Steven Dux បានក្លាយទៅជាពាណិជ្ជករភាគហ៊ុនវ័យក្មេងដ៏ល្បីល្បាញមួយរូប បន្ទាប់ពីលោកបង្វែរប្រាក់សន្សំ ២៧,០០០ ដុល្លារទៅ ១,៣លានដុល្លារ ដោយចាប់ផ្តើមអាជីពជួញដូរភាគហ៊ុនរបស់លោកនៅអាយុ ២២ឆ្នាំ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៀតនោះ គ្រប់យ៉ាងដែលជំរុញឲ្យលោកមានថ្ងៃនេះ មួយផ្នែកធំគឺកើតចេញពីការឈឺចាប់ ក្រោយបែកបាក់ស្នេហា សង្សារក្បត់ចិត្ត។
នៅក្នុងបទសម្ភាសន៍កម្មវិធី Ask Me Anything កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ មានសំណួរជាច្រើនបានចោទសួរទៅកាន់លោក Steven Dux ពាក់ព័ន្ធនឹងជីវប្រវត្តិ ក៏ដូចជាសកម្មភាពដែលជំរុញលោកកសាងខ្លួនពីចំណុចទាបមួយឲ្យក្លាយជាសេដ្ឋីត្រឹមវ័យ ២៥ឆ្នាំ។ នៅក្នុងនោះមានសំណួរមួយបានចោទសួរលោកថា៖ «តើអ្នកធ្លាប់មានទំនាក់ទំនងរយៈពេលវែងជោគជ័យដែរឬទេ ដែលអ្នកមានអារម្មណ៍ថាមាននរណាម្នាក់ចាប់អារម្មណ៍លើអ្នកជាអ្នក មិនមែនលុយរបស់អ្នកទេ?»
ឆ្លើយតបទៅនឹងសំណួរខាងលើ ពាណិជ្ជករភាគហ៊ុនជនជាតិចិនលោក Steven Dux បានលើកឡើងថា៖ «បាទ! ខ្ញុំធ្លាប់មានម្នាក់ ប៉ុន្តែពួកយើងបានបែកគ្នាហើយ ហើយវាក៏ជាពេលវេលាដែលលើកទឹកចិត្តខ្ញុំចាប់ផ្តើមការជួញដូរភាគហ៊ុន និងធ្វើខ្លួនឯងឲ្យកាន់តែប្រសើរជាងមុន។ ខ្ញុំមិនអាចក្លាយជាសេដ្ឋីទេ ប្រសិនបើគ្មានរឿងនេះកើតឡើង»។
លោកបានបន្តទៀតថា៖ «ខ្ញុំចាប់ផ្តើមណាត់ជួបមនុស្សស្រីនៅអាយុ ១៩ឆ្នាំ កាលនោះខ្ញុំមិនទាន់ជួញដូរភាគហ៊ុនទេ ហើយគ្មានលុយអ្វីទាំងអស់។ ខ្ញុំគ្រាន់តែជានិស្សិតវិស្វករធម្មតាម្នាក់ ខ្ញុំពិតជាលះបង់សម្រាប់ទំនាក់ទំនងមួយនេះណាស់ ខ្ញុំបានចំណាយលុយទាំងអស់ទិញចិញ្ចៀនមួយវង់ដើម្បីសុំនាងរៀបការ ប៉ុន្តែនាងបានបែរខ្នងចេញហើយនិយាយថា នាងកំពុងមានទំនាក់ទំនងជាមួយបុរសផ្សេង ដែលកន្លែងនេះហើយធ្វើឲ្យខ្ញុំផ្លាស់ប្តូរទាំងស្រុងក្លាយទៅជាមនុស្សថ្មីម្នាក់»។
ជាចុងក្រោយលោក Steven Dux ថ្លែងទាំងទឹងមុខញញឹមស្មើរថា៖ «នៅពេលបែកបាក់ស្នេហា រឿងដំបូងដែលអ្នកចង់ធ្វើនោះ គឺគិតថាខ្លួនឯងមិនល្អ ហើយអ្នកចង់ធ្វើឲ្យប្រសើរឡើង។ ខ្ញុំចាប់ផ្តើមវិនិយោគ និងសន្សំលុយ ទៅកន្លែងហាត់ប្រាណ បន្ទាប់មកជីវិតខ្ញុំកាន់តែប្រសើរ និងបន្តដំណើរការល្អរហូតមកទល់បច្ចុប្បន្ន»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)