ក្រោយពីឡើងកម្តៅរហូត៥០អង្សា ឆាប់ៗខាងមុខនេះ ប្រទេសថៃ អាចនឹងមានព្យុះថែមទៀត
Kan DaraAPRIL 11 2023688 views

នាយកដ្ឋានឧតុនិយមថៃបានធ្វើសេចក្តីប្រកាសព័ត៌មានអំពីការធ្លាក់ភ្លៀង បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងអាចប្រឈមមុខជាមួយនឹងព្យុះ នៅតំបន់មួយចំនួនក្នុងប្រទេសថៃនាពេលឆាប់ៗខាងមុខនេះ កៀកទៅនឹងថ្ងៃបុណ្យសង្រ្កាន្ត។ នេះបើយោងតាមការចុះផ្សាយរបស់ Thaiger News កាលពីថ្ងៃទី១០ ខែមេសានេះ។

តំបន់ដែលរងការប៉ះទង្គិចរួមមាន ភាគខាងជើងដូចជាខេត្ត Tak, Kamphaeng Phet, Phichit, Phitsanulok និងភាគកណ្តាលមានដូចជាខេត្ត Nakhon Sawan, Uthai Thani, Lopburi, Saraburi, Suphan Buri, Kanchanaburi និងនៅ​តំបន់​ភាគខាងកើតមាន Ratchaburi Nakhon Nayok និង Prachinburi ហើយសូម្បីតែទីក្រុងបាងកកក៏អាចឃើញព្យុះមួយចំនួននៅសប្តាហ៍នេះក្នុងអំឡុងពិធីបុណ្យសង្រ្កាន្ត។

ចំពោះបាតុភូតព្យុះនេះគឺបណ្តាលមកពីប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន បាននឹងកំពុងរំកិលមកលើតំបន់ភាគឦសាន និងភាគខាងកើតនៃប្រទេសថៃ និងសមុទ្រចិនខាងត្បូង ដែលបណ្តាលឱ្យមានខ្យល់បក់បោកពីភាគខាងត្បូង និងភាគអាគ្នេយ៍ ដែលនាំសំណើមពីឈូងសមុទ្រថៃ និងសមុទ្រចិនខាងត្បូង មកកាន់ផ្នែកខាងលើនៃប្រទេសថៃ។

ក្នុងនោះដែរនាយកដ្ឋានថៃបានធ្វើការរំលឹកដល់អ្នកដែលរស់នៅតំបន់ខាងលើឱ្យមានការប្រុងប្រយ័ត្នខ្ពស់ កុំនៅទីវាល នៅក្រោមដើមឈើធំៗ កុំនៅជិតអគារដែលកំពុងសាងសង់​មិនមានរចនាសម្ព័ន្ធការពារច្បាស់លាស់។ សម្រាប់បងប្អូនប្រជាកសិករសូមថែរក្សាដំណាំនិងប្រយ័ត្នសត្វពាហនៈ ដែលអាចរងការវាយប្រហារណាមួយជាយថាហេតុ។

គួរជម្រាបផងដែរថាប្រទេសថៃបានរងសីតុណ្ហភាពក្តៅបំផុតកាលពីសប្តាហ៍មុនរហូតហក់ឡើងខ្ពស់ដល់៥០អង្សា នាសង្កាត់ បាងណា​ នៅក្នុងទីក្រុងបាងកក។ ហើយតំបន់ដែលមានកម្តៅខ្លាំងបន្ទាប់ពីទីក្រុងបាងកក មានដូចជា ខេត្តឈុនបូរី (៤៩អង្សា) ខេត្តភូកេត (៤៧អង្សា) ខេត្តស៊ីសាកេត (៤១អង្សា) និង ខេត្តផេតចាប៊ុន(៤០អង្សា)​ជាដើម៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia