សារព័ត៌មាន The Verge បានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ យ៉ាងដូច្នេះថា សមាជិកព្រឹទ្ធសភាជាន់ខ្ពស់ លោក Ed Markey បានប្រកាសថាលោកនឹងដាក់ស្នើច្បាប់កំណត់ពេលវេលាបិទកម្មវិធី TikTok ចំនួន២៧០ថ្ងៃថែមទៀត ដោយក្រុមហ៊ុន TikTok ត្រូវដកខ្លួនចេញពីក្រុមហ៊ុនមេនៅចិន គឺ ByteDance ដើម្បីអាចបន្តដំណើរការកម្មវិធីនៅអាមេរិកទៀត។
នៅក្នុងសុន្ទរកថារបស់លោក Ed Markey កាលពីថ្ងៃចន្ទកន្លងទៅ ដោយលោកបានបញ្ជាក់ថា TikTok ពិតជាមានបញ្ហារបស់វាមែន ប៉ុន្តែការហាមប្រាមកម្មវិធី TikTok នឹងផ្តល់ផលវិបាកធ្ងន់ធ្ងរដល់ជនជាតិអាមេរិកកាំងរាប់លាននាក់ដែលរស់ពឹងផ្អែកលើកម្មវិធីនេះ សម្រាប់ទំនាក់ទំនងសង្គមនិងជីវភាពសេដ្ឋកិច្ចរបស់ពួកគេ។ ដូច្នេះមិនត្រូវអាចអនុញ្ញាតឲ្យវាកើតឡើងបានឡើយ។
យ៉ាងណាមិញទោះបីជាសភាទទួលយកសំណើរ លើការពន្យាពេលកំណត់ក៏ដោយ ក្រុមហ៊ុន TikTok នៅតែប្រឈមមុខនឹងការសម្រេចចិត្តដូចគ្នាថាតើចង់បន្តឬចាកចេញ។ ខណៈពេលដែលមានមហាសេដ្ឋីបច្ចេកវិទ្យាជាច្រើននៅអាមេរិកបង្ហាញ អំពីចំណាប់អារម្មណ៍ទិញភាគហ៊ុនកាន់កាប់ ប៉ុន្តែគេនៅតែមិនទាន់ច្បាស់ថារដ្ឋាភិបាលចិននឹងសុខចិត្តលក់ឬអត់។
ក្នុងនោះក៏មានរបាយការណ៍មួយចំនួន បង្ហាញថាភាគីចិនកំពុងពិចារណាលើការលក់ TikTok ឱ្យអាមេរិក ដែលវាជាជម្រើសមួយដែលអាចធ្វើបាន ដោយមានមហាសេដ្ឋី Elon Musk គ្រោងទទួលទិញ ក្នុងករណីប្រសិនជា TikTok ចាញ់ក្តីក្នុងតុលាការកំពូល។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ គឺជាថ្ងៃដែលសេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិកអនុម័តលើជោគវាសនា TikTok ចុះហត្ថលេខាដោយប្រធានាធិបតីចាស់លោក Jeo Biden ស្របពេលដែលប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Donald Trump ចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕
អត្ថបទដោយ៖ ពីង ជូអេង