នៅក្នុងមហាសន្និបាតលើកទី១៩ ឆ្នាំ២០២៥ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងនោះបានអនុម័តទៅលើការសាងសង់ "កីឡដ្ឋានគោកធ្លក" និងទីស្នាក់ការកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
យោងតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់កម្ពុជានៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា កីឡដ្ឋាននេះនឹងត្រូវបានសាងសង់នៅលើដីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្ទាល់ ដែលមានទីតាំងស្ថិតនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលនិងអាចផ្ទុកចំនួនអ្នកទស្សនាដល់ទៅ ១២,០០០នាក់ ដោយដំណាក់កាលសាងសង់ដំបូងផ្ទុកបានចំនួន ៤,២០០នាក់។
ប្រភពដដែលបានបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីជំនួបរវាងឯកឧត្តមអនុប្រធាន សបក និងប្រធានFIFA នៅទីក្រុងប៉ារីស ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចុះកិច្ចព្រមព្រៀង និងអនុម័តកញ្ចប់ថវិកានៃគម្រោងសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលនឹងត្រូវចំណាយក្នុងទំហំទឹកប្រាក់សរុប ៤,៤០០,០០០ ដុល្លារ ដោយប្រើប្រាស់ថវិកា Goal Project និង FIFA Forward 2.0 នៅសល់ និងបូករួមទាំង FIFA Forward 3.0។
យោងតាមកាលវិភាគគម្រោង បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតសាងសង់ និងឯកសារពាក់ព័ន្ធដទៃទៀត កីឡដ្ឋានគោកធ្លក និងទីស្នាក់ការកណ្តាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងត្រូវគ្រោងរៀបចំសម្ពោធ បើកការដ្ឋាន និងចាប់ផ្តើមដំណើរការសាងសង់ក្នុងឆ្នាំ២០២៥ និងបញ្ចប់នៅចុងឆ្នាំ២០២៦៕