Brown គឺជាយីហោខ្មែរដែលឈរជើង១៥ឆ្នាំរាប់ទាំងការរៀបចំគឺ១៧ឆ្នាំ មានសាខា ចំនួន៤៥កន្លែងនិងមានសហស្ថាបនិកចំនួន៤រូបដោយមាន លោក លីវ ឈួង ជានាយកប្រតិបត្តិការ។
នៅក្នុងបទសម្ភាសន៍ជាមួយចាបក្រហមអមដោយសំឡេងស្រាលៗរបស់នាយកប្រតិបត្តិរូបនេះ លោកបានឱ្យដឹងថា កំហុសរបស់មនុស្សភាគច្រើនដែលធ្វើឱ្យគេបរាជ័យក្នុងការធ្វើអ្វីមួយ គឺដោយសារតែ គិតធំពេកនិងស្មុគស្មាញពេក។
បុរសសម្បុរសរូបនេះបានបញ្ជាក់ថា បើកាលពីចាប់ផ្តើមដំបូងលោកក៏បានគិតធំនិងស្មុគស្មាញដែរ ហើយនេះជាកំហុសមួយដែលលោកមិនចង់ឱ្យអ្នកចង់ចាប់ផ្តើមក្រោយៗដើរជាន់កំហុសនេះទេ។
ហេតុនេះលោកសូមផ្តាំផ្ញើទៅមនុស្សដែលចង់ចាប់ផ្តើមក្តីស្រមៃខ្លួនឯងថា បើចង់ធ្វើអ្វីត្រូវចាប់ផ្តើមធ្វើហើយធ្វើពីអ្វីដែលយើងមានឱ្យល្អបំផុត សូមកុំរង់ចាំភាពល្អគ្រប់គ្រាន់ បើមិនដូច្នេះទេយើងនឹងមិនអាចធ្វើអ្វីបានទេ ហ៊ានធ្វើគឺមានឱកាស ការងារមានខុសមានត្រូវ សំខាន់គឺការកែលម្អបណ្តើរៗលើដំណើររបស់យើង។
ជាក់ស្តែងកាលពីគម្រប់១៥ឆ្នាំនៃការបើកហាងប្រោន លោកបានចែករំលែកអំពីរឿងរ៉ាវខុសៗនៅថ្ងៃចេញរកស៊ីដំបូងរបស់ថៅកែហាងវ័យក្មេងមួយក្រុម។ នៅថ្ងៃបើកហាងដំបូងប្រោនគ្មានបុគ្គលិកច្រើនទេថៅកែហាងត្រូវដុតនំលក់ដោយខ្លួនឯងពីយប់ ប៉ុន្តែចំណេះដុតនំ៣ឆ្នាំដែលទៅរៀនដល់ថៃនិងសិង្ហបុរី បែរជាដុតនំខុសហើយខុសទៀតៗ រហូតអស់ម្សៅដែលតម្រូវប្រើ១សប្តាហ៍ ព្រលឹមឡើងត្រូវដាក់លក់ផ្លែម្នាស់ជំនួសវិញ។
មិនទាន់ចប់ត្រឹមនេះទេ កំហុសជាបន្តបន្ទាប់នៅតែបន្តកើតមានរាល់ពេលដែលចាប់ផ្តើមធ្វើ ពីមួយថ្ងៃទៅមួយថ្ងៃលោក លីវ ឈួង និងសហស្ថាបនិកផ្សេងៗ អាចដុតនំបាននិងមិនខ្លោចទេ ប៉ុន្តែរសជាតិរបស់នំនៅមិនទាន់ជាទីពេញចិត្តរបស់ភ្ញៀវឡើយ ដូច្នេះពេលលក់ឱ្យភ្ញៀវរួចលោកតែងសួរណែនាំមតិពីភ្ញៀវជានិច្ច។
រហូតពេលមួយសួរចំភ្ញៀវជាគ្រូជំនាញផ្នែកនំមកពីប្រទេសជប៉ុន លោកក៏បានសុំឱ្យគេបង្រៀននិងជួយណែនាំលើការកែលម្អជំនាញដុតនំរបស់ហាងប្រោន គ្រូជប៉ុនដែលជាភ្ញៀវប្រោនផងនោះក៏យល់ព្រមបង្រៀនតិចនិកដុតនំមួយយប់ រហូតដល់ជំនាញដុតនំរបស់សហស្ថាបនិកប្រោនបានអភិវឌ្ឍនិងអាចទទួលយកបាន។
ទន្ទឹមនឹងភាពជោគជ័យរបស់ហាងនំប៉័ងនិងកាហ្វេប្រោនសព្វថ្ងៃ មិនមែនជារឿងចៃដ្យននោះទេ ប្រោនអាចក្លាយជាយីហោលេខ១ក្នុងទីផ្សារបាន ដោយសារការដាក់ខ្លួនរៀនសូត្រពីកំហុសខ្លួនឯង ស្តាប់មតិរិះគន់និងស្វែងរកការកែតម្រួវជាប្រចាំ។
ជាការពិតណាស់គ្រប់ការងារមិនមែនមានន័យថា ឱ្យតែយើងត្រៀមខ្លួនរួចរាល់មុន គឺអាចជោគជ័យទាំងស្រុងនោះទេ ត្បិតតែរៀននៅសាលាល្បីៗ៣ឆ្នាំលើជំនាញដុតនំនិងភេសជ្ជៈ ប៉ុន្តែសហស្ថាបនិកប្រោនក៏ត្រូវគេងនៅហាងកាហ្វេរាល់យប់ ចំនួន៣ឆ្នាំដើម្បីអនុវត្តការដុតនំ ដឹកនាំនិងរៀបចំយីហោខ្មែរមួយនេះឱ្យឈរជើងរឹងមាំបានដល់សព្វថ្ងៃដែរ៕
អត្ថបទដោយ៖ ពីង ជូអេង