ស្របពេលដែលបញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោកកំពុងក្លាយជាក្តីបារម្ភ ប្រទេសវៀតណាមស្ថិតនៅតំបន់អាស៊ី ទីក្រុងហាណូយកំពុងត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទ ដែលជាខ្យល់ពុលយ៉ាងក្រាស់ឃ្មឹក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ។
យោងតាមកាសែត Reuters បានឱ្យដឹងថាកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ទីក្រុងហាណូយបានជាប់លើកំពូលបញ្ជី ជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតលើពិភពលោក ខណៈដែលរដ្ឋាភិបាលប្រទេសនេះកំពុងព្រួយបារម្ភខ្លាំង និងចាត់វិធានការជំរុញឱ្យបង្កើនការប្រើប្រាស់ថាមពលអគ្គិសនីជំនួសវិញ ពិសេសរថយន្ត EV។
អ័ព្ទដ៏ក្រាស់ដូចតំបន់ត្រជាក់ធ្លាក់ទឹកកកនេះ បានវាស់កម្រិតខ្យល់ដោយក្រុមហ៊ុនសកលឯករាជ្យ AirVisual និងបានរកឃើញថាមានសារធាតុភាគល្អិតតូចៗ ផ្ទុកគ្រោះថ្នាក់PM2.5 ដែលភាគច្រើននៃវាគឺបណ្តាលមកពីកំណើនចរាចរណ៍ខ្លាំង ការដុតសំរាម និងសកម្មភាពឧស្សាហកម្ម។
ភាគល្អិតតូចៗដែលមានផ្ទុក PM2.5 ត្រូវបានវាស់នៅកម្រិត ២៦៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូប នាទីក្រុងហាណូយនៅព្រឹកថ្ងៃសុក្រទី០៣ មករា ខណៈវាជាចំណុចខ្ពស់បំផុតមួយក្នុងចំណោមទីក្រុងដែលរងការបំពុលច្រើន។
យ៉ាងណាមិញរដ្ឋាភិបាលដែលមានលោក ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានថ្លែងការណ៍នៅក្នុងកិច្ចប្រជុំនៃក្រសួងដឹកជញ្ជូន បានឱ្យដឹងថារដ្ឋនឹងពន្លឿនឱ្យមានការផ្លាស់ប្តូរទៅប្រើរថយន្ត EV ដើម្បីកាត់បន្ថយការបំពុលខ្យល់។
រដ្ឋមន្រ្តីរូបនេះបានបន្តបញ្ជាក់ថា នេះជាទំនួលខុសត្រូវរបស់រដ្ឋចំពោះប្រជាជនដែលត្រូវតែមានសកម្មភាពជាក់លាក់ និងឱ្យទាន់ពេលវេលា។
ទន្ទឹមនឹងវិធានការនេះហាណូយក៏មានយុទ្ធនាការបង្កើនការប្រើប្រាស់រថយន្តអគ្គិសនី យ៉ាងហោចណាស់៥០ភាគរយនៃរថយន្តក្រុងនិង១០០ភាគរយនៃរថយន្តតាក់ស៊ី ឱ្យបានត្រឹមឆ្នាំ២០៣០៕
អត្ថបទដោយ៖ ពីង ជូអេង