គ្រឿងទេសមុខម្ហូបខ្មែរដំបូងគេ ដែលផលិតដោយស្នាដៃកូនខ្មែរ កំពុងទទួលបានការគាំទ្រខ្លាំងទាំងក្នុងស្រុក និងហោះទៅក្រៅប្រទេស ខណៈអតិថិជនពោលពាក្យសរសើរមិនដាច់ពីមាត់អំពីគុណភាពស្តង់ដារ និងរសជាតិដើម។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោកស្រី ជិន ភារុន ជាម្ចាស់ស្លាកយីហោ បូព្រឹក្សគ្រឿងទេសខ្មែរ បានលើកឡើងយ៉ាងដូច្នេះថា៖ «គាត់ចង់បង្ហាញទៅបងប្អូនថា ឥឡូវយើងបានផលិតជាគ្រឿងទេសម្ហូបខ្មែរ គ្រឿងផ្សំសម្រាប់ផ្ទះបាយ គឺយើងអាចធ្វើបានទាំងអស់។ គ្រឿងដែលលាយស្រាប់ មិនចាំបាច់ផ្សំអ្វីទៀតទេ។ ឧបមាថា ដូចជាគ្រឿងការី ក្នុងហ្នឹងមានគ្រឿងគ្រប់អស់ហើយ ត្រូវការតែសាច់ បន្លែ ខ្ទីសដូង គឺបានសម្លការីមួយឆ្នាំហើយ។ ចំពោះគោលបំណងនៃការផលិតគ្រឿងនេះ គឺចង់ជួយសម្រួលដល់ការងារផ្ទះបាយដែលបងប្អូនស្ត្រីមិនសូវមានពេលក្នុងការចម្អិន គ្រាន់តែទិញគ្រឿងដែលលាយស្រាប់ៗយកទៅចម្អិន លឿន រហ័ស ហើយសុវត្ថិភាពក្នុងការបរិភោគទៀត»។
អ្វីដែលកាន់តែពិសេស គ្រឿងទេសមុខម្ហូបខ្មែរនេះផលិតឡើងដោយពុំមានដាក់សារធាតុគីមី ឬថ្នាំរក្សាទុកបានយូរឡើយ ពោលគឺធ្វើតាមលក្ខណៈធម្មជាតិ១០០% ម៉្លោះហើយវាមានអាយុកាលត្រឹមរយៈពេល៣ខែ (រក្សាទុកក្នុងទូទឹកកក)។ លោកស្រី ជិន ភារុន បានឲ្យដឹងថា៖ «បើយើងទិញគ្រឿងការីពីក្រៅប្រទេសមកហូប គេប្រាកដជាដាក់សារធាតុរក្សាទុក តែយើងសូម្បីប៊ីចេងក៏អត់ដាក់ដែរ រីឯបរិមាណស្ករប្រើក្នុងកម្រិតតិចតួចបំផុត»។
ក្នុងនោះ គ្រឿងទេសមួយកែវអាចស្លហូបបានចន្លោះពី៨ទៅ១០នាក់ ប្រសិនបើធ្វើអាជីវកម្មអាចធ្វើលក់មួយឆ្នាំងបានចន្លោះពី ៥០ទៅ៦០ចាន។ ម្ចាស់ហាងយីហោឈ្មោះ បូព្រឹក្សគ្រឿងទេសខ្មែរ បានបង្ហើបយ៉ាងដូច្នេះថា៖ «សព្វថ្ងៃយើងមានដៃគូទិញគ្រឿងផ្សំសម្រាប់មុខម្ហូបការី និងខគោជាប្រចាំ គាត់ចំណេញមែនទែន ចំណេញពេលដោយពុំចាំបាច់ទៅរកគ្រឿងអី្វផ្សេងទៀតឡើយ»។
យ៉ាងណាមិញ ត្រឹមរយៈពេលមួយឆ្នាំនៃការចាប់ផ្តើមផលិត និងដាក់លក់ទូលំទូលាយលើទីផ្សារក្នុងរយៈពេលកន្លះឆ្នាំមកនេះ ផលិតផលបូព្រឹក្សគ្រឿងទេសខ្មែរ មិនត្រឹមទទួលបានការគាំទ្រ និងទទួលស្គាល់ពីរសជាតិ គុណភាពក្នុងស្រុកប៉ុណ្ណោះទេ ផលិតផលយីហោខ្មែរមួយនេះ បានជិះយន្តហោះរាយមន្តស្នេហ៍ទាក់ចិត្តកន្លង់ដល់ក្រៅប្រទេសផងដែរ។ លោកស្រី ជិន ភារុន បានលើកឡើងថា៖ «ឥឡូវយើងបាននាំចេញខ្លះៗទៅប្រទេសអង់គ្លេស អាមេរិក កូរ៉េ និងបារាំង។ សម្រាប់ក្នុងស្រុកវិញ បានដាក់លក់ក្នុងផ្សារអូឡាំពិក ផ្សារសម្បូរ ផ្សារអាស៊ី និងក្នុងពេលឆាប់ៗនេះមានលក់នៅ ផ្សារបាយ័ន ផ្សារឡាក់គី ផ្សារថៃហួត និងផ្សារម៉ាក្រូជាដើម។ លោកស្រីបានបន្តទៀតថា៖ «យើងក៏កំពុងតែរៀបចំជាហ្រ្វេនឆាយម៉ាត ដែលជាប្រែនរបស់ខ្មែរឈ្មោះថា បូព្រឹក្សអ៊ីស៊ីម៉ាត បម្រើសេវាកម្ម ២៤ម៉ោង/១ថ្ងៃ និង៧ថ្ងៃ/១សប្តាហ៍ អាចប្រកួតប្រជែងជាមួយម៉ាតដែលយើងនាំហ្រ្វេនឆាយពីក្រៅប្រទេសបាន។ នៅក្នុងម៉ាតនេះយើងមានម្ហូបខ្មែរ ម្ហូនចម្អិនរយៈពេល១នាទីអាចហូបបាន និងធ្វើជូនថ្មីភ្លាមៗជារៀងរាល់ថ្ងៃ»។
