រាជរដ្ឋាភិបាលនាពេលថ្មីៗនេះ បានចេញអនុក្រឹត្យសម្រេចកែប្រែតំបន់ការពារធម្មជាតិឧទ្យានជាតិព្រះសីហនុ «រាម» ទៅជា ឧទ្យានជាតិសមុទ្រព្រះសីហនុរាមវិញ។ ខណៈតំបន់នេះមានផ្ទៃដីសរុបទំហំ ៣៩ ៦៣៤ ហិកតាដែលមានទីតាំងស្ថិតនៅភូមិសាស្រ្ដខេត្ដព្រះសីហនុ និងខេត្ដកំពត។ ដោយក្នុងនោះផ្ទៃដីនៅព្រះសីហនុ ១៩ ៣៤០ ហិកតា និងខេត្ដកំពតចំនួន ២០ ២៩៤ ហិកតា។
យោងតាមអនុក្រឹត្យចេញដោយរាជរដ្ឋាភិបាល បានឲ្យដឹងថា ការកែប្រែតំបន់ការពារធម្មជាតិនេះ គឺដើម្បីលើកកម្ពស់តួនាទី សក្ដានុពល និងកិត្យានុភាពនៃប្រព័ន្ធអេកូឡូស៊ីសមុទ្ររាមឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ថែរក្សាការពារមុខងារប្រព័ន្ធអេកូឡូស៊ីនៃឧទ្យានជាសមុទ្រព្រះសីហនុរាមឲ្យមាននិរន្ដរភាព។ ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសហគមន៍មូលដ្ឋាន និងការរស់នៅដោយចីរភាព។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់ តំបន់ឧទ្យានជាតិសមុទ្រព្រះសីហនុរាម ដោយសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្ដព្រះសីហនុនិងខេត្ដកំពត ដើម្បីធានាដល់ប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងការរស់នៅដោយចីរភាព ស្របតាមបទប្បញ្ញត្ដិនៃច្បាប់ជាធរមាន៕