អាយុជាង៣០ឆ្នាំ មិនទាន់សល់អ្វី? Steveផ្តាំឱ្យធ្វើរឿងទាំង៥នេះ ជួយសល់លុយច្រើនចូលនិវត្តន៍លឿន
Kan DaraJANUARY 15 20232.4 K views

នៅឆ្នាំ២០១៦ អាយុ៣៥ឆ្នាំ Steve Adcock បានចូលនិវត្តន៍ជាមួយលុយ ៩០០,០០០ដុល្លារ និងមុនឆ្នាំ២០២១ លោកបានសម្រេចគោលដៅក្លាយជាសេដ្ឋីបង្កើតដោយខ្លួនឯងក្តាប់ទ្រព្យសម្បត្តិសុទ្ធចំនួន ១.៤លានដុល្លារ។ ខាងក្រោមគឺជាដំបូន្មានល្អបំផុតរបស់លោក ផ្តាំឲ្យគួរធ្វើរឿងទាំង៥នេះ បើឥឡូវអាយុច្រើនហើយគ្មានសល់អ្វីជាប់ខ្លួន និងអាចឆាប់ចូលនិវត្តន៍លឿន៖

១/. និយាយពាក្យថា “Yes” ច្រើនជាង “No”

ក្នុងវ័យ២០ឆ្នាំ លោកខ្លាចការបរាជ័យជាខ្លាំង ជំនួសឲ្យការដោះស្រាយអ្វីដែលធ្វើឲ្យលោកភ័យខ្លាច លោកបានរត់គេចមិនហ៊ានប្រឈមមុខ និងសំងំលាក់ទុកសក្តានុពលក្នុងខ្លួនមិនបញ្ចេញ។ លោក Steve និយាយថា៖ «នៅពេលនិយោជករបស់ខ្ញុំបានស្នើលើកខ្ញុំទៅតួនាទីជានាយកគ្រប់គ្រងផ្នែកមួយ ខ្ញុំបានបដិសេធ ព្រោះយល់ថាមិនមានទំនុកចិត្ត និងពុំបានត្រៀមខ្លួនរួចជាស្រេចនៅឡើយ ហើយខ្ញុំបានបាត់បង់ឱកាសនោះ»។ ក្រោយមកការសម្រេចចិត្តនេះបានធ្វើឲ្យលោកសោកស្តាយជាខ្លាំង បើគ្រានោះលោកឆ្លើយតបយល់ព្រម ចំពោះការដំឡើងតំណែង ម្ល៉េះសមនឹងទទួលបានគម្លាតប្រាប់ខែខ្ពស់ ឱកាសរៀនសូត្រលឿន ឆាប់ចូលនិវត្តន៍។

២/. ឈប់ប្រកួតប្រជែងជាមួយអ្នកដទៃ

មិនខុសគ្នាពីមនុស្សភាគច្រើន លោក Steve បានឲ្យដឹងថា៖ «ខ្ញុំមានទម្លាប់ប្រៀបធៀបខ្លួនខ្ញុំជាមួយមិត្តរួមការងារ និងមនុស្សនៅក្នុងវិស័យនេះ។ វានាំឱ្យមានការច្រណែនជាច្រើន នៅទីបំផុតខ្ញុំយល់ថា ខ្ញុំត្រូវតែដើរតាមល្បឿនផ្ទាល់ខ្លួនរបស់ខ្ញុំវិញទើបជាការល្អ។ ខ្ញុំប្រហែលជាមិនមែនជាមនុស្សឆ្លាតបំផុតនៅក្នុងការិយាល័យនោះទេ ប៉ុន្តែខ្ញុំបានលះបង់ ហើយខ្ញុំប្រឹងប្រែងធ្វើការ។ ខ្ញុំមកតាំងពីព្រលឹម ហើយបានស្គាល់អ្នកគ្រប់គ្រងរបស់ខ្ញុំ»។ នៅពេលដែលអ្នកឈប់ខ្វល់ពីអ្វីដែលអ្នកផ្សេងកំពុងធ្វើ អ្នកមានពេលបន្ថែមទៀតដើម្បីផ្តោតលើអ្វីដែលអ្នកពូកែ។ អ្នកចាប់ផ្តើមមានអារម្មណ៍ថាមានសមត្ថភាព និងទំនុកចិត្តជាងមុន។