លើសពីនេះ ត្បិតចង់ជួយកសិករបន្ថែម លោកស្រី ជិន ភារុន បានចុះទៅទិញកសិផលដូចជា ស្លឹកគ្រៃ រំដេង ដែលជាវត្ថុធាតុដើមនៅចំការដោយផ្ទាល់តែម្តង។ បើត្រូវការស្លឹកគ្រៃ ៣០-៥០គីឡូ គឺកសិករកាត់ឲ្យ ហើយប្រសិនចំការគាត់ផ្គត់ផ្គង់មិនគ្រប់ អ្នកភូមិនៅក្បែរនោះនឹងប្រមូលមកបន្ថែម។ លោកស្រីបានថ្លែងថា៖ «បងប្អូនជួយគាំទ្រផលិតផលខ្មែរនេះ ដូចជាបានជួយជីវភាពរបស់កសិករដែរ ព្រោះពេលយើងទិញស្លឹកគ្រៃពីពួកគាត់ ហ៊ានឲ្យថ្លៃជាងពេលពួកគាត់យកទៅបោះដុំនៅផ្សារធំ។ គាត់លក់ឲ្យគេបានតែ ១គីឡូ ២៥០០រៀលទេ ពេលលក់ឲ្យយើងបានមួយគីឡូ ៣០០០រៀល ទៅ ៤០០០រៀល តាមខែខ្លះគាត់ប្រមូលផលបានតិច អីចឹងយើងឲ្យគាត់លើសអីចឹងទៅ តាមជាក់ស្តែង»។
ជាសារចុងក្រោយ ម្ចាស់ហាងយីហោ បូព្រឹក្សគ្រឿងទេសខ្មែរ បានផ្តាំផ្ញើយ៉ាងដូច្នេះថា៖ «ផលិតផលខ្មែរមានគុណភាព ឥឡូវនេះយើងអាចធ្វើបាន អាចជឿទុកចិត្តបានថា ហូបទៅមិនប៉ះពាល់សុខភាពទេ និងមានរសជាតិឈ្ងុយឆ្ងាញ់»។
លោកស្រីក៏បានសំណូមពរ ក្នុងនាមយើងជាខ្មែរ បេះដូងលោតក្នុងចង្វាក់តែមួយ គួរជួយគាំទ្រផលិតផលនិងយីហោខ្មែរឲ្យបានច្រើន បើអាចជួយផ្សព្វផ្សាយម្នាក់បន្តិចៗកាន់តែប្រសើរ។ ប្រសិនបើយើងយកលុយទៅទិញពុំមែនគ្រាន់តែបានរបស់ឆ្ងាញ់មកហូបទេ វាមានចំណែកស្មើនឹងជួយបង្កើតប្រាក់ខែបងប្អូនជនរួមជាតិ ធ្វើឲ្យកសិករសប្បាយចិត្ត។ យើងពុំអាចដេកចាំរបស់ល្អៗធ្លាក់មកពីលើមេឃទេ ទាល់តែយើងរួមគ្នាកសាង។
គួរជម្រាបផងដែរថា គ្រឿងទេសមុខម្ហូប របស់ បូព្រឹក្សគ្រឿងទេសខ្មែរ ផលិតបាន២រសជាតិហើយគឺ គ្រឿងការី និងខគោ រួមទាំងគ្រោងផលិតគ្រឿង ទឹកគ្រឿង នាចុងខែនេះថែមទៀតផង ដោយក្នុងមួយកែវចំណុះ ៥០០ក្រាម ឬស្មើនឹងកន្លះគីឡូក្រាម មានតម្លៃ២៤០០០រៀល។ កាន់តែពិសេសក្នុងឱកាសនេះ បូព្រឹក្សគ្រឿងទេសខ្មែរ ក៏មានប្រម៉ូសិនទិញ៣កែវ ថែម១កែវ និងដឹកជញ្ជូនក្នុងទីក្រុងភ្នំពេញដោយឥតគិតថ្លៃ។ ប្រសិនបើបងប្អូនចង់គាំទ្រ ឬសាករសជាតិ គ្រឿងទេសមុខម្ហូបខ្មែរនេះ អាចទៅតាមផ្សារទំនើបខាងលើ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១១ ៦៧៦ ៨៦១ ឬឆាតទៅកាន់ Page Facebook ឈ្មោះ បូព្រឹក្សគ្រឿងទេសខ្មែរ (Phnom Penh)៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