ចង់រកស៊ីតែគ្មានលុយ? បើអ្នកមានធាតុផ្សំ៤នេះ ទោះគ្មានលុយក៏អ្នកហ៊ានចេញរកស៊ីទាំងជឿជាក់
ឡុង វឌ្ឍនៈDECEMBER 7 2022389 views

ការចាប់ផ្ដើមនូវអាជីវកម្មមួយដោយខ្លួនឯង គឺជាបំណងប្រាថ្នារបស់មនុស្សជាច្រើនតែងតែប៉ង។ ប៉ុន្តែមិនមានមនុស្សច្រើននោះទេដែលអាចចាប់ផ្ដើមអាជីវកម្មក្នុងក្ដីស្រមៃរបស់ខ្លួនឱ្យចេញជារូបរាង។ នៅពេលដែលនិយាយដល់ការចាប់ផ្ដើមអាជីវកម្ម គឺមានឧបសគ្គដ៏ធំមួយដែលតែងតែរារាំងមនុស្សភាគច្រើនមិនឱ្យចេញរកស៊ីបាននោះគឺដើមទុន ឬ លុយ។ ប៉ុន្តែខាងក្រោមនេះគឺជាគន្លឹះមួយចំនួនការចាប់ផ្ដើមអាជីវកម្មមួយឱ្យចេញជារូបរាង បើទោះបីជាបុគ្គលម្នាក់នោះគ្មានលុយសូម្បីតែមួយរៀលក៏ដោយ។

១. ចេះប្រើធនធានដែលខ្លួនមាន៖ មនុស្សម្នាក់ៗគឺមានធនធានច្រើនណាស់ដែលពួកគេមាន ប៉ុន្តែមានមនុស្សមិនសូវជាច្រើនទេដែលអាចប្រើប្រាស់នូវធនធានដែលខ្លួនមានដើម្បីចាប់ផ្ដើមអាជីវកម្ម។ ជាក់ស្ដែងសម្រាប់កំពូលតារា Tik Tok គឺលោក Khaby Lame អតីតកម្មកររោងចក្រ ដែលក្លាយជាសេដ្ឋីវ័យក្មេងទ្រព្យរាប់លានដុល្លារ មុនពេលលោកមានជំនួញជាច្រើនក្នុងដៃ និងមានអ្នកតាមដានជាង ១០០លាននាក់នៅជុំវិញពិភពលោក គឺចាប់ផ្ដើមពីការថតវីដេអូដោយប្រើទូរស័ព្ទដៃចាស់មួយតែប៉ុណ្ណោះ។

២. ពូកែចរចា៖ ជំនាញចរចាជាជំនាញដ៏សំខាន់មួយដែលអាចធ្វើឱ្យអ្នកអាចចាប់ផ្ដើមអាជីវកម្មមួយបានដោយមិនប្រើប្រាស់លុយខ្លួនឯងសូម្បីតែមួយរៀល។ ឧ. បុគ្គលម្នាក់មានលក់នូវផលិតផលដ៏ល្អមួយ ប៉ុន្តែការលក់របស់គេមិនសូវដាច់ទាល់តែសោះ។ ដូច្នេះហើយ ប្រសិនបើអ្នកមានជំនាញចរចា អ្នកអាចសុំយកផលិតផលគេមកលក់បន្តហើយចាំពេលណាដែលលក់ដាច់ចាំទូរទាត់លុយឱ្យគេវិញ។

៣. បង្កើតអាជីវកម្មបែបសេវាកម្ម៖ ការបង្កើតនូវអាជីវកម្មបែបសេវាកម្ម ភាគច្រើនគឺមិនត្រូវចំណាយលុយច្រើនដូចជាការធ្វើអាជីវកម្មផលិតផលនោះទេ។ ការធ្វើអាជីវកម្មបែបសេវាកម្មភាគច្រើនគឺទាមទារនូវចំណេះដឹង បទពិសោធន៍ ទេពកោសល្យច្រើនជាងត្រូវការលុយ។ តើអាជីវកម្មអ្វីខ្លះដែលអាចចាត់ទុកថាជាអាជីវកម្មបែបសេវាកម្ម? ឧ. សេវាកម្មបកប្រែ សេវាកម្មប្រឹក្សាយោបល់ សេវាកម្មបង្រៀនតាមផ្ទះ....។

៤. គំនិតអាជីវកម្មដ៏អស្ចារ្យ៖ នាពេលបច្ចុប្បន្ននេះ មានអ្នកវិនិយោគទុនជាច្រើនដែលកំពុងតែរង់ចាំនូវឱកាសវិនិយោគដើម្បីបង្កើនប្រាក់ចំណេញរបស់ពួកគេ។ ប្រសិនបើយើងអាចស្រាវជ្រាវ ឬបង្កើតនូវគំនិតអាជីវកម្មមួយដ៏អស្ចារ្យបានហើយនោះ អ្នកអាចយកគំនិតអាជីវកម្មនេះទៅបង្ហាញដល់អ្នកវិនិយោគទុនផ្សេងៗបាន។ ប្រសិនបើគេគិតថាគំនិតអាជីវកម្មរបស់អ្នកនេះពិតជាអាចជោគជ័យនៅក្នុងទីផ្សារបាន គេមិនខ្លាចក្នុងការបោះទុនវិនិយោគជាមួយអ្នកនោះទេ ហើយពេលនោះហើយដែលអ្នកអាចចាប់ផ្ដើមអាជីវកម្មមួយបានយ៉ាងជោគជ័យ បើទោះបីជាអ្នកគ្មានលុយសូម្បីតែមួយរៀលក៏ដោយ។

សរុបមកវិញ ដើម្បីអាចចាប់ផ្ដើមអាជីវកម្មមួយបាន ដើមទុនលែងជាឧបសគ្គចម្បងដែលតែងតែរារាំងអ្នកក្នុងការចាប់ផ្ដើមអាជីវកម្មទៀតហើយ។ ដើម្បីអាចចាប់ផ្ដើមអាជីវកម្មមួយបាននាពេលបច្ចុប្បន្ននេះ គឺគេត្រូវការចំណេះ ជំនាញ បទពិសោធន៍ ជាចាងត្រូវការធនធានជាលុយតែមួយមុខ។ នៅពេលវិធីសាស្ត្រជាច្រើនផ្សេងទៀតដែលយើងអាចចាប់ផ្ដើមអាជីវកម្មមួយបាន បើទោះបីជាយើងគ្មានលុយក៏ដោយ៕

ចូលរួមក្នុងក្រុមចែករំលែកពិសេស ដោយឥតគិតថ្លៃ  https://t.me/LongVathanak777 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia