ព្យុះទីហ្វុង Talim នឹងក្លាយជាព្យុះទីហ្វុងដំបូងគេបង្អស់ដែលបោកបក់ចូលមកសមុទ្រវៀតណាមខាងកើតក្នុងឆ្នាំនេះ ខណៈព្យុះនេះនឹងមានកម្លាំងខ្យល់បក់ពី ១០៣ ទៅ ១៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង និងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសផងដែរ ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ tuoitrenews កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។
ប្រភពខាងលើបានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃអាទិត្យ ព្យុះទីហ្វុង Talim កំពុងស្ថិតនៅចម្ងាយប្រហែល ៥៣០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃឧបទ្វីប Leizhou របស់ប្រទេសចិន ជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំងក្នុងល្បឿន ៦២ ទៅ ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង ។
នៅពេលមកដល់វៀតណាម ព្យុះនេះក៏អាចផ្លាស់ទីឆ្ពោះទៅភាគខាងលិច និងភាគពាយព្យផងដែរក្នុងល្បឿន ១០ ទៅ ១៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងបក់កាន់តែខ្លាំងឡើងក្នុងរយៈពេល ២៤ ទៅ ៣៨ ម៉ោងបន្ទាប់ ។
គួរបញ្ជាក់ផងដែរថា ដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Talim, តំបន់នៅភាគខាងជើងនៃសមុទ្រវៀតណាមខាងកើតអាចជួបប្រទះនឹងខ្យល់បក់ខ្លាំង រួមជាមួយខ្យល់កន្ត្រាក់ ជាពិសេសនៅសមុទ្រនឹងមានរលកកម្ពស់ចាប់ពី ៤ ទៅ ៦ ម៉ែត្រផងដែរ ៕
អទ្ថបទដោយ៖ ឌឿក ស្រី នុត