំណាយមានលក្ខណខ្ពស់ជាងប្អូនៗដែលទទួលបានអាហារូបករណ៍។

 

ជាមួយគ្នានេះដែរ ពេលវេលានៃការចាប់ផ្តើមបើកទំព័រថ្មីនៃវិថីជីវិតនៅថ្នាក់ឧត្តមសិក្សាពុំមានភាពងាយស្រួលប៉ុន្មានទេ វាអាចនឹងជួបបញ្ហាជាច្រើន ឬរឿងរ៉ាវដែលប្អូនៗមិនធ្លាប់បានជួបកន្លងមក។ ប៉ុន្តែប្អូនៗត្រូវចងចាំក្នុងចិត្តថា ឧបសគ្គ និងសមិទ្ធផលដែលប្អូនៗបានកសាងនៅពេលនេះគឺជាឬសគល់នៃមូលដ្ឋានគ្រឹះនៃជីវិតរឹងមាំ ហើយវានឹងធ្វើឲ្យប្អូនៗមានមោទកភាពនៅពេលក្រឡេកមកមើលអ្វីដែលខ្លួនបានឆ្លងកាត់នាពេលកន្លងមក។

 

ដូច្នេះចូរបោះបង់សេចក្តីអៀនខ្មាស់ រៀនរស់ដោយពឹងផ្អែកលើសមត្ថភាពខ្លួនឯង ការធ្វើវាអាចនឹងលំបាកជាងការដែលគ្រាន់តែនិយាយ ប៉ុន្តែវានាំធ្វើឲ្យប្អូនៗក្លាយទៅជាមនុស្សពេញវ័យពិតប្រាកដ។ តស៊ូ ក្រាញននាលនឹងឱបសគ្គ ជីវិតដ៏ភ្លឺថ្លាដែលប្អូនៗប្រាថ្នាចង់បានកំពុងរង់ចាំនៅខាងមុខណា៎៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia