មុននេះបន្តិច យោងតាមសេចក្តីប្រកាសរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៧ មករា ឆ្នាំ២០២៥ នេះ អាជ្ញាធរនឹងផ្អាកកំពង់ចម្លង ជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញជាបណ្តោះអាសន្ន ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូត ដល់បញ្ចប់កម្មវិធី។
សេចក្តីប្រកាសដដែលបានបន្តឱ្យដឹងទៀតថា អាជ្ញាធរមានសមត្ថកិច្ចក៏នឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីសម្ដេចសុធារស (ចាប់ពីស្តុបជលផល ដល់វិថីឧកញ៉ាឈុន) កំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីរង្វង់មូលសម្តេចសង្ឃជួនណាត ដល់វិថីឧកញ៉ាឈុន) កំណាត់មហាវិថី ព្រះសុរាម្រឹត និងកំណាត់មហាវិថីព្រះសីហនុ (ចាប់ពីវិមានឯករាជ្យ ដល់ស្តុបនាគបាញ់ទឹក) ផងដែរ។
ចំពោះការផ្អាកចរាចរនេះ គឺធ្វើឡើងដើម្បីរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (០៧-មករា-១៩៧៩ ~០៧-មករា-២០២៥) នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវ និងំកំពង់ចម្លងខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ៕