លោក Simon Cowell ដែលគ្រប់គ្នាស្គាល់ថាជាគណៈកម្មការក៏ដូចជាម្ចាស់កម្មវិធីដ៏ល្បីមួយគឺ America’s Got Talent ពេលនេះបានលក់ផ្ទះតម្លៃ ៥៩ លានដុល្លារនៅតំបន់ Holland Park ក្នុងទីក្រុងឡុងដុងដ៍ ហើយទៅរស់នៅជនបទវិញ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mail Onine កាលពីពេលថ្មីៗកន្លងទៅនេះ។
ចំពោះមូលហេតុលោក Simon ដែលបានប្រាប់ទៅកាន់មិត្តភ័ក្ដិថា គាត់មិនមានអារម្មណ៍សុវត្ថិភាពរស់នៅក្នុងទីក្រុងទៀតទេ ។ មុននឹងសម្រេចចិត្តរើផ្ទះ លោកបានស៊ូទ្រាំនឹងរឿងរ៉ាវជាច្រើនដែលបង្កដោយក្រុមជនពាល បូករួមទាំងការគាស់ផ្ទះយកគ្រឿងអលង្ការសរុបតម្លៃជាង ១ លានដុល្លារទៀតផង ។
លោកបានបន្តថា លោកបានចំណាយប្រាក់ចំនួន ៦៥ ម៉ឺនដុល្លារ ទៅលើសុវត្ថិភាពផ្ទះរបស់គាត់ ប៉ុន្តែកាលពីខែមិថុនា បែរជាមានក្រុមឧក្រិដ្ឋជនបានប្រើឧបករណ៍ដែលអាចដោះសោទ្វាររបស់គាត់ត្រឹមរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ បណ្ដាលឲ្យលោកព្រួយបារម្ភយ៉ាងខ្លាំង ។
តាមប្រភពខាងលើបានឲ្យដឹងថា ទោះបីជាតំបន់ Holland Park មិនសូវមានសុវត្ថិភាពក៏ដោយ ប៉ុន្តែមានបុគ្គលល្បីៗជាច្រើនរស់នៅទីនោះដូចជា David Beckham, Ed Sheeran និង Robbie Williams ជាដើម ហើយសុទ្ធតែផ្ទះថ្លៃៗរហូតដល់ ៦៥ លានដុល្លារឯណោះ ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត