កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញនូវសេចក្ដីណែនាំមួយស្ដីពីការប្រកាសការបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
នៅក្នុងសេចក្ដីណែនាំនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជម្រាបជូនទៅកាន់ ម្ចាស់ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ ត្រូវអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតបានឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ គឺនៅថ្ងៃទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗដដែល។
ទី១. រាល់ការឈប់សម្រាកដូចមានកំណត់ខាងលើ បងប្អូនកម្មករនិយោជិតពុំតម្រូវឱ្យបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗនៅពេលត្រឡប់មកវិញឡើយ។
ទី២. និយោជកត្រូវខិតខំបើកប្រាក់ឈ្នួល ជូនបងប្អូនកម្មករនិយោជិតឱ្យបានមុនថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតខ្ចីប្រាក់ឈ្នួលមួយភាគ (បុរេប្រទាន) ជាមុនសិន។
គួរជម្រាបផងដែរថា សេចក្ដីណែនាំនេះ ត្រូវបានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំឡើងក្នុងគោលបំណង បង្កលក្ខណៈងាយស្រួលសល់បងប្អូនកម្មករនិយោជិតក្នុងការចូលរួម បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕
អត្ថបទដោយ៖ សូ សុខលី