៣/. រៀនសម្រេចចិត្តដោយខ្លួនឯង ឈប់ផ្គាប់ចិត្តអ្នកដទៃ

បុរសវ័យ៤១ឆ្នាំរូបនេះបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំធ្លាប់ឆ្លងកាត់ជីវិតដោយសន្មតថាមនុស្សកំពុងមើលគ្រប់សកម្មភាពរបស់ខ្ញុំ។ ជាលទ្ធផល ខ្ញុំបានធ្វើការសម្រេចចិត្តដែលខ្ញុំគិតថា មិត្តភក្តិ គ្រួសារ មិត្តរួមការងារ ចៅហ្វាយ និងសូម្បីតែមនុស្សចម្លែក នឹងយល់ព្រមឬយល់ស្របអ្វីដែលខ្ញុំធ្វើ។ ប៉ុន្តែវាធ្វើឱ្យខ្ញុំហត់ណាស់»។ នៅពេលអ្នកឈប់ខ្វល់ខ្វាយអំពីរបៀបដែលអ្នកដទៃយល់ឃើញអំពីអ្នក អ្នកនឹងទទួលបានភាពច្បាស់លាស់បន្ថែមទៀតអំពីអ្វីដែលអ្នកចង់បាន ហើយជ្រើសរើសធ្វើអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្ត។

/. កាត់បន្ថយការចំណាយ ហើយព្យាយាមសន្សំច្រើនជាង៥០% នៃប្រាក់ចំណូលរបស់អ្នក

ច្បាប់ទូទៅគឺត្រូវសន្សំ២០% នៃប្រាក់ចំណូលរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកអាចសន្សំបាន៥០% ឬច្រើនជាងនេះ នោះកាន់តែល្អ។ ប្រពន្ធរបស់លោកតែងតែជាអ្នកសន្សំ ខណៈពេលដែលលោកចូលចិត្តចំណាយ ប៉ុន្តែ​នាងបាន​កែចំណុចមិនល្អស្វាមីឲ្យ​មាន​ទម្លាប់​សន្សំសំចៃវិញ។ លោកបាននិយាយថា៖ «យើងឈប់ទិញរបស់ដែលយើងមិនត្រូវការ លុបចោលការជាវប្រចាំខែមិនចាំបាច់ និងសម្រួលថវិកាលើគ្រឿងទេសរបស់យើង។ នៅពេលមួយ យើងសន្សំបាន៧០% នៃប្រាក់ចំណូលរួមរបស់យើង។ យើងបានបញ្ចូលប្រាក់សន្សំបន្ថែមទាំងអស់ទៅក្នុងគណនីវិនិយោគ គណនីឈ្មួញកណ្តាល និងគណនីសន្សំ»

/. ស្គាល់ខ្លួនឯងកាន់តែច្រើន និងអនុវត្ត EQ

«អស់រយៈពេលជាយូរ ខ្ញុំបានគិតថា កម្រិតបញ្ញារបស់អ្នក(IQ) កំណត់ភាពជោគជ័យនាពេលអនាគតរបស់អ្នក។ ប៉ុន្តែពេលបានមុជចូលជ្រៅទៅក្នុងអាជីព ខ្ញុំបានដឹងថា (IQ) គ្រាន់តែជាផ្នែកតូចមួយនៃសមីការជោគជ័យប៉ុណ្ណោះ។ វាមានសារៈសំខាន់ជាងក្នុងការផ្តោតលើភាពវៃឆ្លាតខាងអារម្មណ៍ (EQ) ឬការយល់ដឹងខ្ពស់អំពីអារម្មណ៍របស់អ្នកដទៃ ក៏ដូចជាខ្លួនអ្នកផ្ទាល់»។ នេះគឺជាសម្តីរបស់បុរសចូលនិវត្តន៍វ័យ ៣៥ឆ្នាំខាងលើ។

មនុស្សដែលមាន (EQ) ខ្លាំងអាចចាប់យកគំនិតថ្មីបានយ៉ាងឆាប់រហ័ស ប្រតិកម្មដោយស្ងប់ស្ងាត់ និងសមហេតុផលចំពោះស្ថានភាពស្មុគស្មាញ ហើយអាចធ្វើការជាមួយបុគ្គលិកលក្ខណៈជាច្រើនប្រភេទ។ លោក Steve បានបន្ថែមថា ការអនុវត្ត (EQ) ជួយលោកក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព និងបង្កើតទំនាក់ទំនងជាមួយចៅហ្វាយនាយ និងសហការីរបស់លោក។ នោះហើយជាអ្វីដែលធ្វើឱ្យលោកដើរបានឆ្ងាយ ទៅបានខ្ពស់ក្នុងដំណើរជីវិត៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia