ក្រោយពីខកខានមិនបានធ្វើជាម្ចាស់ផ្ទះអស់រយៈពេលជាង៦០ឆ្នាំ កម្ពុជាក៏មានឱកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ថែមទាំងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អន្តរជាតិ ហើយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះបញ្ចប់ទៅដោយជោគជ័យ។
ក្រោយពីព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២នៅឆ្នាំ២០២៣នៅកម្ពុជាបានបញ្ចប់ទៅ៣ថ្ងៃ លោក Lee Hsien Loong នាយករដ្ឋមន្រ្តីរបស់សិង្ហបុរីបានបង្ហោះសារលើហ្វេសប៊ុកផេករបស់លោកថា” អបអរសាទរដល់ប្រទេសកម្ពុជាសម្រាប់ការធ្វើជាម្ចាស់ផ្ទះយ៉ាងជោគជ័យនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(Sea Game) ឆ្នាំ២០២៣ ហើយក៏ទន្ទេញរងចាំស៊ីហ្គេមបន្ទាប់នៅប្រទេសថៃ”។
អំឡុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាយើងសង្កេតឃើញថាសារព័ត៌មានរបស់សិង្ហបុរីធំៗជាពិសេសសារព័ត៌មាន Channel News Asia តែងតែផ្សព្វផ្សាយពីស៊ីហ្គេមនៅកម្ពុជាដោយសរសើរពីការរៀបចំរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២។
គួរបញ្ជាក់ផងដែរថា ប្រទេសសិង្ហបុរីដែលជាប្រទេសសេដ្ឋកិច្ចធំទី៣នៅអាស៊ានធ្លាប់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមចំនួន៣ដងរួចមកហើយដោយលើទីមួយនៅឆ្នាំ១៩៨៣ លើទី២នៅឆ្នាំ១៩៩៣ និងលើកទី៣នៅឆ្នាំ២០១៥ ហើយឆ្នាំ២០២៩ក៏នឹងធ្វើជាម្ចាស់ផ្ទះម្ដងទៀត។
ដោយឡែកក្រោយពីបញ្ចប់ស៊ីហ្គេមនៅកម្ពុជា ប្រទេសដែលធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣គឺប្រទេសថៃដែលនឹងត្រូវធ្វើនៅចុងឆ្នាំ២០២៥ដោយជ្រើសរើសទីតាំងស៊ីហ្គេមសំខាន់ៗដូចជាទីក្រុងបាងកក ខេត្តឈុនបុរី និងខេត្ត Songkhla ភាគខាងត្បួងប្រទេសថៃ៕